Ajax យក​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី នាំ​ឲ្យ​ភាគរយ​ផ្ទេរ​ចេញ Antony ទៅ Man Utd ឡើង​កាន់​តែ​ខ្ពស់

ក្លឹប Ajax បាន​ប្រកាស​ផ្លូវការ អំពី​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ថ្មី ហើយ​គេ​ជឿ​ថា នេះ​ជា​ចេតនា​ក្លឹប​នាំ​យក​មក​បំពេញ​កន្លែង Antony ដែល​ជឿជាក់​ប្រាកដ​នឹង​ត្រូវ​របូត​ទៅ​ឲ្យ​ក្លឹប​ដទៃ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នោះ​គឺ​ក្លឹប​យក​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប Francisco Conceicao ចេញ​ពី​ FC Porto នៅ​តម្លៃ​ផ្ទេរ ៥ លាន​អឺរ៉ូ។

កីឡាករ​លេង​តំណែង​ស្លាប​ស្តាំ វ័យ ១៩ ឆ្នាំ​ខាង​លើ បាន​ព្រមព្រៀង​កុងត្រា​ថ្មី​សន្លាង​រយៈ​ពេល ៥ ឆ្នាំ​នៅ Ajax ដែល​នេះ​គេ​ហ៊ាន​សន្មត​ថា​ជា​គ្រាប់​ពេជ្រ​ពន្លក​ថ្មី ក្លឹប​ត្រៀម​បណ្តុះ​ឲ្យ​រីកចម្រើន​ដូច Antony ដែល​ត្រៀម​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប Man Utd នៅ​តម្លៃ​ខ្ពស់​មហាសាល។ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​អាជីព ៣៣ ប្រកួត គេ​រក​បាន ៣ គ្រាប់​និង Assist ២ លើក។

ងាក​ទៅ​ចចាមអារ៉ាម Antony ឯ​ណោះ​វិញ គេ​អាច​ជា​មាន​តម្លៃ​ផ្ទេរ​ចន្លោះ ៥០ លាន​ផោន ហើយ​បើ​ទៅ​ចុះចូល​នៅ Old Trafford នោះ​ភាគរយ​ជាប់​ជម្រើស​ដំបូង ក៏​មាន​ខ្ពស់ ព្រោះ​មាន​អ្នកចាត់ការ​លោក Erik ten Hag នៅ​ឈរ​ជើង​ស្រាប់។ រំឭក​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ស្ថិតិ​កាល​នៅ​ក្លឹប​ហូឡង់​រដូវ​កាល​មុន ធ្វើ​បាន​ល្អ​គួរ​សម ដោយ​បង្ហាញ​ខ្លួន ៣២ ប្រកួត រក​បាន ១២ គ្រាប់​និង Assist ១០ លើក៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT