អ្នក​ទាប​ល្មមៗ មិន​ហ៊ាន​ស្រមៃ នេះ​ការ​លោត​បញ្ចប់​ទី​ខ្ពស់​បំផុត​ទាំង ៤ របស់ Ronaldo

នៅ​តំណែង​ជា​ខ្សែ​ប្រយុទ្ធ សម្រាប់ Cristiano Ronaldo ផ្ដោត​សំខាន់​បំផុត ទៅ​លើ​ការ​រក​គ្រាប់​បាល់ ហើយ​ការ​បញ្ចប់​ទី​របស់​លោក ជា​រឿយៗ​កើត​ចេញ​ពី​ថ្វី​ជើង​ទាំង​សង​ខាង តែ​ក៏​មាន​ពេល​ខ្លះ​ធ្វើ​បាន​ដោយ​ការ​ប្រើ​ក្បាល​តែត​បញ្ចូល​ទី។

គុណភាព​ការ​លោត​តែត​បញ្ចប់​ទី ក៏​អរគុណ​ទៅ​ដល់​កម្ពស់​អំណោយ​ទាន​ពី​ធម្មជាតិ ១,៨៧ ម៉ែត្រ ដែល Ronaldo ទទួល​បាន និង​បច្ចេកទេស​ខិតខំ​ហ្វឹកហាត់​ទាំង​យប់​​ថ្ងៃ ដល់​រក​បាន​គ្រាប់​បាល់​តាម​រយៈ​ការ​តែត​ច្រើន​ជាង ១០០ គ្រាប់​ក្នុង​អាជីព។ ខាង​ក្រោម CTS SPORT ធ្វើ​ការ​បង្ហាញ​កំណត់ត្រា​លោត​តែត​បញ្ចប់​ទី ខ្ពស់​បំផុត​ដែល CR7 ធ្លាប់​ធ្វើ​បាន​ទាំង ៤ លើក៖

៤) ទល់​ជម្រើស​ជាតិ​វែល

នៅ​ឆ្នាំ​មាស ២០១៦ ដែល​ព័រទុយហ្គាល់ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន Euro មុន​នោះ នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ Cristiano Ronaldo ក៏​ជា​ចំណែក​រក​បាន​គ្រាប់​បាល់ ជួយ​ក្រុម​យក​ឈ្នះ​ទៅ​លើ​នាគ​ក្រហម​វែល ២-០។

គ្រាប់​បាល់​នៅ​នាទី ៥០ ពេល​នោះ ម្ចាស់​អាវ​លេខ ៧ លោត​នៅ​កម្ពស់ ២,៤២ ម៉ែត្រ នេះ​បើ​យើង​វាស់​ប្រវែង​ពី​ដី មក​ដល់​ចុង​ក្បាល ផុត​អស់​បណ្តុំ​ខ្សែ​ការពារ​ក្រុម​វែល ដែល​ព្យាយាម​ប្រជែង​យក​បាល់។

៣) ទល់​ក្លឹប Torino

គ្រា​ឈរ​ជើង​ឲ្យ​ក្លឹប​សេះ​បង្កង់ Juventus តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​រមែង​បង្កើត​ភាព​អស្ចារ្យ​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ តាម​រយៈ​ការ​លោត​តែត​បញ្ចប់​ទី នៅ​កម្ពស់​ខ្ពស់ៗ​ផុត​អស់​ខ្សែ​ការពារ​មាឌ​ឌាំង​ជា​ច្រើន។

ដូច​ប្រកួត​ទល់ Torino ដែល​ក្លឹប​ប៊ិះ​តែ​នឹង​ចាញ់​ក្រោម​លទ្ធផល ១-០ តែ​ចុង​ក្រោយ​បែរ Ronaldo អាច​បង្កើត​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី ៨៤ ជាមួយ​ការ​លោត​តែត បាល់​ក្នុង​ប្រអប់ ក្រុស​ចេញ​ពី​ជើង Spinazzola នៅកម្ពស់ ២,៤៧ ម៉ែត្រ។

២) ទល់​ក្លឹប Sampdoria

នៅ​ឆ្នាំ ២០១៩ ដដែល តែ​ទល់​ក្លឹប​ Sampdoria ក៏ CR7 បាន​សម្ញែង​សាច់ដុំ​ជា​ថ្មី ​បន្ទាប់​ការ​ក្រុស​ចូល​ពី​ជ្រុង​ខាង​ឆ្វេង ដោយ Alex Sandro ហើយ Ronaldo ក៏​លោត​ផុត​កម្ពស់​ពី​ដី ៧១ សង់ទីម៉ែត្រ តែ​បើ​រាប់​ដល់​ចុង​សក់ គឺ​ ២,៥៦ ម៉ែត្រ តែត​បញ្ចប់​ទី​យ៉ាង​ស្អាត។

១) ទល់​ក្លឹប Manchester United

ត្រលប់​ទៅ​ឆ្នាំ ២០១៣ គ្រា Ronaldo លេង​ប៉ះ​អតីត​ក្លឹប​ចាស់ Man Utd នៅ​ឯ​ពាន​រង្វាន់ UCL ពេល​នោះ​ហើយ ជា​ពេល​លោក​ចារ​កំណត់ត្រា​ប្រវត្តិសាស្ត្រ លោត​បាន​ខ្ពស់​បំផុត។

Angel di Maria ជា​អ្នក​ក្រុស​បាល់​ចូល​ប្រអប់ ហើយ Ronaldo លោត​ផុត​ខ្សែ​ការពារ​ Evra និង Evans អាច​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ Real Madrid។ តាម​កំណត់ត្រា​ដែល​គេ​កត់​ទុក​ពេល​នោះ កម្ពស់​ពី​ដី ដល់​ចុង​សក់ Ronaldo គឺ ២,៩៥ ម៉ែត្រ៕

ទស្សនាវីដេអូខាងក្រោម៖

https://youtu.be/Zh17peVya-Y

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT