Messi ថៃ ដល់​ថ្នាក់​លាន់​មាត់​បែប​នេះ ក្រោយ​តតាំង Messi អាហ្សង់ទីន នៅ​ឯ​ទឹកដី​ជប៉ុន

ក្លឹប​បារាំង Paris Saint-Germain បាន​ណាត់​ការ​ប្រកួត​ទល់​ក្លឹប ៣ នៅ​ឯ​ប្រទេស​ជប៉ុន ដោយ​ម្សិលមិញ​នេះ ទើប​តែ​បញ្ចប់​ការ​យក​ឈ្នះ ២-១ ទៅ​លើ​ Kawasaki Frontale ក៏​ជា​ក្លឹប​ធំ​មួយ​នៅ​ J-League។ វា​ជា​ទស្សនីយភាព​ការជួបគ្នាលើកទី ២ នៃ​ការ​តតាំង​គ្នា​រវាង Lionel Messi សញ្ជាតិ​អាហ្សង់ទីន និង​កីឡាករ​មាឌ​ល្អិត ចិត្ត​ដំរី​ Chanathip Songkrasin ដែល​គេ​ដាក់​រហស្សនាម​ជា “Messi ថៃ”។

Chanathip ឈរ​ជើង​លើ​ទីលាន ៥៦ នាទី នៅ​តំណែង​ជា​ខ្សែ​បម្រើ​ស្លាប​ឆ្វេង ដែល​នាំ​ឲ្យ​រមែង​មាន​ការ​ប្រទះ​គ្នា​ច្រើន​ក្នុង​ការ​ប្រកួត ជាមួយ Messi ដែល​លេង​ប្រយុទ្ធ​ស្លាប​ស្តាំ ឈរ​ជើង​ដល់​នាទី ៦២ ​និង​រក​បាន​មួយ​គ្រាប់។ គេ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​នាទី ៣១ ដែល​តារា​ឆ្នើម​អាហ្សង់ទីន​ប៊ិះ​តែ​នឹង​រក​បាន​មួយ​គ្រាប់​យ៉ាង​ងាយ តែ​បែរ​ជា​ត្រូវ​កីឡាករ​ថៃ រារាំង​នៅចំណុចខ្សែ​បន្ទាត់​ទី។

ចង្វាក់​ពេល​នោះ Mbappe បាន​ឆ្កឹះ​បាល់​ក្នុង​ប្រអប់ ទៅ​ឲ្យ Messi ដែល​អូស​បាល់​ផុត​អ្នកចាំទី រួច​ក៏​ស៊ុត​មួយ​ជើង តែ​បែរ​ត្រូវ Chanathip ឈរ​នៅ​លើ​ខ្សែ​បន្ទាត់ រារាំង​បាល់​បាន​សម្រេច។ រំលង​តែ​ ២០ វិនាទី​បន្ទាប់ Mbappe ក៏​មាន​ឱកាស​កាត់​បាល់​ក្នុង​ប្រអប់​ជា​ថ្មី តែ​សារ​នេះ ត្រូវ​បាន Achraf Hakimi ជា​អ្នក​ទម្លាក់​បន្ត​ឲ្យ ដល់​ជើង Messi ស៊ុត​មួយ​ឆ្ងាញ់ បើក​ការ​នាំ​មុខ​ឲ្យ​ក្លឹប។

ទោះ​ជា​យ៉ាង​ណា ចង្វាក់​លេង​របស់ PSG យប់មិញ ​យើង​ឃើញ​ថា នៅ​តែ​បាន​ដាក់​សម្ពាធ​មួយ​ទំហឹង​ទៅ​លើ​ក្លឹប​របស់​ប្រទេស​ជប៉ុន ដោយ​គ្រប់គ្រង​បាល់ ៦៣ ភាគរយ ស៊ុត ២៤ លើក ចំ​គោលដៅ ១០ លើក ប៊ិះ​តែ​រក​បាន​លើស ៤ គ្រាប់​ឯ​ណោះ ធៀប​នឹង​ក្លឹប​ម្ចាស់ផ្ទះ គ្រប់គ្រង​បាល់ ៣៧ ភាគរយ ស៊ុត ១៤ លើក ចំ​គោលដៅ ៥ លើក។

បន្ទាប់​ចប់​ការ​ប្រកួត Chanathip ក៏​បាន​និយាយ​បែប​នេះ​ថា៖ “មាន​ប៉ុន្មាន​លើក​ដែរ ខ្ញុំ​បាន​ព្យាយាម​រត់​ទៅ​ឆក់​យក​បាល់​ពី Messi តែ​ខ្ញុំ​ធ្វើ​អត់​បាន​ទាល់​តែ​សោះ នេះ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ស្មារតី ហើយ​គិត​ឃើញ​ថា កម្រិត​រវាង​ពួក​យើង និង​កម្រិត​កីឡាករ​លំដាប់​ពិភពលោក​គឺ​ខុស​គ្នា​ឆ្ងាយ តែ​យ៉ាង​ណា វា​បាន​ជំរុញ​ឲ្យ​ខ្ញុំ​នឹង​ខិតខំ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ដាក់​ឆន្ទៈ​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត”។ នេះ​បើ​តាម​សារព័ត៌មាន ESPN Asia បាន​ចុះ​ផ្សាយ។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៨ ឆ្នាំ​ខាង​លើ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ជប៉ុន Sapporo មក​កាន់ Kawasaki នៅ​តម្លៃ​ខ្លួន ៣,៥ លាន​អឺរ៉ូ ហើយ​ស្ថិតិ​រដូវ​កាល​ចាស់ បង្ហាញ​ខ្លួន ១៥ ប្រកួត រក​បាន ២ គ្រាប់​និង Assist ២ លើក។ ជំនួប​បន្ទាប់​របស់ Kawasaki Frontale នឹង​ត្រូវ​តតាំង Urawa Reds នៅ J1 League ថ្ងៃ​ទី ៣០ កក្កដា មុន​ការ​ប៉ះ​គ្នា​ទល់​ក្លឹប Cerezo Osaka នា​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ពាន J.League Cup នៅ​ថ្ងៃ​ទី ៣ សីហា។

ចំណែក​ឯ​ក្លឹប​អ្នក​មាន​ក្នុង​ទីក្រុង​ប៉ារីស នៅ​បន្ត​យុទ្ធនាការ​ប្រកួត​មិត្តភាព​ឆ្នាំ ២០២២ នា​ថ្ងៃ​ទី ២៣ ​កក្កដា ទល់​ក្លឹប Urawa Reds និង ២៥ កក្កដា ទល់​ក្លឹប Gamba Osaka វេលា​ម៉ោង ០៥:០០ នាទី​ល្ងាច​ដូច​គ្នា ហើយ​សុទ្ធ​សឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់ លើ​ទំព័រ CTS SPORT៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT