តារា​ល្បី​លើ​វិស័យ​ធំៗ​ ៥ រូប​នេះ ស្រលាញ់​គាំទ្រ​ក្លឹប​បាល់ទាត់​ណា​មួយ?

បាល់ទាត់​ជា​កីឡា​មួយ​ប្រភេទ ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ទូទាំង​សកលលោក មិន​ថា​តែ​ក្មេង​ចាស់​ប្រុស​ស្រី ឬ​សូម្បី​លោក​តា​លោក​យាយ​មួយ​ចំនួន ក៏​បន្ត​ជា​អ្នក​គាំទ្រ​បាល់ទាត់ ខ្លះ​ដាំ​ខ្ទឹម​ចាំ​ស្រែក​ហ៊ោ​តែងតែ​ពី​នៅ​ក្មេង​វ័យ។

ដោយឡែក​ងាក​មក​ចំណូល​ចិត្ត​តារា​ល្បី​ឈ្មោះ​ទាំង ៥ រូប​នេះ​វិញ តើ​ពួក​គាត់​ជា​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់​ណា​ខ្លះ?

៥) Daniel Craig តួ​អង្គ James Bond

តារា​សម្ដែង​ក្នុង​ភាពយន្ត James Bond លោក Daniel Craig ក៏​ជា​អ្នក​គាំទ្រ​បាល់ទាត់​មួយ​រូប​ដែរ ហើយ​ក្លឹប​ដែល​លោក​ស្រលាញ់ គឺ​ហង្ស​ក្រហម​ Liverpool។

ជា​ញឹកញយ​គេ​តែង​ប្រទះ​ឃើញ​បុរស​សញ្ជាតិ​អង់គ្លេស​រូប​នេះ មក​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ នៅ​ឯ​កីឡដ្ឋាន Anfield។ បុរស​វ័យ ៥៤ ឆ្នាំ​ធ្លាប់​និយាយ​ថា៖ “ពេល​ខ្ញុំ​ដើរ​ចូល​កីឡដ្ឋាន Anfield វា​ធ្វើ​ឲ្យ​ខ្ញុំ​ហាក់​ដក់​ជាប់​អារម្មណ៍​នៅ​ទី​នោះ ជា​រួម​ទៅ ទីលាន​នៃ​ក្លឹប​ដទៃ គឺ​មិន​ដូច​ Anfield នោះ​ឡើយ”។

៤) អតីត​តារា​សម្តែង​រឿង​ក្តៅ​សាច់ Mia Khalifa

តារា​ស្រី​វ័យ ២៩ ឆ្នាំ ក៏​ជា​អ្នក​គាំទ្រ​បាល់ទាត់​មួយ​រូប​ដូច​គ្នា ហើយ​ក្លឹប​ដែល​នាង​ស្រលាញ់​ពេញចិត្ត​បំផុត​នោះ គឺ​ជា​ញញួរ​ធំ West Ham United។ Khalifa ជានិច្ច​កាល​បាន​បង្ហោះ​រូបភាព ពាក់​អាវ​ពណ៌​ឈាម​ជ្រូក​របស់​ក្លឹប West Ham នៅ​លើ​គណនី Instagram។

៣) តួ​អង្គ Spider-Man លោក Tom Holland

អ្នក​និយម​ទស្សនា​ខ្សែ​ភាពយន្ត​បុរស​ពីងពាង ប្រាកដ​ណាស់ ពិត​ជា​បាន​ស្គាល់​ច្បាស់​នៅ​ឈ្មោះ Tom Holland ហើយ​បើ​ផ្សារភ្ជាប់​មក​ក្នុង​វិស័យ​កីឡា​បាល់ទាត់ បុរស​សញ្ជាតិ​អង់គ្លេស គឺ​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​របស់​ក្លឹប Tottenham Hotspur។

កន្លង​ទៅ Holland ក៏​ធ្លាប់​បង្ហាញ​ការ​ស្រលាញ់​អស់​ពី​បេះដូង នៅ​ខាង​ក្រៅ តាម​រយៈ​ការ​ថត​រូប​ជាមួយ Son Heung-min។ នៅ​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ២០២១ លោក​និយាយ​ថា៖ “ខ្ញុំ​ចង់​ឃើញ Spurs និង Brentford ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ Champions League ព្រោះ​លោក​ពូ​ខ្ញុំ ជា​អ្នក​គាំទ្រ​ក្លឹប Brentford ហើយ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ក្លឹប Spurs”។

២) តារា​ចម្រៀង​ស្រី Rihanna

តារា​ស្រី​មាន​ទ្រព្យ​ខ្ទង់​ពាន់​លាន​ដុល្លារ រមែង​ចាយ​លុយ​ធ្វើ​ដំណើរ​មក​ទស្សនា​ដោយ​ផ្ទាល់ ដល់​កីឡដ្ឋាន​ក្នុង​ទីក្រុង Turin ដើម្បី​តែ​គាំទ្រ​ក្លឹប​បាល់ទាត់​ខ្លួន​ស្រលាញ់​អស់​ពី​បេះដូង នោះ​គឺ​សេះ​បង្កង់ Juventus។

ប៉ុន្មាន​ម្តង​ហើយ ធ្លាប់​ឃើញ​តារា​ស្រី​វ័យ​ ៣៤ ឆ្នាំ​ខាង​លើ បង្ហោះ​រូបភាព​កាន់​អាវ​ឆ្នូត​ស​ខ្មៅ របស់​ Juventus អម​ជាមួយ​នឹង​ឈ្មោះ “Riri”។ នេះ​កំពុង​បង្ហាញ​យ៉ាង​ច្បាស់​ថា បាល់ទាត់​ពិត​ជា​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ទូទាំង​សកលលោក មិន​ថា​អ្នក​នោះ​ជាតិសាសន៍​អ្វី នៅ​ប្រទេស​ណា មាន​មុខងារ​ខ្ពស់​ទាប​បែប​ណា ក៏​នៅ​តែ​មាន​ចិត្ត​និង​គោលដៅ​តែ​មួយ គឺ​ដើម្បីតែមក​ទស្សនា​បាល់ទាត់។

១) អ្នក​កីឡាកាស​ Rey Mysterio

បុរស​លាក់​មុខ​លើ​សង្វៀន​កីឡាកាស ដែល​ជាប់​រហស្សនាម “619” គឺ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់​ក្លឹប Manchester United។ នៅ​ឆ្នាំ ២០១៨ Rey ធ្លាប់​ទៅ​ទស្សនា​កីឡដ្ឋាន Old Trafford ដោយ​ផ្ទាល់ ហើយ​បាន​លាន់​មាត់​ថា៖ “នេះ​ក្តី​ស្រមៃ​របស់​ខ្ញុំបាន​ក្លាយ​ជា​ការ​ពិត​ហើយ”។

រួច​ក្រោយៗ​មក Rey ក៏​ធ្លាប់​បាន​ទៅ​ជួប​កីឡាករ​បិសាច​ក្រហម​ប៉ុន្មាន​លើក​ដែរ ពេល​ក្រុម​ទៅ​ចូលរួម​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក។ ចុះ​អ្នក​ដែល​កំពុង​អាន​នេះ​វិញ តើ​ជា​អ្នក​គាំទ្រ​ក្លឹប​ណា​មួយ​ទៅ?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT