ចាប់ពីរសៀលនេះតទៅ បងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ មិនថាតែលីគកំពូលកម្ពុជា និងនៅឯតំបន់អឺរ៉ុប សុទ្ធសឹងមានផ្តុំបញ្ចូលនៅគូពិសេស មកប៉ះគ្នាកក្រើកបេះដូងអ្នកគាំទ្រ មុនយុទ្ធនាការរដូវកាលថ្មីឈានចូលមកដល់នៅសប្តាហ៍ក្រោយ។
សម្រាប់ការប៉ះគ្នារវាងគូធំៗនៅអឺរ៉ុប នឹងមានផ្សាយផ្ទាល់លើទំព័រ CTS SPORT កំដរអារម្មណ៍បងប្អូនដល់ទៅជាង ១០ គូឯណោះ នៅចន្លោះថ្ងៃសៅរ៍-អាទិត្យ។ តែយ៉ាងណា យើងសូមធ្វើការច្បិចលើកមកបង្ហាញនូវកាលបរិច្ឆេទជំនួបដណ្ដើមពានរង្វាន់ ៥ ដែលអ្នករាល់គ្នាមិនគួររំលង៖
៥) ពាន FA Community Shield
ជាការប៉ះគ្នារវាងក្លឹបម្ចាស់ជើងឯក FA Cup និង Premier League រដូវកាលចាស់ ហើយនៅឆ្នាំ ២០២២ នេះ គឺ Liverpool កំណត់ប៉ះ Man City នៅឯកីឡដ្ឋាន King Power Stadium នាវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃសៅរ៍ ទី ៣០ កក្កដា។
តាមដឹងពានដែលស្ថិតក្រោមការគ្រប់គ្រងដោយសមាគមបាល់ទាត់អង់គ្លេសខាងលើ ទាំងក្លឹបឈ្នះ និងចាញ់ គឺអាចទទួលបានប្រាក់រង្វាន់ស្មើគ្នា ពោលមួយក្រុម ៦២៥ ០០០ ផោន។ កាលពីឆ្នាំទៅ Leicester City ជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះ ១-០ ទៅលើ Man City។
៤) ពាន Johan Cruyff Shield ឬ Dutch Super Cup
ជាការប្រកួតមួយជើងយកឈ្នះចាញ់ កំណត់ប៉ះគ្នារវាងក្លឹបឈ្នះជើងឯកលីគកំពូលហូឡង់ Eredivisie និង KNVB Cup កាលពីរដូវកាលចាស់។ មុនការបើករដូវកាលថ្មីសារនេះ Ajax មកត្រូវប៉ះ PSV នៅឯកីឡដ្ឋាន Amsterdam Arena នាវេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី ៣១ កក្កដា។
ពានដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ គឺក្លឹប PSV ជាអ្នកឈ្នះច្រើនជាងគេ ដល់ទៅ ១២ លើក រួមទាំងជ័យជម្នះកាលពីឆ្នាំទៅ គ្រាយកឈ្នះ ៤-០ ទៅលើ Ajax។
៣) ពាន DFL-Super Cup
នៅទឹកដីអាល្លឺម៉ង់ឯណោះ ក៏មិនណយ ដោយ RB Leipzig តំណាងឲ្យក្លឹបឈ្នះជើងឯក DFB-Pokal ត្រូវមកប៉ះក្លឹបឈ្នះជើងឯក Bundesliga គឺ Bayern Munich ជួបគ្នារាត្រីនេះ វេលាម៉ោង ០១:៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី ៣១ កក្កដា។ ពាននេះ Bayern ឈ្នះច្រើនជាងគេ ដល់ទៅ ៩ លើក តែនិយាយអំពីប្រាក់រង្វាន់បានទាប ត្រឹមតែ ៤០ ០០០ អឺរ៉ូប៉ុណ្ណោះ។
២) ពាន Euro ផ្នែកនារី
UEFA Euro Championship ប្រចាំឆ្នាំ ២០២២ ផ្នែកបាល់ទាត់បុរស បានទៅលើក្រុមជម្រើសជាតិអ៊ីតាលី ដែលយកឈ្នះទៅលើតោកំណាចអង់គ្លេស ដល់ឥឡូវងាកមកផ្នែកនារី ក៏អង់គ្លេសដដែលឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី ទល់ក្រុមឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ នៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃអាទិត្យទី ៣១ កក្កដា។ អង់គ្លេសអាចមានឱកាសក្លាយជាម្ចាស់ជើងឯក ជាលើកដំបូង ខណៈអាល្លឺម៉ង់ធ្លាប់ឈ្នះដល់ ៨ លើករួចមកហើយ។
១) ពាន Trophee des Champions
ចប់ពីបាល់ទាត់នារីទៅ ប្រិយមិត្តក៏សល់មួយគូធំផ្សេងទៀតកំដរភ្នែក នៅវេលាម៉ោង ០១:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី ០១ សីហា ជាការប៉ះគ្នារវាងក្លឹប Paris Saint-Germain និង Nantes។ នេះជាការដណ្តើមពានរង្វាន់ Trophee des Champions ប្រចាំឆ្នាំ ២០២២។
PSG តំណាងឲ្យ ក្លឹបឈ្នះជើងឯក Ligue 1 រីឯ Nantes តំណាងឲ្យក្លឹបឈ្នះជើងឯកCoupe de France ហើយកាលពីឆ្នាំទៅ Lille គឺជាក្លឹបឈ្នះពាន៕
ប្រភព៖ បរទេស