អត់​អស់​ចិត្ត Ronaldo ​សួរ​ទៅ​ថ្នាក់​លើ Man Utd មួយ​សំណួរ​នេះ មុន​សុំ​ចែក​ផ្លូវ

អនាគត​របស់ Cristiano Ronaldo នឹង​សម្រេច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ថា​នឹង​បន្ត​នៅ រហូត​ដល់​អស់​សុពលភាព​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល​ក្រោយ ឬ​ក៏​ត្រូវ​ដើរ​ចេញ ត្រឹម​ទីផ្សារ​ដោះដូរ​ខែ​កក្កដា? ​មាន​រឿងរ៉ាវ​ប្រទាក់​ក្រឡា​ជា​ច្រើន​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត ហើយ​ក៏​លើស​ពី​អ្វី​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ដឹង។

មក​ទល់​ពេល​នេះ កីឡាករ​ព័រទុយហ្គាល់​មិន​ទាន់​វិល​ត្រលប់​មក​ទីលាន​ហ្វឹកហាត់ ជួបជុំ​កីឡាករ​ឯ​ទៀត​នៅ​ឡើយ ដែល​កាន់​តែ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា បុរស​វ័យ ៣៧ ឆ្នាំ ​មាន​ភាគរយ​ខ្ពស់​អាច​នឹង​ចាកចេញ ដ្បិត​អី​ការ​ប្រកួត​មិត្តភាព​ទល់ Liverpool នៅ​ឯ​ប្រទេស​ថៃ សល់​ពេល​តែ ៦ ថ្ងៃ​ទៀត ត្រូវ​ឈាន​ចូល​មក​ដល់។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ហេតុផល​ CR7 ចង់​ដើរ​ចេញ​ពី Old Trafford មិន​មែន​ត្រឹម​តែ​ដោយសារ​ការ​ខកខាន​នៃ​ឱកាស​លេង​ពាន​អឺរ៉ុប UCL ប៉ុណ្ណោះ​ទេ ទៀត​សោត​ដោយ​មើល​ឃើញ​នូវ​កង្វះ​នៃ​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​នាំ​ក្លឹប លើ​គោលដៅ​ប្រជែង​ពាន​រង្វាន់។ នេះ​ខុស​ពី​រជ្ជកាល គ្រា​លោក Sir Alex Ferguson នៅ​ឈរ​ជើង​ជា​អ្នកចាត់ការ ដែល Ronaldo ធ្លាប់​ឈ្នះ​ពាន Premier League ៣ លើក និង Champions League ១ លើក មុន​ផ្លាស់​ទៅ​ទ្រនំ​នៅ​ឯ​ទឹកដី​អេស្ប៉ាញ គឺ Real Madrid។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ដាក់​សំណើ​សុំ​ក្លឹប​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដែល​កំពុង​បើក​ទ្វារ Ronaldo ក៏​បាន​ចោទ​សួរ​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​ជាន់​ខ្ពស់​របស់​ក្លឹប Man Utd នូវ​សំណួរ​ចាក់ដោត​មួយ​ថា តើ​សព្វថ្ងៃ Man Utd លេង​ដោយ​ប្រើប្រាស់​មហិច្ឆតា ឆន្ទៈ​ផ្តោត​ចង់​ឈ្នះ​ពាន​រង្វាន់​ឬ​អត់ ឬ​ក៏​លេង​ដើម្បី​តែ​ការ​ធ្វើ​ជំនួញ និង​អាជីវកម្ម​តែ​មួយ​មុខ នេះ​វា​ខុស​គ្នា​ដាច់​ស្រឡះ​ធៀប​នឹង​កាល Sir Alex នៅ​ដឹកនាំ។

បញ្ជាក់​ឲ្យ​ដឹង ជ័យជម្នះ​ពាន​រង្វាន់​លើក​ចុង​ក្រោយ​របស់​ក្លឹប​បិសាច​ក្រហម គឺ​នៅ​ពាន​រង្វាន់ Europa League កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧ គិត​មក​ទល់​ពេល​នេះ ខកខាន​រយៈ​ពេល ៥ ឆ្នាំ​ហើយ ដែល United មិន​ស្គាល់​ក្លិន​ពាន​ទាល់​តែ​សោះ។ សូម្បី​តែ​ចូល​រដូវ​កាល​ថ្មី ២០២២/២៣ ក៏​មិន​សង្ឃឹម​ច្រើន​ដែរ ព្រោះ​គ្មាន​ទុន​ធំ ដែល​មើល​ទៅ​គួរ​ឲ្យ​ទុក​ចិត្ត បើ​ទោះ​បី​យក​បាន​វត្តមាន​អ្នកចាត់ការ​លោក Erik ten Hag។

យើង​ងាក​ទៅ​អនាគត​របស់ Ronaldo ឯ​ណោះ​វិញ មាន​ក្លឹប​ធំៗ​ដូច​ជា Chelsea, Bayern Munich, Sporting CP និង Paris Saint-Germain ដែល​ផ្សារភ្ជាប់​ទៅ​ក្នុង​ចចាមអារ៉ាម​នៃ​ទ្រនំ​បន្ទាប់​នា​ពេល​ខាង​មុខ។ បើ​តាម​ស្ថានភាព​អាប់ដែត​ចុង​ក្រោយ មិន​ទាន់​មាន​ក្លឹប​ណា​មួយ ហាក់​បង្ហាញ​តម្រុយ​វិជ្ជមាន​ក្នុង​ការ​នាំ​ចូល CR7 ឡើយ បើ​ទោះ​បី​ត្រូវ​ចាយ​លុយ​តិច​ត្រឹម​ល្បាក់ ១៥ ទៅ ២០ លាន​។

បណ្តា​ក្លឹប​ទាំង​អស់​សុទ្ធ​សឹង​អាច​ផ្តល់​ពេលវេលា​ឈរ​ជើង​នៅ UCL សម្រាប់ Ronaldo ស្រប​ពេល​ភាគី​ក្លឹប Chelsea លឺ​ម្ចាស់​ក្លឹប Todd Boehly ចង់​បាន ក៏​ប៉ុន្តែ​លោក Thomas Tuchel ជា​អ្នកចាត់ការ ចង្អុល​ចង់​បាន​ឈ្មោះ​ Raheem Sterling ឬ Raphinha ជាង។ ខណៈ Bayern Munich ទើប​តែ​យក​បាន Sadio Mane ដូច្នេះ​ការ​នាំ​ចូល Ronaldo បន្ថែម​ទៀត គឺ​ស្ថិត​នៅ​ភាគរយ​ទាប ហើយ Sporting CP ជា​ក្លឹប​មិន​ស្ថិត​នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​ ៥ អ៊ីចឹង​ការ​ពិចារណា​របស់​កីឡាករ​ប្រហែល​នៅ​មាន​កម្រិត ជួន​ពេល PSG កំពុង​គរ​ជើង​គ្នា​សុទ្ធ​តែ​គីឡូ​ធ្ងន់​នៅ​តំបន់​ប្រយុទ្ធ។ សរុប​មក​ គ្រប់​យ៉ាង​មាន​តែ​រង់ចាំ​មើល ព្រោះ​បាល់ទាត់ ក៏​រមែង​កើត​មាន​អភិនិហា​ប្លែកៗ​ច្រើន​លើក​ហើយ​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT