តួ​លេខ​លក់​អាវ Dybala ឡើង​ខ្ពស់ ដល់​បំបែក​កំណត់ត្រា​អាវ​លេខ ៧ របស់ Ronaldo

ការ​ផ្ទេរ Paulo Dybala ទៅ​កាន់​ក្លឹប AS Roma សារ​នេះ ហាក់​នាំ​ឲ្យ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជា​ពិសេស​អ្នក​គាំទ្រ​ក្លឹប​អ៊ីតាលី​ផ្ទាល់​ក៏​មាន​ការ​សាទរ​ជា​ពន់ពេក ហើយ​សម្រុក​ទៅ​ទិញ​អាវ​កីឡាករ​អាហ្សង់ទីន ដែល​ទើប​បើក​លក់​ថ្មីថ្មោង។

តួ​លេខ​លក់​ចេញ​អាវ Dybala ភ្ជាប់​លេខ ២១ ខាង​ក្រោយ លក់​ចេញ​ដល់​ទៅ ៥៣០ ០០០ អាវ​នៅ​រយៈ​ពេល ២៤ ម៉ោង​ដំបូង នេះ​នាំ​មុខ​កំណត់ត្រា​ចាស់​របស់ Cristiano Ronaldo ដែល​លក់​បាន​តែ ៥០០ ០០០ អាវ​ប៉ុណ្ណោះ គ្រា​ផ្លាស់​ទៅ​ក្លឹប Juventus ថ្មីថ្មោង កាល​ពី​ឆ្នាំ ២០១៨។ នេះ​បើ​តាម​សារព័ត៌មាន Corriere dello Sport បាន​ចុះ​ផ្សាយ។

រំឭក​ឲ្យ​ដឹង​ថា Dybala តាម​ពិត​ទៅ អាច​ទទួល​បាន​អាវ​លេខ ១០ ជា​លេខ​ពិសេស​ក្លឹប​ផ្តល់​ឲ្យ ដ្បិត​បើ​អតីតកាល​ជា​លេខ​អាវ​របស់​វីរបុរស Totti។ យ៉ាង​ណា​កីឡាករ​បាន​បដិសេធ​មិន​ទទួល​យក ហើយ​សម្រេច​ជ្រើស​យក​អាវ​លេខ ២១ ដោយ​គិត​ថា ចាំ​ពេល​បន្ទាប់ សឹម​ផ្លាស់​មក​យក​លេខ​អាវ​ ១០ ក៏​មិន​ហួស​ពេល។ ស្ថិតិ​កាល​នៅ​ក្លឹប​ចាស់​សេះ​បង្កង់ បង្ហាញ​ខ្លួន​សរុប​ច្រើន​ជាង ៣០០ ប្រកួត រក​បាន ១២២ គ្រាប់​និង Assist ៤៩ លើក៕

ប្រភព៖ Corriere dello Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT