ឃើញ​មិន​សូវ​ដាក់​ឲ្យ​លេង ក្លឹប​ Promote ឡើង Fulham សុំ​ខ្ចី​ជើង​សមាជិក Man Utd រូប​នេះ​សិន

Fulham នឹង​ជា​ចំណែក​មួយ​ក្នុង​ចំណោម​ក្លឹប​ទាំង ២០ នៅ Premier League ដែល​ត្រូវ​បើក​ការ​ប្រកួត​រដូវ​កាល​ថ្មី នា​រយៈ​ពេល​ជាង ១ ខែ​បន្ទាប់។ មក​ដល់​ទីផ្សារ​ដោះដូរ​ដែល​កំពុង​បើក​ទ្វារ ក្លឹប​ទើប Promote ឡើង​មួយ​នេះ ក៏​លេចលឺ​ថា​បាន​ចាប់​អារម្មណ៍​ទៅ​លើ​កូន​បិសាច ដែល​មិន​ទទួល​បាន​ពេលវេលា​ឈរ​ជើង​លើ​ទីលាន ហើយ​ចង់​យក​មក​ក្លាយ​ជា​តួ​ឯក​នៅ​ក្លឹប​របស់​ខ្លួន។

នោះ​គឺ​ខ្សែ​ការពារ​កណ្តាល Eric Bailly ដែល​សេសសល់​កុងត្រា​រយៈ​ពេល ២៤ ខែ​ទៀត ហើយ​ក៏​លេចលឺ​ថា​ក្លឹប​មាន​បំណង​ចង់​វ៉ៃ​ចេញ​ផង​ដែរ។ ស្ថិតិ​រដូវ​កាល​ចាស់ កីឡាករ​សញ្ជាតិ​កូឌីវ័រ​ឈរ​ជើង​តែ ៤៨៧ នាទី ស្មើ​នឹង ៧ ប្រកួត​គត់​ឲ្យ​ក្រុម​ម្ចាស់ដី Old Trafford។ តំណែង​របស់​គេ​ត្រូវ​បាន​បំពេញ​ដោយ Harry Maguire, Raphael Varane និង Victor Lindelof ជា​ដើម។

ទោះ​ជា​យ៉ាង​ណា បើ​តាម​ Sky Sports News ចុះ​ផ្សាយ​ថា Fulham មាន​បំណង​ចង់​ខ្ចី​ជើង​កីឡាករ​វ័យ ២៨ ឆ្នាំ​ខាង​លើ អម​នឹង​ការ​បំពេញ​កិច្ច​ព្រមព្រៀង​ទិញ​ផ្តាច់​កុងត្រា​នៅ​ពេល​បន្ទាប់។ តាម​ដឹង​សាមី​ខ្លួន​ពិត​ជា​មិន​ចង់​ចាកចេញ​ទេ តែ​បើ​ក្លឹប​បង្ខំ​ក៏​ពិបាក​នឹង​ដាក់​ចិត្ត​បន្ត​នៅ​ដែរ ណា​មួយ​ក្លឹប​ក៏​ល្ហិចល្ហៀង​ត្រៀម​យក​ខ្សែ​ការពារ​ថ្មី Lisandro Martinez ថែម​ម្នាក់​ទៀត ដូច្នេះ​ឱកាស​សម្រាប់ Bailly ប្រាកដ​ជា​កាន់​តែ​ខ្ទាត​ឆ្ងាយ៕

ប្រភព៖ Sky Sports News

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT