នេះ​អត្ថន័យ​នៅ​ពី​ក្រោយ​ស្ទាយ​អបអរ និង​ពាក្យ “អាឡូម៉ែ” ដែល Jesus តែងតែ​និយាយ​ពេល​ស៊ុត​ចូល​ទី

Gabriel Jesus កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ក្លឹប Arsenal ដែល​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​ការ​ប្រកាស​វត្តមាន​ជា​ផ្លូវការ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ កីឡាករ​ប្រេស៊ីល​នៅ​សេសសល់​កុងត្រា​រយៈ​ពេល ១២ ខែ​ជាមួយ​ក្លឹប​អាណាព្យាបាល Man City តែ​តាម​ចចាមអារ៉ាម គឺ​ប្រហែល ៩៥ ភាគរយ​ហើយ ដែល​ Jesus នឹង​ផ្លាស់​ទៅ​ទ្រនំ​ថ្មី នៅ​ឯ​ក្លឹប​ក្នុង​ទីក្រុង​ឡុង។

ក្រៅ​តែ​ពី​ជោគជ័យ​លើ​ទីលាន ក៏​ដូច​ជា​គុណភាព​នៃ​ការ​បញ្ចប់ទី ដោយឡែក​យើង​ងាក​ទៅ​ស្ទាយ​អបអរ​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ គឺ​មាន​អត្តសញ្ញាណ​ខុស​ប្លែក​ពី​កីឡាករ​ដទៃ ដោយ​រៀងរាល់​ការ​ស៊ុត​បញ្ចូល​ទី គេ​តែងតែ​ទៅ​រត់​ជ្រុង​ម្ខាង ហើយ​លើក​ដៃ​ធ្វើ​ជា​ទម្រង់​ដូច​ការ​និយាយ​ទូរស័ព្ទ អម​នឹង​ទឹក​មុខ​ពោរពេញ​ដោយ​ស្នាម​ញញឹម។ តើ​នៅ​ពី​ក្រោយ​ការ​អបអរ​នោះ មាន​បង្កប់​អត្ថន័យ​អ្វី​ទៅ ហើយ​ហេតុអ្វី​បាន​ជា​ Jesus និយាយ​ពាក្យ “អាឡូម៉ែ” សឹង​តែ​ដូច​ជា​សំនៀង​ភាសា​ខ្មែរ? CTS Sports នឹង​ធ្វើ​ការ​បកស្រាយ​ដូច​ត​ទៅ៖

នៅ​បទសម្ភាសន៍​កាល​ពី​ជាង ៤ ឆ្នាំ​មុន អតីត​កីឡាករ​ក្លឹប Palmeiras បាន​ទម្លាយ​គ្មាន​សល់ អំពី​ដំណើរ​ដើមទង​នៃ​ការ​ប្រលូក​ក្នុង​អាជីព​បាល់ទាត់ ក៏​ដូច​ជា​អត្ថន័យ​ដ៏​គួរ​ឲ្យ​គោរព នៅ​ពី​ក្រោយ​ស្ទាយ​អបអរ ដែល​ខ្លួន​តែងតែ​បង្ហាញ​ចេញ។ ចម្លើយ៖ គឺ​គេ​ចង់​សំដៅ​ទៅ​ការ​ហៅ​ទូរស័ព្ទ ឬ​ខល​ទៅ​រក​ម្តាយ ដែល​ជា​អ្នក​មាន​គុណ ឲ្យ​បាន​ដឹង​លឺ​មុន​គេ​បង្អស់ ថា​កូន​ប្រុស​ម្នាក់​នេះ កំពុង​តែ​បង្កើត​ជោគជ័យ​លើ​ទីលាន។

Jesus និយាយ៖ “ដំណក់​ទឹក​គង់​ថ្ងៃ​ណា​មួយ ក៏​អាច​ប្រែ​ទៅ​ជា​ស្រា​ក្រហម ដូច្នេះ​កុំ​បញ្ឈប់​ក្តីស្រមៃ​ខ្លួន​ឯង​ឲ្យ​សោះ ហើយ​នៅ​ពី​ក្រោយ​ជោគជ័យ​ទាំង​អស់ គឺ​តែងតែ​មាន​ម្តាយ​របស់​ខ្ញុំ គាត់​ជា​ម្តាយ​ផង​ឪពុក​ផង ពោល​ជា​វីរបុរស​ក្នុង​ដួងចិត្ត​ខ្ញុំ ដូច្នេះ​រៀងរាល់​ពេល​រក​បាន​គ្រាប់​បាល់ ទោះ​គាត់​មិន​នៅ​ក្នុង​កីឡដ្ឋាន ក៏​ខ្ញុំ​តែងតែ​ចេញ​ស្ទាយ​អបអរ​លើក​ដៃ ធ្វើ​ជា​ការ​ខល​ទូរស័ព្ទ​ទៅ​រក​គាត់​មុន​គេ​បង្អស់”។

លោក​បន្ត៖ “ជីវិត​របស់​ខ្ញុំ​លំបាក​ណាស់ កាល​ខ្ញុំ​នៅ​ប្រេស៊ីល ស្ថិត​នៅ​អាយុ ១២,១៣ ឆ្នាំ ខ្ញុំ​ចាប់ផ្តើម​មាន​ក្តីស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព ហើយ​ពេល​នោះ​គ្រួសារ​យើង​មាន​ការ​ខ្វះខាត ដែល​បង្ខំ​ឲ្យ​ខ្ញុំ​ត្រូវ​តែ​សិក្សា និង​ធ្វើ​ការងារ​ដើម្បី​រក​លុយ​តែ​មួយ​មុខ​គត់ ក៏​ប៉ុន្តែ​បាន​ម្តាយ​របស់​ខ្ញុំ គាត់​ជឿជាក់​លើ​ខ្ញុំ គាត់​ប្រាប់​ខ្ញុំ ឲ្យ​ខិតខំ​ផ្តោត​លើ​ការ​ហ្វឹកហាត់​បន្ត​ទៀត​ទៅ ទោះ​មាន​រឿង​អ្វី​ លំបាក​បែប​ណា ក៏​គាត់​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក​លុយ​ឲ្យ​ខ្ញុំ​បាន​លេង​បាល់ទាត់”។

Jesus បញ្ចប់​បែប​នេះ​ថា៖ “ដូច្នេះ​ហើយ​រៀងរាល់​ពេល​ខ្ញុំ​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប Man City ពោល​គ្រប់​ពេល​បាល់​ប៉ះ​សំណាញ់ គឺ​តែងតែ​ដូច​ជា​មាន​ទូរស័ព្ទ​រោទ៍ ហើយ​ខ្ញុំ​លើក​មក​និយាយ​ទៅ​កាន់​ម្តាយ មិន​ថា​គាត់​នៅ​ប្រទេស​កំណើត​ប្រេស៊ីល ឬ​កំពុង​ទស្សនា​ខ្ញុំ​ក្នុង​កីឡដ្ឋាន ខ្ញុំ​បាន​រត់​ទៅ​ជ្រុង​ម្ខាង ហើយ​ដាក់​ដៃ​មក​ក្បែរ​ត្រចៀក និង​និយាយ​ពាក្យ​ថា ‘Alo Mae!’។

គួរ​បញ្ជាក់​ថា ពាក្យ Alo Mae គឺ​ជា​ភាសា​ព័រទុយហ្គាល់ ដែល​ជា​ភាសា​ផ្លូវការ​របស់​ជនជាតិ​ប្រេស៊ីល ហើយ​បក​ទៅ​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា “Hello Mother” ឬ “សួស្ដី​ម៉ែ” ក្នុង​អត្ថន័យ​ជា​ភាសា​ខ្មែរ។ តែ​បើ​យើង​និយាយ​ Alo Mae ជា​ភាសា​ព័រទុយហ្គាល់ ស្តាប់​ទៅ ដូច​កំពុង​និយាយ​ភាសា​ខ្មែរ​អ៊ីចឹង៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT