Man City ប្រកាស​ក្រមា​ឆ្លាតវៃ បង្កប់​ឈីប​ទុក​ស្ទង់​អារម្មណ៍​អ្នក​គាំទ្រ​ពេល​កំពុង​ទស្សនា

ទន្ទឹម​នឹង​ការ​មក​ដល់​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ ក្លឹប​មេឃ​ខៀវ Manchester City ក៏​បាន​ប្រកាស​ចេញ​នូវ​ក្រមា​ឆ្លាតវៃ ដែល​ជា​ផលិតផល​ទើប​បញ្ចប់​ការ​ធ្វើ​តេស្ត​ជោគជ័យ ជា​កិច្ច​សហការ​រវាង​ក្រុមហ៊ុន Cisco។

ក្រមា​នោះ​មាន​បំពាក់​នូវ​ឈីប និង Bisensor ឲ្យ​ឈ្មោះ ‘EmotiBit’ ដោយ​វា​មាន​លក្ខណៈ​ពិសេស អាច​ស្ទាបស្ទង់​ដឹង​ពី​កម្តៅ​រាងកាយ ចង្វាក់​បេះដូង និង​ការ​ឆ្លើយតប​នៃ​អារម្មណ៍​អ្នក​គាំទ្រ ពេល​ដែល​ប្រើប្រាស់​វា​មក​លើ​ដង​ខ្លួន កំឡុង​ពេល​ទស្សនា​បាល់ទាត់​ក្នុង​កីឡដ្ឋាន។ ដំណើរការ​នេះ ក្លឹប​ធ្វើ​ឡើង​ដើម្បី​ចង់​ដឹង​ពី​អារម្មណ៍​អ្នក​គាំទ្រ​របស់​ខ្លួន ថា​ឡើង​ចុះ​បែប​ម៉េច នៅ​រាល់​ការ​ឃើញ​សកម្មភាព​នានា​លើ​ទីលាន។

មិន​មាន​ការ​បញ្ជាក់​ច្បាស់​ថា​ ក្រមា​ឆ្លាតវៃ​មួយ​នោះ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប៉ុន្មាន ឬ​ជា​ការ​បន្ថែម​ក្នុង​កញ្ចប់​ណា​មួយ​ទេ តែ​មិន​ត្រឹម​ប្រើ​សម្រាប់​ក្លឹប​អង់គ្លេស City ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​នឹង​ផ្តល់​ឲ្យ​អ្នក​គាំទ្រ​នៃ​ក្លឹប​សម្ព័ន្ធ New York City នៅ​ឯ​សហរដ្ឋអាមេរិក​ផង​ដែរ។

សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​បាន​ចុះ​ផ្សាយ​បែប​នេះ៖ “អស់​រយៈ​ពេល​ជាង ១០០ ឆ្នាំ ក្រមា​ត្រូវ​បាន​ប្រើប្រាស់​ជា​អត្តសញ្ញាណ​មួយ​របស់​អ្នក​គាំទ្រ​បាល់ទាត់ ហើយ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ វា​ជា​របស់​ដែល​អាច​ដឹង​នៅ​ការ​ឡើង​ចុះ​កម្តៅ​ខ្ពស់​ទាប សម្ពាធ​ឈាម ញើស និង​ទឹក​ភ្នែក​របស់​អ្នក​គាំទ្រ​ទាំង​ឡាយ ឥឡូវ​នេះ​យើង​រួម​គ្នា​ជាមួយ Cisco យើង​នឹង​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ថ្មី ដែល​អាច​ឲ្យ​ក្រមា​មួយ​នេះ យល់​ច្បាស់ និង​ស្ទាបស្ទង់​ដឹង​នូវ​អារម្មណ៍​ទាំង​ឡាយ​របស់​អ្នក​គាំទ្រ នៅ​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT