តារា​ឆ្នើម​ក្លឹប Bayern Munich សារភាព​ចំៗ ថា​តាំង​ពី​តូច​មក​ខ្លួន​ជា​អ្នក​គាំទ្រ Chelsea

Chelsea ជា​ក្លឹប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន នៅ​ពេល​ចុង​ក្រោយ ជា​ពិសេស​ក្រោយ​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League នៅ​រដូវ​កាល ២០១៩/២០។ ទោះ​ជា​យ៉ាង​ណា​ស្ថានភាព​ចុង​ក្រោយ​មិន​សូវ​ជា​ល្អ បន្ទាប់​ពី​មាន​រឿងរ៉ាវ​ការ​បង្ខំ​ចិត្ត​ចុះចេញ​របស់​ម្ចាស់​ក្លឹប​ សញ្ជាតិ​រុស្ស៊ី លោក Roman Abramovich និង​ជំនួស​ដោយ​មេ​ថ្មី ជា​សេដ្ឋី​អាមេរិក លោក Todd Boehly។

ដោយឡែក​ងាក​មក​រឿងរ៉ាវ​អត្ថបទ​នេះ យើង​បង្ហាញ​កីឡាករ​របស់ Bayern Munich ដែល​ជា​អ្នក​គាំទ្រ​ក្លឹប​ម្ចាស់ដី Stamford Bridge តាំង​តែ​ពី​នៅ​តូច ហើយ​សារភាព​ចំៗ​កន្លង​ទៅ បើ​ទោះ​បី​ពេល​នេះ កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​អាល្លឺម៉ង់​ក្តី។ នោះ​គឺ ខ្សែ​ការពារ​ស្លាប​ Alphonso Davies។

បុរស​វ័យ ២១ ឆ្នាំ សញ្ជាតិ​កាណាដា បាន​ឆ្លើយ​នឹង​សំណួរ សួរ​ថា​តើ​ក្លឹប​នៅ​អង់គ្លេស​ណា​មួយ ដែល​លោក​ស្រលាញ់​គាំទ្រ​បំផុត? ស្រាប់​តែ Davies ឆ្លើយ៖ “ខ្ញុំ​ធំធាត់​ឡើង តែងតែ​មើល​ការ​ប្រកួត​របស់ Chelsea ដូច្នេះ​ចម្លើយ​គឺ​ប្រាកដ​ជា ក្លឹប Chelsea ហើយ”។

រំឭក​ថា Davies នៅ​តែ​បន្ត​ជា​ចំណែក​សកម្ម ក្រោម​ការ​ដឹកនាំ​របស់​លោក Julian Nagelsmann ហើយ​បើ​សរុប​ការ​បង្ហាញ​ខ្លួន ១១៥ ប្រកួត​ឲ្យ Bayern គេ​រក​បាន ៥ គ្រាប់​និង Assist ១៨ លើក។ សុពលភាព​កុងត្រា កីឡាករ​ខាង​លើ សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ដូច​នេះ​យើង​នឹង​រង់ចាំ​មើល តើ​ពេលវេលា​ទៅ​មុខ គេ​អាច​នឹង​ផ្សារភ្ជាប់​ទៅ​កាន់​ក្លឹប​នៅ​ឯ​អង់គ្លេស​ឬ​អត់ ព្រោះ​ចុងក្រោយ​ក៏​ល្ហិចល្ហៀង​ក្រុម​លោក Thomas Tuchel ត្រៀម​នឹង​វ៉ៃ​ចេញ Marcos Alonso ជា​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ផង​ដែរ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT