ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការជ្រើសរើស និងចម្រាញ់រកកីឡាករហ្វ៊ូតសាលសរុប ២០នាក់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងពានរង្វាន់ AFF Futsal Championship 2018 នៅដើមខែវិច្ឆិកាខាងមុខនេះ បច្ចុប្បន្ន ពួកគេកំពុងតែហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីបង្ហាញខ្លួនសារជាថ្មី ឱ្យកម្ពុជា បន្ទាប់ពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ ។
កីឡាករជម្រើសជាតិហ្វូតសាលទាំង ២០នាក់ ត្រូវបានរើសចេញពីតាមបណ្តាក្លិបដែលចូលរួមប្រកួតពានរង្វាន់លីគ Cambodia Futsal ប្រចាំឆ្នាំ ២០១៨ កន្លងទៅ ។
គួរឱ្យដឹងផងដែរថា កម្ពុជា នឹងស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងហ្វីលីពីន ក្នុងពានរង្វាន់ AFF Futsal Championship 2018 ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី ៥ ដល់ទី ៧ ខែ វិច្ឆិកា ខាងមុខនេះ ៕