ក្លឹប Chelsea ស្តាប់​សំណើ Thiago Silva រត់​ទៅ​ចរចា​ភ្នាក់ងារ​កីឡាករ​រូប​នេះ​ហើយ

ទឹក​មាត់​ប្រៃ Thiago Silva ដែល​បាន​បញ្ជូន​សំណើ​ទៅ​ថ្នាក់​លើ ដោយ​ចង់​ឲ្យ​ក្លឹប​ចាត់ចែង​ការ​នាំ​យក Neymar Jr ឥឡូវ​ទទួល​បាន​ផល​ហើយ ពោល​ក្លឹប​ពិត​ជា​បាន​បញ្ជូន​អ្នក​ឃ្លាំ​មើល​ទៅ​ចរចា​រវាង​ភាគី​ភ្នាក់ងារ​របស់​កីឡាករ​ប្រេស៊ីល​ពិត​មែន។

តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ​ថា ការ​ចង់​បាន​របស់ Silva គឺ​មាន​ភាគរយ​អាច​ក្លាយ​ទៅ​ជា​ការ​ពិត ព្រោះ​ពេល​នេះ ភាគី​ក្លឹប និង​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប PSG កំពុង​ស្ថិត​ក្នុង​ការ​ចរចា ដើម្បី​សិក្សា​មើល​លើ​កិច្ច​ព្រមព្រៀង​ដ៏​សមរម្យ​មួយ។ ជា​ការ​ពិត បើ​ផ្ទេរ​មក​ក្លឹប​ម្ចាស់ដី Stamford Bridge លុះត្រា​ណា​តែ​ Neymar ព្រម​បន្ទាប​តម្លៃ​ពលកម្ម ឲ្យ​ទាប​ជាង​បច្ចុប្បន្ន ដែល​រក​បាន​នៅ PSG ទើប​មិន​ប៉ះពាល់​ដល់​ស្ថានភាព​ក្លឹប។

សុពលភាព​កុងត្រា​របស់ Neymar នៅ​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ រី​ឯ​ហាងឆេង​តម្លៃ​ខ្លួន អាច​ថ្លៃ​ដល់​ល្បាក់ ៩០ លាន​ផោន។ យ៉ាង​ណា​ក្រៅ​តែ​ពី Chelsea ក៏​មាន​ក្លឹប Man Utd និង Newcastle ដាក់​ចិត្ត​ចាប់​អារម្មណ៍​ចង់​បាន​ដូច​គ្នា។ ទៅ​មើល​ស្ថិតិ​រដូវ​កាល​ចាស់​របស់​កីឡាករ​វ័យ ៣០ ឆ្នាំ​បន្តិច បង្ហាញ​ខ្លួន ២៨ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ៨ លើក៕

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT