De Jong នឹង​ព្រម​ដើរ​ចេញ​តាម​សំណើ​ Barca តែ​លុះត្រា​ផ្ទេរ​ទៅ​ក្លឹប​នេះ មិនមែន Man Utd

ក្លឹប Barcelona ហាក់​ព្យាយាម​បង្ខំ​ចង់​ឲ្យ Frenkie de Jong ចាកចេញ​ទៅ ព្រោះ​ដើម្បី​លក់​យក​លុយ​មួយ​ចំនួន​បង្វិល​ចូល​ក្លឹប តែ​យ៉ាង​ណា​កីឡាករ​មិន​បាន​គិត​ធូរ និង​យល់​ស្រប​លឿនៗ​តាម​សំណើ​ក្លឹប​ចង់​បាន​នោះ​ទេ។ ដូច​ជា​ការ​ផ្ទេរ​ទៅ Man Utd បើ​ខ្សែ​បម្រើ​ហូឡង់​ឆ្លើយ “Yes” ម្ល៉េះ​ការ​ចរចា​នឹង​សម្រេច​តាំង​ពី​យូរ តែ​នេះ​មក​ពី​ក្លឹប​មេ​ព្រម តែ​កូន​ចៅ​ជា​កីឡាករ​បដិសេធ។

យ៉ាង​ណា​បើ​តាម​សារព័ត៌មាន SPORT ចុះ​ផ្សាយ​ថា ឥឡូវ De Jong បើក​ចិត្ត​ព្រម​ដើរ​ចេញ​ពី​ក្លឹប​អេស្ប៉ាញ​ហើយ តែ​លុះត្រា​ណា​បាន​ទៅ​ចុះចូល​នៅ​ក្លឹប​តោ​ខៀវ Chelsea។ នេះ​ជា​ក្លឹប​តែ​មួយ​គត់ ដែល​គេ​ព្រម​ចាកចេញ​ទៅ ប្រសិន​ជា​ក្លឹប​ពិត​ជា​ប្រញាប់​ចង់​បាន​លុយ​ពិត​មែន តែ​បើ​ឲ្យ​ផ្លាស់​ទៅ United គឺ​សុំ​បន្ត​ឆ្លើយ “No” ដូច​មុន។

រំឭក​ឲ្យ​ដឹង​ថា ក្លឹប Barcelona បើ​ទោះ​បី​ត្រូវ​លក់​ចេញ De Jong នៅ​តម្លៃ​ខ្ពស់​ជាង ៥០ លាន​អឺរ៉ូ តែ​ងាក​ទៅ​មើល​ថ្លៃ​ពលកម្ម តាម​ចចាមអារ៉ាម​កន្លង​មក នៅ​ជាប់​ជំពាក់​កីឡាករ ២០ លាន​អឺរ៉ូ មិន​ទាន់​សង​ដាច់​ផង។ កីឡាករ​វ័យ ២៥ ឆ្នាំ នៅ​ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​ហើយ​ស្ថិតិ​រដូវ​កាល​ចាស់ បង្ហាញ​ខ្លួន ៤៥ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៥ លើក៕

ប្រភព៖ SPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT