Lewandowski ប្រើ​ចិត្ត​ស្មោះ ព្រម​បញ្ចុះ​ថ្លៃ​ពលកម្ម ស្រប​ពេល Eriksen/Sterling បាន​ខ្ពស់​ជាង​មុន

មាន​ការ​មមាញឹក​ខ្លាំង​លើ​ទីផ្សារ​ដោះដូរ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ បន្ទាប់​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប បាន​ប្រកាស​វត្តមាន​កីឡាករ​ចំណូល​ថ្មី ពោល​ក្លឹប​ខ្លះ ទៅ​ប្រកាស​នៅ​ក្រៅ​តំបន់ ដូច​ជា Chelsea និង Barcelona ជា​ដើម ដែល​កំពុង​ជាប់​យុទ្ធនាការ​ប្រកួត​នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក។ ក្នុង​អត្ថបទ​នេះ CTS SPORT លើក​រឿងរ៉ាវ​កីឡាករ ៣ រូប​មក​និយាយ ក៏​ដូច​ជា​បង្ហើប​នូវ​ថ្លៃ​ពលកម្ម​ដែល​ពួក​គេ​ទទួល​បាន​នៅ​ក្លឹប​ថ្មី៖

១) Raheem Sterling ផ្លាស់​ទៅ Chelsea

បន្ទាប់​ពី​រួមរស់​នៅ City អស់​រយៈ​ពេល​ ៧ ឆ្នាំ ទី​បំផុត​កីឡាករ​អង់គ្លេស ក៏​ជ្រើស​យក​ការ​ផ្លាស់​មក​ទ្រនំ​ថ្មី នៅ​ឯ​ទឹកដី Stamford Bridge។ មក​សារ​នេះ Sterling ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ហើយ​ក៏​បាន​ឈរ​ឈ្មោះ ជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ប្រចាំ​ក្លឹប​ផង​ដែរ។

តាម​របាយការណ៍​ពី Miguel Delaney បាន​ឲ្យ​ដឹង​ថា Sterling ទទួល​បាន​ប្រាក់​ពលកម្ម​ដល់​ទៅ ៣១០ ០០០ ផោន/សប្ដាហ៍ នេះ​ជា​តួ​លេខ​ខ្ពស់​ជាង ប្រាក់​ឈ្នួល​ចាស់ កាល​នៅ​ទឹកដី Etihad រក​បាន​ត្រឹម​ចន្លោះ ២០០ ០០០ ទៅ ២៥០ ០០០ ផោន។

ទំហំ​នេះ​ដែរ Sterling ទទួល​បាន​ខ្ពស់​ជាង N’Golo Kante រក​បាន ២៩០ ០០០ ផោន និង Timo Werner បាន ២៧២ ០០០ ផោន។ តែ​យ៉ាង​ណា​យើង​មិន​បាន​រាប់​បញ្ចូល​ឈ្មោះ Romelu Lukaku ជា​កីឡាករ​ខ្ចី​ជើង​ទៅ​ក្លឹប​ដទៃ​ឡើយ ដ្បិត​អី​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​អាច​រក​បាន​ដល់ ៣៥០ ០០០ ផោន។

២) Christian Eriksen ផ្លាស់​ទៅ Man Utd

ជា​ការ​ស្វាគមន៍​អ្នកចាត់ការ​ថ្មី United បាន​ប្រកាស​ការ​យក​បាន​កីឡាករ ៣ រូប​ហើយ រួម​មាន Tyrell Malacia, Christian Eriksen និង Lisandro Martinez។ យ៉ាង​ណា​ចំពោះ​កីឡាករ​វ័យ​ចំណាស់ សញ្ជាតិ​ដាណឺម៉ាក ក៏​ទទួល​បាន​ការ​ផ្តល់​ឲ្យ​យ៉ាង​សមរម្យ មិន​ថា​តែ​ពេលវេលា​លើ​កិច្ច​ព្រមព្រៀង និង​ទំហំ​ប្រាក់​ពលកម្ម។

ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំ ជាមួយ​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ គេ​អាច​រក​បាន​ដល់​ទៅ ១៥០ ០០០ ផោន/សប្តាហ៍។ ទំហំ​នេះ រុញ​ឲ្យ​ Eriksen ឈរ​លេខ ៩ ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Old Trafford ស្មើ​នឹង​កម្រិត Luke Shaw ហើយ​ខ្ពស់​ជាង Van de Beek, Telles និង Wan-Bissaka ជា​ដើម។

៣) Robert Lewandowski

បើ​ទោះ​បី​អាច​ចរចា​ដំឡើង​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន នៅ Bayern Munich ក៏​កីឡាករ​ប៉ូឡូញ​នៅ​តែ​មិន​យល់​ព្រម ហើយ​ជ្រើស​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី Barcelona ជាមួយ​ការ​បញ្ចុះ​ថ្លៃ​ពលកម្ម​ទាប​ជាង​មុន​ដល់ ២៥ ភាគរយ។

ខ្សែ​ប្រយុទ្ធ​ខាង​លើ រក​បាន​តែ ១៥០ ០០០ ផោន​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ដែល​ទំហំ​នេះ​ទាប​ជាង​កាល​នៅ Bayern Munich រក​បាន ២០០ ០០០ ផោន ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ Bundesliga។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT