២០ ឆ្នាំ​ចាំ​សងសឹក​ក៏​មិន​ហួស​ពេល Haaland ​នឹង​ស្រាយ​គំនុំ​ចាស់​ទល់​ក្លឹប​នេះ ជូន​ឪពុក

​អ្នក​គាំទ្រ​កំពុង​ចង់​ដឹង​ជា​ខ្លាំង អំពី​គុណភាព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ថា​នឹង​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​កម្រិត​ណា ហើយ​កន្លង​ទៅ កីឡាករ​ន័រវែស​ក៏​បាន​បោះ​ពាក្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជុំវិញ​ក្លឹប​ដែល​ជា​សត្រូវ​ចាស់​របស់​ឪពុក​ខ្លួន ពោល​ជា​ក្លឹប​ដែល Haaland នឹង​ចង់​តតាំង​បំផុត​នៅ Premier League។

បើ​តាម​ការ​លើក​ឡើង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Aston Villa លោក Gabriel Agbonlahor បាន​ឲ្យ​ដឹង​ថា Haaland មិន​ត្រឹម​តែ​ចង់​ប្រជែង​ក្លឹប​បិសាច​ក្រហម ក្នុង​នាម​ជា​សត្រូវ​រួម​ទីក្រុង Manchester ប៉ុណ្ណោះ​ទេ ទៀត​សោត​គឺ​ដើម្បី​សងសឹក​គំនុំ​ចាស់ ដែល​កីឡាករ​នៃ​ក្លឹប​មួយ​នេះ​ហើយ ជា​ដើម​ចម​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​ត្រូវដក​ឃ្លា​ពី​បាល់ទាត់​ទាំង​អាយុមិនទាន់ ៣០។

នោះ​គឺ​រឿងរ៉ាវ​កើត​ឡើង​កាល​ពី​ជាង​ ២០ ឆ្នាំ​មុន ដែល​ខ្សែ​បម្រើ​ការពារ ២ ដួង​នៅ Premier League រមែង​ប៉ះ​ទង្គិច​គ្នា​ខ្លាំង ដល់​ចុង​ក្រោយ​នាំ​ឲ្យ​ម្នាក់​របួស​ធ្ងន់ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ព្យួរ​ស្បែកជើង​ពី​បាល់ទាត់។ អ្នក​បង្ក​បញ្ហា​គឺ Roy Keane អតីត​កីឡាករ​នៃ​ក្លឹប Man Utd ហើយ​អ្នក​រង​គ្រោះ ជា​ឪពុក​របស់ Erling Haaland នោះ​គឺ​លោក Alf-Inge Haaland ​ជា​អតីត​កីឡាករ​នៃ​ក្លឹប Man City។

វា​បាន​កើត​ឡើង​នៅ​ខែ​មេសា ឆ្នាំ ២០០១ ក្នុង​ជំនួប​ Manchester Derby ដោយ​មិន​ច្បាស់​ថា ​ជា​ចេតនា​របស់ Kean ចង់​សងសឹក​ឬ​បែប​ណា ព្រោះ​កន្លង​មក​អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​ទង្គិច​គ្នា​ច្រើន​ហើយ ដូច​មុន​នោះ​ឪពុក Haaland ក៏​ធ្លាប់​ធ្វើ​ឲ្យ Keane ដួល ហើយ​ចេញ​កាយវិការ​ស្រែក​គំហុក​ដាក់ លុះ​ដល់​ប្រកួត​ក្រោយ​អតីត​កីឡាករ​អៀរឡង់ ក៏​បង្ក​ការ​ប៉ះ​ទង្គិច​វិញ តែ​សារ​នេះ​ធ្ងន់ ដោយ Keane សំដៅ​ទៅ​ធាក់​ឪពុក Haaland មួយ​ទំហឹង ដល់​អស់​ជើង​ដួល​ខ្ពោក​លើ​ទីលាន មុន​អាជ្ញាកណ្តាល​សម្រេច​ធ្វើ​ការ​ពិន័យ​កាត​ក្រហម។

តែ​យ៉ាង​ណា វា​បាន​ធ្វើ​ឲ្យ​លោក Alf-Inge ក៏​ដូច​ជា​កូន​ប្រុស​មាន​ការ​ចងចាំ​មិន​ភ្លេច ព្រោះ​ដោយសារ​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​មួយ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ត្រូវ​បង្ខំ​ចិត្ត​សម្រាក​ព្យាបាល​របួស ​ប្រកាស​ដក​ឃ្លា​ពី​បាល់ទាត់​អស់​រយៈ​ពេល ៨ ឆ្នាំ។ តាម​ថា​អាជីព​របស់​លោក គួរ​តែ​ជោគជ័យ​ជាង​នេះ ជាមួយ City តែ​ចុង​ក្រោយ​បែរ​មាន​ឱកាស​បង្ហាញ​ខ្លួន​តែ ៤៥ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ១ លើក។

ទាំង​អស់​នេះ​ហើយ​នាំ​ឲ្យ​មាន​ការ​ជឿជាក់​ថា Erling Haaland នឹង​មាន​ចិត្ត​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ ឬ​បង្កើត​ភាព​អាម៉ាស់​ដល់​ក្លឹប Man Utd ឲ្យ​ចាក់​ជ្រៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ដើម្បី​ចង់​ផ្ញើ​ជោគជ័យ​ទៅ​កាន់​លោក​ឪពុក​ជា​ពិសេស ដែល​ជា​កីឡាករ​រង​គ្រោះ​ដោយសារ​សមាជិក​ក្លឹប​ម្ចាស់ដី Old Trafford។

ដូច​លោក Agbonlahor បាន​និយាយ៖ “មិន​ត្រឹម​តែ United ជា​គូ​សត្រូវ​របស់ City ប៉ុណ្ណោះ​ទេ ហេតុផល​ចម្បង​មួយ​ទៀត គឺ Haaland នឹង​មិន​អាច​បំភ្លេច​បាន​នូវ​អ្វី ដែល Roy Keane បាន​ធ្វើ​ដាក់​ឪពុក​របស់​គេ ដូច្នេះ Haaland នឹង​តាម​ធ្វើទុក្ខបុកម្នេញ Man United ជា​រៀង​រហូត​ទៅ​ ដរាបណា​គេ​នៅ​ឈរ​ជើង​ក្នុង​ក្របខ័ណ្ឌ Premier League”។

“ខ្ញុំ​ជឿ​ថា វា​នឹង​ក្លាយ​ជា​ប្រកួត​ដែល​សឹង​តែ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​ខំ​លេង​ដល់​ឆ្កួត រហូត​អាច​សម្រេច​ដល់​គ្រាប់​បាល់ Hat-trick ក៏​ថា​បាន និយាយ​ទៅ​គេ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​ចង់​បំផ្លាញ Man Utd ខ្លាំង​បំផុត​លើ​ទីលាន”។ គួរ​បញ្ជាក់​ថា កាលបរិច្ឆេទ​ជួប​គ្នា​រវាង​ក្លឹប​ Man Utd និង Man City នៅ Premier League រដូវ​កាល​ថ្មី កំណត់​ធ្វើ​ឡើង​នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ថ្ងៃ​ទី ១ ​តុលា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT