Barcelona ដើរ​យុទ្ធសាស្ត្រ “បញ្ចាំ​អនាគត ដោះ​ទុក្ខ​បច្ចុប្បន្ន” ទើប​មាន​លុយ​ចាយ​ពេញៗដៃ

នៅ​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​នេះ បើ​រាប់​ទាំង​លើ​ទីផ្សារ​ដោះដូរ​រដូវ​រងា និង​ចូល​មក​ដល់​ទីផ្សារ​រដូវ​ក្តៅ ដែល​កំពុង​បើក​ទ្វារ ក្លឹប Barcelona បាន​ចំណាយ​អស់​ជិត ២០០ លាន​អឺរ៉ូ​ហើយ ខណៈ​ដែល​ចំណូល​ចូល​មក​វិញ ពី​ការ​លក់​ចេញ​កីឡាករ ប្រមូល​មិន​បាន ១០០ លាន​អឺរ៉ូ​ផង។ ទន្ទឹម​ចចាមអារ៉ាម​ជុំវិញ​ការ​ចង់​នាំ​ចូល​អ្នក​ថ្មី​បន្ថែម ដូច​ជា​គោលដៅ​ទៅ​លើ​កីឡាករ Cesar Azpilicueta និង Jules Kounde ក៏​នាំ​ឲ្យ​កើត​មាន​ចម្ងល់​ពី​អ្នក​គាំទ្រ ចោទ​សួរ​មក​កាន់ CTS SPORT ថា​តើ​អ្នក​មាន​បុណ្យ កំពុង​ប្រើប្រាស់​វិធី​ចាយ​លុយ​ដោយ​របៀប​ណា ឬ​ក៏​ពួក​គេ​ដើរ​ប៉ះ​កំណប់ ទាំង​ដែល​ក្លឹប​នៅ​ជាប់​ជំពាក់​បំណុល​ចាស់ ជាមួយ​ធនាគារ​អាមេរិក Goldman Sachs ដល់​ទៅ​ជិត ១ ពាន់​លាន​អឺរ៉ូ?

ចម្លើយ​យ៉ាង​ខ្លី មុន​ឈាន​ដល់​ការ​បកស្រាយ​ស៊ី​ជម្រៅ នោះ​គឺ បំណុល​នៅ​តែ​បន្ត​ជា​បំណុល តែ Barcelona កំពុង​ដើរ​យុទ្ធសាស្ត្រ​មួយ​ចាន​ទឹក​មួយ​ចាន​គោក​ហៅ​ថា “បញ្ចាំ​អនាគត ដោះ​ទុក្ខ​បច្ចុប្បន្ន” ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធាន​លោក Joan Laporta និង​ការ​អនុម័ត​ពី​ក្រុមប្រឹក្សាភិបាល​ជា​សមាជិក។

ជា​ការ​ពិត Barcelona នៅ​ពេល​ចុង​ក្រោយ បាន​ចាយ​លុយ​ក្រាស់ក្រែល​ទៅ​លើ​ការ​នាំ​ចូល​កីឡាករ​ធំៗ​ដូច​ជា Ferran Torres ចាយ​អស់ ៥៥ លាន, Raphinha ចាយ​អស់ ៥៨ លាន និង Robert Lewandowski អស់ ៤៥ លាន​អឺរ៉ូ ខណៈ​លក់​ចេញ​ទៅ​វិញ Emerson Royal, Junior Firpo និង Philippe Coutinho បាន​តែ ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ចំណែក​ឯ​លុយ​ខ្ទង់​រយ​លាន ដែល Barca កំពុង​ចាយ គឺ​ទទួល​បាន​ពី​លុយ​នៃ​កិច្ច​ព្រមព្រៀង​មួយ​ផ្នែក ជាមួយ​នឹង​ក្រុមហ៊ុន​ម្ចាស់​ឧបត្ថម្ភ​ថ្មី គឺ Spotify ហើយ​មួយ​ផ្នែក​ធំ​ផ្សេង​ទៀត ជា​លុយ​ទទួល​បាន​ពី​ការ​លក់​ភាគហ៊ុន ឬ​ទ្រព្យសម្បត្តិ​នានា​ដែល​ក្លឹប​នៅ​សេសសល់​ក្នុង​ដៃ ដើម្បី​ប្តូរ​ជា​លុយ​មក​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន។

ជាក់ស្ដែង​តាម​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៣០ ​មិថុនា​កន្លង​ទៅ​នេះ ក្រុមប្រឹក្សាភិបាល​បាន​អនុម័ត​ឲ្យ​ប្រធាន​លោក Laporta លក់​សិទ្ធ​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ La Liga ចំនួន ១០ ភាគរយ ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក Sixth Street Partners ​លើ​កុងត្រា​រយៈ​ពេល ២៥ ឆ្នាំ ស្មើ​នឹង​ទឹក​ប្រាក់ ២០៧,៥ លាន​អឺរ៉ូ។ ១ ភាគ ៣ នៃ​លុយ​ដែល​ទទួល​បាន Barca បាន​ចាយវាយ​លើ​ការ​នាំ​ចូល​កីឡាករ តួ​យ៉ាង​ដូច​ជា​វត្តមាន Raphinha ហើយ​ក៏​បម្រុង​នឹង​ចង់​លក់ ១៥ ភាគរយ​ផ្សេង​ទៀត ដើម្បី​ប្រមូល​លុយ ៣០០ លាន​អឺរ៉ូ​មក​ចូល​ហោប៉ៅ​ក្លឹប។ នេះ​បើ​តាម​សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ។

បន្ថែម​ពី​នេះ ក្លឹប​ក៏​រំពឹង​ទទួល​បាន​ប្រាក់ ២០០ ទៅ ៣០០ លាន​អឺរ៉ូ​ផ្សេង​ទៀត ពី​ការ​លក់​ភាគហ៊ុន ៤៩,៩ ភាគរយ​នៃ​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ សម្រាប់ domain store.fcbarcelona.com ដែល​ជា​ប្រតិបត្តិការ​លក់​ផលិតផល​ផ្លូវការ​របស់​ក្លឹប ជា​ហេតុ​នាំ​ឲ្យ​ចំណូល​នៅ​រដូវ​ក្តៅ​ទាំង​មូល អាច​ឡើង​ដល់​ជាង ៦០០ លាន​អឺរ៉ូ ល្មម​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ចាយវាយ​លើ​ការ​នាំ​ចូល​កីឡាករ ​មក​បំពេញ​ចិត្ត​អ្នកចាត់ការ​លោក Xavi Hernnadez។

ក៏​ប៉ុន្តែ​ប្រាក់​ទាំង​អស់​នេះ ក្លឹប​តម្រូវ​ឲ្យ​ផ្ទេរ​ចេញ​មួយ​ផ្នែក ទៅ​កាត់កង​បំណុល​ចាស់ សង​ក្រុមហ៊ុន​កម្ចី Goldman Sachs ដោយ​បង់​ដំណាក់​កាល​ដំបូង​ប្រហែល​ជាង ៥០០ លាន។ រួច​លុយ​សេសសល់​ប៉ុន្មាន ក៏​បង្វិល​មក​ប៉ះប៉ូវ​លើ​ការ​ចរចា​កុងត្រា​ថ្មី ដូច​ផ្តល់​ឲ្យ Sergi Roberto និង Ousmane Dembele តែ​តម្រូវ​ឲ្យ​ព្រម​បញ្ចុះ​ថ្លៃ​ឈ្នួល និង​ការ​ទូទាត់​លើ​ប្រាក់​ផ្ទេរ​ចូល Raphinha ក៏​ដូច​ជា Lewandowski ជា​ដើម។

តែ​ក្នុង​ករណី​ក្លឹប​ចង់​បាន​អ្នក​ថ្មី​បន្ថែម ទោះ​មាន​លុយ ក៏​ប្រឈម​នឹង​ល្មើស​ច្បាប់​ចំណាយ FFP អ៊ីចឹង​ត្រូវ​តែ​លក់​ចេញ​កីឡាករ​មួយ​ចំនួន​សិន។ បើ​សួរ​ថា តើ​ការ​ដើរ​យុទ្ធសាស្រ្ត​បែប​នេះ មាន​ផល​ប៉ះពាល់​អ្វី​ឬ​អត់​ទៅ​ថ្ងៃ​អនាគត? ចម្លើយ​យ៉ាង​ខ្លី បើ​ក្លឹប​ជោគជ័យ​អាច​ឈ្នះ​ពាន​រង្វាន់ La Liga និង UCL នោះ​គ្រប់​យ៉ាង​នឹង​អាច​វិល​មក​ភាព​ល្អ​ប្រសើរ​វិញ​នៅ​ពេល​បន្ទាប់ តែ​បើ​ទម្រង់​លេង​ក្លឹប​នៅ​បន្ត​ធ្លាក់​ចុះ នោះ​ស្ថានភាព​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន។

ក៏​ដោយសារ​តែ​ចាប់​ពី​រដូវ​កាល​នេះ​ត​ទៅ ចំណូល​ដែល​ក្លឹប​ទទួល​បាន ពី​ការ​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ ការ​លក់​ផលិតផល​នានា មួយ​ផ្នែក​ធំ បាន​ធ្លាក់​ដល់​ដៃ​ម្ចាស់​ថ្មី ក្រោយ​ការ​លក់​ភាគហ៊ុន អ៊ីចឹង​ទល់​តែ​ពឹង​លើ​ចំណូល​ពី​ប្រាក់​រង្វាន់​នៃ​ការ​ឈ្នះ​ពាន ទើប​ក្លឹប​អាច​បង្វិល​លុយ​លើ​ការ​ចំណាយ​ផ្សេងៗ​នា​ពេល​បន្ទាប់​បាន។ មិន​ដូច្នោះ​ទេ ស្ថានភាព​នា​ពេល​ទៅ​មុខ នឹង​ធ្លាក់​ដល់​បាត ដែល​គ្មាន​នរណា​អាច​ព្យាករណ៍​ទុក​ជា​មុន។

យ៉ាង​ណាវិធី​ម្យ៉ាង​ទៀត បើ Barcelona មិន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​កាត់​នេះ នោះ​គឺ​ក្លឹប​ត្រូវ​សម្រប​ទៅ​តាម​ទ្រព្យ​ដែល​មាន ពោល​រក​បាន ៥ ចាយ ៥ រក​បាន ១០ ចាយ​ ១០ ជា​រួម​លទ្ធភាព​នៃ​ការ​ពង្រឹង​ប្រព័ន្ធ​កីឡាករ គឺ​យឺត​ជាង​នេះ​ឆ្ងាយ។ ចុងក្រោយ​ក៏​សរសើរ​ដល់​គ្រប់​កីឡាករ ដែល​ជ្រើស​ការ​ផ្ទេរ​មក​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា សុទ្ធ​សឹង​ព្រម​ទទួល​យក​ការ​ផ្តល់​ឲ្យ​ថ្លៃ​ពលកម្ម ទាប​ជាង​សំណើ​ក្លឹប​ដទៃ ត្រង់​ចំណុច​នេះ ក៏​ជា​ដើមចម​មួយ ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​បន្ត​ឈរ​ជើង​បាន​ទល់​សព្វថ្ងៃ​ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT