Sheringham ថា Man Utd គួរ​តែ​បើក​ផ្លូវ​ឲ្យ Ronaldo ចេញ ដើម្បី​ទុក​លុយ​ប៉ះប៉ូវ​កីឡាករ​ថ្មី ២-៣ រូប

អតីត​វីរបុរស​លោក Teddy Sheringham បាន​ធ្វើ​ការ​ជំរុញ​ដល់​ក្លឹប​ចាស់ Manchester United ឲ្យ​ព្រម​លក់​ចេញ Cristiano Ronaldo នៅ​ទីផ្សារ​ដោះដូរ​សារ​នេះ ដោយ​មិន​ខ្វល់​ថា​បាន​តម្លៃ​ខ្លួន​ប៉ុណ្ណា​ទេ តែ​ត្រង់​តម្លៃ​ពលកម្ម​ចាយ​លើ​កីឡាករ​ព័រទុយហ្គាល់ គួរ​ទុក​បង្វិល​ចាយ​ឲ្យ​ចំណូល​ថ្មី បាន​ដល់ ២-៣ រូប ជា​ជម្រើស​ល្អ​ជាង។

បញ្ជាក់​ថា United យក​បាន​កីឡាករ ៣ រូប​ផ្លូវការ​នៅ​ពេល​ថ្មីថ្មោង មាន Tyrell Malacia, Christian Eriksen, Lisandro Martinez ហើយ​ក៏​កំពុង​ផ្សារភ្ជាប់​ទៅ​ក្នុង​ចចាមអារ៉ាម​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។ តាម​ការ​បញ្ជាក់​ប្រាប់ The Mail អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​និយាយ៖ “បើ​ខ្ញុំ​ជា Ronaldo ខ្ញុំ​ទៅ​ហើយ គឺ​អត់​នៅ​ទេ ដូច​គ្នា​នឹង លោក Ten Hag បើ​គេ​ចង់​ទៅ គឺ​គួរ​តែ​អនុញ្ញាត​ឲ្យ​គេ​ទៅ ហើយ​បើក​ទំព័រ​ថ្មី​សម្រាប់​ United”។

លោក​បន្ត៖ “អ្នក​អាច​យក​លុយ​ដែល​ចាយ​លើ​ប្រាក់​ឈ្នួល Ronaldo មក​នាំ​ចូល​កីឡាករ​ថ្មី ២ ឬ ៣ រូប​បន្ថែម ព្រោះ​ក្លឹប​បាន​ចាយ​លុយ​ច្រើន​ណាស់​មួយ​ខែៗ​លើ​កីឡាករ​កន្លង​មក ហើយ​ត្រូវ​ទទួល​ស្គាល់ បើ​កីឡាករ​ចង់​ចេញ ក៏​ក្លឹប​គួរ​ទៅ​រក​អ្នក​ថ្មី ដែល​រឹងមាំ មាន​ស្ថិរភាព​អាច​មក​ឆ្លងកាត់​រដូវ​កាល​ដ៏​តានតឹង​ជាមួយ​គ្នា”។ គួរ​បញ្ជាក់​ថា បើ​និយាយ​អំពី​តំណែង​ប្រយុទ្ធ ក្លឹប​ក៏​កំពុង​ចរចា​ជាមួយ Antony ជា​សមាជិក​ Ajax មួយ​រូប​ផ្សេង​ទៀត៕

ប្រភព៖ The Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT