រុះរើ​ពី​លើ​ដល់​ក្រោម នេះ​ឈុត ១១ រូប​ថ្មី Man Utd&Chelsea បើ​ទិញ​ចូល​បាន ដូច​ការ​គ្រោង​ទុក

ក្លឹប​នៅ​អង់គ្លេស​ជាច្រើន បាន​ផ្សារភ្ជាប់​ទៅ​ក្នុង​ចចាមអារ៉ាម​ជុំវិញ​ការ​នាំ​ចូល​កីឡាករ​ថ្មី ត្រៀម​សម្រាប់​រដូវ​កាល ២០២២/២៣ ហើយ​ចំណោម​នោះ ​គេ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​ក្លឹប​តោ​ខៀវ Chelsea និង​បិសាច​ក្រហម Manchester United។

ងាក​មក​ក្នុង​អត្ថបទ​នេះ CTS Sports ធ្វើ​ការ​សង្ខេប​នូវ​គ្រប់​ជ្រុង​នៃ​ចចាមអារ៉ាម​ទាំង​អស់ ហើយ​ច្របាច់​ចូល​ជា​ឈុត ១១ រូប​ល្អ​បំផុត របស់​ក្លឹប​យក្ស​ទាំង ២ ប្រសិន​ជា​អាច​នាំ​ចូល ដូច​ការ​គ្រោង​ទុក៖

១) ប្រព័ន្ធ ៤-៣-៣ របស់​ក្លឹប​ Chelsea៖


តំណែង​អ្នកចាំទី គឺ​នៅ​តែ​អាច​ធានា​បាន​ថា​លោក​ Thomas Tuchel នឹង​បន្ត​ប្រើប្រាស់ Edouard Mendy ពោល​គ្មាន​ការ​គិតគូរ​នាំ​យក​អ្នក​ថ្មី​ឡើយ។ ចំណែក​ដៃ​គូ​ការពារ​កណ្តាល គេ​រំពឹង​ទុក​ថា Thiago Silva អាច​នឹង​ទទួល​បាន​ដៃ​គូ​ថ្មី គឺ Matthijs de Ligt ពី​ក្លឹប​ Juventus តែ​ទាមទារ​ឲ្យ Chelsea ត្រូវ​ហ៊ាន​ចាយ​លុយ​ច្រើន​ជាង ៦៥ លាន​ផោន។ ប៉ះ​ទៅ​ស្លាប​ឆ្វេង​ស្តាំ នៅ​ជើង​ក្រោម ក៏​នឹង​មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ដែរ ពោល​បន្ត​ប្រើ Reece James នៅ​ស្លាប​ស្តាំ ហើយ​ Ben Chilwell នៅ​ស្លាប​ឆ្វេង ក្រោយ​ជា​សះស្បើយ​ពី​របួស។

ទៅ​ដល់​តំបន់​បម្រើ​ទាំង ៣ រូប ក៏​ជឿជាក់​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ នឹង​បន្ត​ប្រើ​ដូច​រដូវ​កាល​ចាស់ ពោល​មាន N’Golo Kante នៅ​បម្រើ​ការពារ អម​ដោយ​បម្រើ​សង​ខាង មាន Mason Mount និង Mateo Kovacic។

យើង​ទៅ​មើល​តំបន់​ប្រយុទ្ធ តំបន់​កណ្តាល បើ​មើល​តាម​ស្ថានភាព អ្នក​សក្តិសម​បំផុត គួរ​តែ Kai Havertz មិនមែន Romelu Lukaku ឬ Timo Werner ។ រី​ឯ​ប្រយុទ្ធ​ស្លាប​ឆ្វេង ក្លឹប Chelsea កំពុង​ចរចា​ដុតដៃដុតជើង ចង់​បាន​ខ្លាំង​នូវ​វត្តមាន Raheem Sterling ចេញ​ពី​ក្លឹប Manchester City ហើយ​ស្លាប​ស្តាំ ក៏​ចង់​គាស់​គីឡូ​ថ្មី ញាត់​ចូល Raphinha យក​ចេញ​ពី​ក្លឹប​ Leeds United។ បើ​តាម​ខ្ទង់​ចំណាយ​លើ​ការ​ចែចូវ​កីឡាករ​ថ្មី ៣ រូប ក្នុង​ឈុត​នេះ គឺ​មិន​ក្រោម ១៥០ លាន​ផោន​ឡើយ។

២) ប្រព័ន្ធ ៤-២-៣-១ របស់​ក្លឹប Man Utd៖


David de Gea នៅ​តែ​អាច​ធានា​តំណែង​អ្នកចាំទី​ឲ្យ​ក្លឹប Man Utd តែ​នៅ​តំបន់​ការពារ អាច​នឹង​មាន​ការ​រុះរើ​ច្រើន តួ​យ៉ាង​គឺ​ស្លាប​ឆ្វេង បាន​ឃើញ​ហើយ​ពី​ការ​នាំ​ចូល Tyrell Malacia ​ខណៈ​ស្លាប​ស្តាំ ទំនង​បន្ត​ប្រើប្រាស់ Diogo Dalot ដូច​កាល​ពី​ចុង​រដូវ​កាល​ចាស់។ យ៉ាង​ណា​នៅ​ជញ្ជាំង​ការពារ​កណ្តាល លោក Erik ten Hag បាន​ដាក់​គោលដៅ​ធំ ចង់​នាំ​យក​កូន​ក្រុម​ចាស់ Lisandro Martinez ពី​ក្លឹប Ajax មក​ចាប់ដៃ​គូ​ជាមួយ​ប្រធាន​ក្រុម Harry Maguire។

ចំណែក​ឯ​តំបន់​បម្រើ ក៏​ក្លឹប​ម្ចាស់ដី Old Trafford ចាប់អារម្មណ៍​លើ​គោលដៅ​ច្រើន​ដែរ ក្រោយ​ពេល​មាន​ការ​ចាកចេញ​ជា​បន្តបន្ទាប់ នៃ Jesse Lingard, Juan Mata និង Paul Pogba ជា​ដើម។ អ្នក​ថ្មី ២ រូប កំពុង​ស្ថិត​ក្នុង​បញ្ជី​ចង់​នាំ​ចូល រួម​មាន Christian Eriksen និង Frenkie de Jong។ កីឡាករ​ដាណឺម៉ាក អាច​ឲ្យ United យក​ចូល នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន តែ​ករណី​កីឡាករ​ហូឡង់ ត្រូវ​ចាយ​លុយ​សុទ្ធ ច្រើន​ជាង ៦០ លាន​ផោន។

ទៅ​ដល់​តំបន់​បម្រើ​ប្រយុទ្ធ Bruno Fernandes នៅ​តែ​សង្ឃឹម​ខ្ពស់ នឹង​អាច​ធានា​តំណែង​ជម្រើស ១១ នាក់​ដំបូង ស្រប​ពេល​ប្រយុទ្ធ​ស្លាប​ឆ្វេង ទំនង​ដាក់ Jadon Sancho អម​ដោយ​ស្លាប​ស្តាំ ជា​កីឡាករ​វ័យ​ក្មេង Anthony Elanga។ រសើប​ខ្លាំង គឺ​នៅ​ប្រយុទ្ធ​ជួរ​មុខ ប្រហែល​លែង​មាន​វត្តមាន Cristiano Ronaldo ក្រោយ​កើត​មាន​តម្រុយ​ចង់​ចាកចេញ រួច​ក្លឹប​បាន​មាន​កូន​ចិត្ត ចង់​នាំ​យក​ម្ចាស់​អាវ​លេខ ១០ Paulo Dybala មក​បំពេញ​ជំនួស ក្នុង​លក្ខខណ្ឌ​ផ្ទេរ ដោយ​មិន​ចំណាយ​លុយ​សូម្បី​មួយ​សេន្ត។ តើ​អ្នក​គាំទ្រ​រាល់​គ្នា​យល់​ឃើញ​បែប​ណា​ដែរ គិត​ថា​ប្រព័ន្ធ​ថ្មី​ទាំង​នេះ ល្អ​គ្រប់គ្រាន់ ឬ​នៅ​មាន​ចំណុច​ខ្វះខាត​ណា​មួយ​ដែល​គួរ​កែ​តម្រូវ?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT