Barcelona ឲ្យ Bayern លាក់​តួ​លេខ​ចំណាយ​លើ Lewandowski ព្រោះ​ខ្លាច​អ្នក​គាំទ្រ​រិះគន់

បើ​តាម​សារព័ត៌មាន El Pais ចុះ​ផ្សាយ​ថា តួ​លេខ ដែល​ប្រភព​ជា​ច្រើន​ចុះ​ថា Barcelona ចាយ​អស់ ៥០ លាន​អឺរ៉ូ លើ​ការ​នាំ​យក Robert Lewandowski ចេញ​ពី Bayern Munich នោះ​ជា​ទិន្នន័យ​ក្លែងក្លាយ ពោល​ជា​ចេតនា​របស់​អ្នក​មាន​បុណ្យ ចង់​លាក់បាំង​ទិន្នន័យ​ពិត ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​អ្នក​គាំទ្រ។

​ក្លឹប​ហាក់​មិន​ចង់​ឲ្យ​កើត​មាន​មតិ​សាធារណៈ រិះគន់​ពី​របៀប​ចាយ​លុយ ដែល​ចាយ​ច្រើន ក្នុង​ពេលវេលា​ដែល​ក្លឹប​កំពុង​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ។ ប្រភព​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​តួ​លេខ​ចំណាយ​លើ​កីឡាករ​ប៉ូឡូញ ពិត​ប្រាកដ គឺ ៦០ លាន​អឺរ៉ូ​ឯ​ណោះ ពោល​តម្លៃ​ចុះ​ហត្ថលេខា ៤៥ លាន បូក​នឹង​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត ១៥ លាន​អឺរ៉ូ។

ប្រសិន​ក្នុង​ករណី Lewandowski អាច​ជួយ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez មាន​កៅអី​លេង Champions League រដូវ​កាល​បន្តបន្ទាប់ មាន​ន័យ​ថា ឈរ​ពី​លេខ ១ ដល់​លេខ ៤ នោះ​ក្លឹប Bayern នឹង​បាន​ប្រាក់​ ៥ លាន​អឺរ៉ូ​បន្ថែម រួច ១០ លាន​អឺរ៉ូ​ទៀត លើ​កិច្ច​ព្រមព្រៀង​ដទៃ ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ។ នេះ​មាន​ន័យ​ថា Barca បាន​ចាយ ៦០ លាន តែ​ឆ្លៀត​ប្រាប់​ទៅ Bayern ឲ្យ​បង្ហើប​ទៅ​ខាង​ក្រៅ ត្រឹម ៥០ លាន​បាន​ហើយ៕

ប្រភព៖ El Pais

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT