Ronaldo នៅតែមិនប្ដូរចិត្ត មកសុំ Man Utd ចាកចេញដដែល

ខ្សែប្រយុទ្ធ Cristiano Ronaldo បានត្រលប់មក Old Trafford វិញមែន ប៉ុន្តែការមកចរចាលើកនេះរូបគេនៅតែចង់ចាកចេញពីក្រុមបិសាចក្រហម Manchester United ដដែល។

ប៉ុន្មានថ្ងៃមកនេះ គេបានប្រទះឃើញ Ronaldo ត្រលប់មកអង់គ្លេសវិញហើយ ប៉ុន្ដែការធ្វើដំណើរនោះក៏គេប្រទះឃើញមានភ្នាក់ងារទីផ្សាររបស់គេ Jorge Mendes មកជាមួយផងដែរ។ ការនាំភ្នាក់ងារទីផ្សារមកនេះដែរ ក៏ព្រោះតែការត្រលប់មក Man Utd លើកនេះ គឺ Ronaldo មកចរចាដើម្បីចាកចេញដដែលទេ។ ពោលគឺមិនមែនមកដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមត្រៀមរដូវកាលថ្មីឡើយ។

ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាកីឡាករវ័យ៣៧ឆ្នាំខាងលើបានស្នើទៅថ្នាក់ដឹកនាំក្រុមបិសាចក្រហមឱ្យផ្ដាច់កុងត្រារបស់គេនៅឆ្នាំចុងក្រោយនេះចោលទៅ។ បើទោះជាទទួលបានតម្លៃពលកម្មដល់ ៣៦០ ០០០ផោនក្នុង១សប្ដាហ៍ក៏ពិតមែន ប៉ុន្តែ Ronaldo នៅតែចង់ចាកចេញដដែល។ រូបគេចង់បានឱកាសលេងក្នុងពានរង្វាន់ UEFA Champions League មិនមែនលីគលំដាប់ទី២ Europa League ឡើយ។

តែយ៉ាងណា ក្រុមការងាររបស់លោក Erik ten Hag នៅតែមិនព្រមលក់គេ ឬឱ្យដើរចេញដដែល។ ពួកគេនៅតែចាត់ទុក Ronaldo ជាផ្នែកមួយដែលស្ថិតក្នុងគម្រោងសម្រាប់រដូវកាលថ្មីទៀត៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT