គោះទ្វារ​យក​បេះដូង Ronaldo បាន​អត់? ក្លឹប​មួយ​នៅ​អាស៊ី ហ៊ាន​ឲ្យ​មួយ​ថ្ងៃ​ជាង ៣៤ មុឺន​ដុល្លារ

បន្ទាប់​ពី​ចប់​ការ​ប្រកួត​នៅ​ទីក្រុង​បាងកក ដែល Man Utd យក​ឈ្នះ Liverpool ៤-០ ​អារម្មណ៍​អ្នក​គាំទ្រ​បាល់ទាត់​ភាគច្រើន ក៏​មិន​ទាន់​ទៅ​ណា​ឆ្ងាយ ពោល​នៅ​ក្រវែល​ជុំវិញ​ស្ថានការណ៍​ក្លឹប​បិសាច​ក្រហម​ដដែល តែ​សារ​នេះ ផ្តោត​ខ្លាំង​ទៅ​លើ​អនាគត​ Cristiano Ronaldo។ មក​ទល់​ពេល​នេះ តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ នៅ​មិន​ទាន់​ត្រលប់​មក​ហ្វឹកហាត់​នៅ​ឡើយ ខណៈ​ដែល​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​ទី ២ ត្រូវ​ប៉ះ Melbourn Victory នៅ​ទឹកដី​អូស្ត្រាលី ក៏​ត្រូវ​ចូល​មក​ដល់​នៅ​វេលា​ល្ងាច​ថ្ងៃ​ស្អែក។

តាម​ដំណឹង​ចុះ​ផ្សាយ​ដ៏​ក្តៅ​គគុក​ពី​សារព័ត៌មាន Daily Express បាន​ឲ្យ​ដឹង​ថា ក្លឹប​មិន​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់​មួយ នៅ​ឯ​ប្រទេស​អ្នក​មាន​អារ៉ាប៊ីសាអ៊ូឌីត បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប​អាណាព្យាបាល Man Utd ក៏​ដូច​ជា​កំពុង​ចរចា​យ៉ាង​សកម្ម រវាង​ភាគី​របស់ Ronaldo គឺ​ភ្នាក់ងារ​លោក Jorge Mendes ជុំវិញ​ការ​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ ​វ័យ ៣៧ ឆ្នាំ មក​កាន់​ទឹកដី​ទ្វីប​អាស៊ី។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្លឹប​នៅ​ប៉ែក​មជ្ឈិមបូព៌ា បាន​ដាក់​សំណើ​ចង់​ថ្ពក់​យក Ronaldo ដោយ​សន្យា​ព្រម​ផ្តល់​ឲ្យ​ ៣០ លាន​ផោន ជា​តម្លៃ​ផ្ទេរ​ចេញ ទៅ​កាន់​ក្លឹប​ម្ចាស់ដី Old Trafford ដែល​ទំហំ​នេះ នាំ​ឲ្យ United នៅ​តែ​អាច​ចំណេញ​ ទេ្វប្រាក់ដើម ធៀប​នឹងគ្រា​ដែល​បាន​ចាយ​ទៅ​ឲ្យ​ Juventus កាល​ពី​មួយ​ឆ្នាំ​មុន។

ទៀត​សោត​ទៅ​មើល​លក្ខខណ្ឌ​ផ្តល់​ឲ្យ​កីឡាករ គឺ​រង្គើ​អស់​ឋាន​ទាំង ៣ ពោល​អាច​រុញ​ឲ្យ​ Ronaldo ឡើង​ឈរ​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដោយ​មួយ​ថ្ងៃ​អាច​កើប​ចំណូល​ចូល​ហោប៉ៅ​ជាង ៣៤២ ០០០ ដុល្លារ​អាមេរិក។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ ភាគី​ក្លឹប​ចង់​បាន សន្យា​ផ្តល់​ឲ្យ Ronaldo នូវ​ប្រាក់​ពលកម្ម ១២៥ លានដុល្លារ/ឆ្នាំ ឬ ២៥០ ដុល្លារ លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ។ ចំណែក​ឯ​ភ្នាក់ងារ​រត់ការ​លោក Mendes បើ​ជួយ​ឲ្យ​ការ​ចរចា សម្រេច​ទៅ​បាន ក៏​នឹង​ទទួល​ប្រាក់​ភាគលាភ​ ២៣ លាន​ដុល្លារផ្សេង​ទៀត​ផង​ដែរ។

ទំហំ​ប្រាក់​ដ៏​មហាសាល​នេះ គុណ​ចែក​ទៅ ត្រឹម​ចំណូល​មួយ​ថ្ងៃ​​របស់ Ronaldo នៅ​ក្លឹប​ថ្មី គឺ​ស្មើ​ប្រាក់​ឈ្នួលជិត​មួយ​អាទិត្យ​ពេញ នៅ​ក្លឹប​បច្ចុប្បន្ន Man Utd។ បើ​ធៀប​នឹង​កីឡាករ​ដទៃ វា​ក៏​ច្រើន​ជាង Kylian Mbappe ជិត ១ ទ្វេ​ជា ២ ហើយ​អាច​ច្រើន​ជាង ១ ទ្វេ​ជា ៣ ធៀប​នឹង​ Lionel Messi ជា​កំពូល​កីឡាករ​ស៊ី​ថ្លៃ​នៅ​ក្លឹប​ Paris Saint-Germain។

មក​ទល់​ពេល​នេះ យើង​មិន​ទាន់​អាច​ដឹង​ថា​ជា​ក្លឹប​យក្ស​ណា​មួយ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ដូច​គ្នា ថា​មហាសេដ្ឋី ឬ​ព្រះអង្គម្ចាស់​ណា​ដែល​នៅ​ពី​ក្រោយ​ក្លឹប​មួយនោះ​ដែរ។ ក៏​ប៉ុន្តែ​ CTS Sports មាន​ការ​សង្ស័យ​ទៅ​លើ​ក្លឹប ៣ ដែល​ជា​ក្លឹប​ជោគជ័យ​បំផុត​នៅ​លីគ​កំពូល​ Saudi Professional League របស់​អារ៉ាប៊ីសាអ៊ូឌីត គឺ​រួម​មាន Al-Hilal, Al-Nassar និង Al Ittihad។

តែ​យ៉ាង​ណា បើ​តាម​ការ​ប្រមើល​មើល ប្រសិន​ជា​ក្លឹប​ទាំង​បី​មាន​លទ្ធភាព​ប្រហែល​គ្នា​ពិត​មែន នោះ​ក៏​ទំនង​ជា Al Ittihad ដែល​គួរ​តែ​យក​បាន Ronaldo ព្រោះ​ក្លឹប​កំពុង​មាន​អ្នកចាត់ការ​រួម​សញ្ជាតិ​ព័រទុយហ្គាល់ នៅ​ឈរ​ជើង​ស្រាប់ នោះ​គឺ​វត្តមាន​លោក Nuno Espirito Santo។ ចុះ​មតិ​យោបល់​គ្នា​យើង​វិញ បើ​អាច​ស្រមៃ​យក​បាន​វត្តមាន Ronaldo មក​កាន់​ទឹកដី​អាស៊ី តើ​ក្លឹប​ណា​មួយ ដែល​អ្នក​ចង់​ឃើញ​បំផុត?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT