រឿង​នេះ​មិន​ចង់​ក៏​ត្រូវ​តែ​ធ្វើ​តាម ដរាប​ណា Ronaldo នៅ​ជាប់​កុងត្រា​ជា​កីឡាករ Man Utd

Cristiano Ronaldo បាន​ត្រលប់​មក​កាន់​ទីក្រុង Manchester វិញ​ហើយ តែ​បើ​ទោះ​បី​មាន​ចេតនា​ចង់​មក​ចរចា​យក​លទ្ធផល​សម្រេច អំពី​គោលបំណង​ចង់​ចាកចេញ ក៏​ក្លឹប​នៅ​តែ​តម្រូវ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​ត្រូវ​អនុវត្ត​ទៅ​តាម​គោលការណ៍​ជា​កីឡាករ​អាជីព​ជាប់​កុងត្រា​ជា​ចាំ​បាច់ ពោល​ទាំង​ការ​ហ្វឹកហាត់ ក៏​ដូច​ជា​ការ​ចូលរួម​ប្រកួត​មួយ​ចំនួន​នា​ពេល​ខាង​មុខ។

បើ​តាម​សារព័ត៌មាន AS ចុះ​ផ្សាយ​ថា ដំណើរការ​ចរចា​ក្លឹប​ថ្មី​បែប​ណា ត្រូវ​ទុក​មួយ​ឡែក ដ្បិត​បើ​កាលបរិច្ឆេទ​បិទ​ទីផ្សារ ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ១ ​កញ្ញា។ សំខាន់​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​សិន ពោល​ត្រូវ​តែ​ត្រលប់​មក​ហ្វឹកហាត់​ដូច​ដើម ឲ្យ​គ្រប់​លក្ខណៈ​ជា​កីឡាករ​អាជីព ១០០ ភាគរយ ហើយ​ប្រកួត​កម្តៅ​សាច់ដុំ ឬ​មិត្តភាព​នៅ​ពេល​ខាង​មុខ បើ​គ្រូ​កោះហៅ​គឺ​ត្រូវ​តែ​ចូល​លេង។

រំឭក​ថា ប្រកួត​បន្ទាប់​ពីរ​នៅ​ចុង​សប្តាហ៍ គឺ United ត្រូវ​លេង​ទល់​ក្លឹប Atletico Madrid និង Rayo Vallecano នា​ថ្ងៃ​សៅរ៍-អាទិត្យ​ជាប់​គ្នា ដូច្នេះ​កីឡាករ​វ័យ ៣៧ ឆ្នាំ អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រកួត​មួយ​ក្នុង​ចំណោម​នោះ​ក៏​ថា​បាន។ ស្រប​ពេល​ស្ថានភាព​ដោះដូរ នៅ​ព្រឹក​មិញ​នេះ ខាង​ក្លឹប Atletico Madrid មួយ​ផ្សេង​ទៀត បាន​ប្រកាស​ដក​ខ្លួន ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ចរចា​អ្វី​ទាំង​អស់​រវាង CR7 ដូច្នេះ​ជម្រើស​ក្លឹប​ចុង​ក្រោយ ២ ដែល​សេសសល់​មាន​តែ Sporting CP និង Chelsea តែ​ប៉ុណ្ណោះ​ឯង៕

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT