Ronaldo នឹងត្រលប់ចូលរួមជាមួយ Man Utd វិញ

ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រលប់ចូលរួមជាមួយសមាជិកក្រុមបិសាចក្រហម Manchester United វិញក្នុងពេលឆាប់ៗនេះ ដើម្បីមកចរចាជាមួយលោក Erik ten Hag ផ្ទាល់តែម្ដង។

តាមគម្រោងនៅល្ងាចនេះ Ronaldo នឹងចូលរួមហ្វឹកហាត់ជាមួយសមាជិកក្រុមដទៃទៀត ដែលទើបសម្រាកក្រោយពីចប់ការប្រកួតមិត្តភាពនៅអាស៊ីក្នុងប្រទេសថៃ និងអូស្ត្រាលី។ ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំខាងលើបានខកខានចូលហ្វឹកហាត់ជាមួយក្រុម៣សប្ដាហ៍មកហើយ ក្រោយពីមានដំណឹងថារូបគេចង់ចាកចេញពី Old Trafford ដើម្បីរកក្លឹបថ្មីលេង។ រហូតដល់មានក្លឹបជាច្រើនបានបដិសេធមិនទិញកំពូលខ្សែប្រយុទ្ធឆ្នើមខាងលើនេះទេ។

ជាមួយគ្នានេះដែរ បើតាមសម្ដីរបស់លោក Ten Hag កន្លងមក លោកចង់រក្សា Ronaldo នៅក្នុងក្រុម ព្រោះគម្រោងរបស់លោកនារដូវកាលថ្មីនេះក៏មានវត្ដមានរបស់គេត្រូវចូលជួយផងដែរ។ តែការចង់ចាកចេញរបស់អតីតកីឡាករ Real Madrid និង Juventus នេះ ក៏ព្រោះតែ Man Utd ឆ្នាំក្រោយមិនបានលេងពានរង្វាន់ UEFA Champions League នោះទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT