ក្រោយ​អស់​ឱកាស Navas អាច​នឹង​ងាក​ចេញ​ពី​បារាំង ផ្លាស់​ទៅ​ក្លឹប​ថ្មី​នៅ​ឯ​អ៊ីតាលី

Keylor Navas ​មិន​បាន​ឈរ​ឈ្មោះ​ជា​អ្នកចាំទី​ដៃ​ទី​មួយ​នោះ​ទេ ពោល​គឺ Gianluigi Donnarumma បន្ត​ជាប់​ឈ្មោះ​ដដែល បើ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី លោក Christophe Galtier។ ហេតុ​នេះ​ក៏​បង្ខំ​ចិត្ត​ឲ្យ​កីឡាករ​សញ្ជាតិ​កូស្តារីកា រំអុក​ចង់​ចាកចេញ​ពី​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ហើយ​ទ្រនំ​នៅ​ឯ​ទឹកដី​អ៊ីតាលី អាច​ជា​គោលដៅ​អាទិភាព។

កីឡាករ​វ័យ ២៥ ឆ្នាំ សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ខណៈ​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​តែ​ល្បាក់ ៨ លាន​អឺរ៉ូ។ ក្លឹប​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ចរចា គឺ Napoli ហើយ​តម្លៃ​ផ្ទេរ​មិន​ជា​បញ្ហា តែ​ទាស់​ត្រង់​តម្លៃ​ពលកម្ម កីឡាករ​ខាង​លើ​ហាក់​បន្ត​ចង់​បាន​ខ្ពស់​ជ្រុល ទើប​នាំ​ឲ្យ​ការ​ជជែក​រវាង​ភាគី​សង​ខាង ត្រូវ​បន្ថែម​ការ​អូស​បន្លាយ​ពេល។ នេះ​បើ​តាម​សារព័ត៌មាន Corriere dello Sport បាន​ចុះ​ផ្សាយ។

ខាង Navas ចង់​បាន​ប្រាក់​ឈ្នួល មួយ​រដូវ​កាល​ជាង ៧ លាន​អឺរ៉ូ ជា​ទំហំ​ខ្ពស់​ក្រាស់ក្រែល សម្រាប់​ក្លឹប​គីឡូ​មធ្យម ដែល​មិន​សូវ​ចាយ​លុយ​ដូច​ជា Napoli។ យ៉ាង​ណា​បើ​ការ​ចរចា​មិន​សម្រេច នោះ​ក្លឹប​អាច​ជា​បង្វែរ​ទៅ​គោលដៅ​មួយ​ផ្សេង​ទៀត គឺ​ជាមួយ Kepa Arrizabalaga ដែល​លែង​ជា​ចំណែក​សំខាន់​ដូច​គ្នា ឲ្យ​ក្លឹប​តោ​ខៀវ Chelsea ហើយ​បើ​និយាយ​ពី​ប្រាក់​ឈ្នួល ក៏​កីឡាករ​អេស្ប៉ាញ នឹង​ទាមទារ​ទាប​ជាង​កីឡាករ​កូស្តារីកា​ផង​ដែរ៕

ប្រភព៖ CdS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT