Man Utd ប្រឈម​ការ​ជាប់​បំណុល​ដល់ ១ ពាន់​លាន​ផោន ដោយសារ​រឿង ២ នេះ

នៅ​រយៈ​ពេល​ចុង​ក្រោយ ខ្ទង់​ចំណាយ​របស់​ក្លឹប Manchester United ហាក់​ខ្ពស់​ជាង​ចំណូល ជា​ពិសេស​ជួន​ពេល​ក្លឹប​កំពុង​ធ្លាក់​ទម្រង់​លេង​ផង មិន​បាន​លេង​ពាន​អឺរ៉ុប UEFA Champions League ផង ដូច្នេះ​លុយ​ចូល​ក្លឹប​មួយ​ចំនួន ក៏​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ។ លាយឡំ​នឹង​បញ្ហា​ធំៗ ២ ផ្សេង​ទៀត ក៏​នាំ​ឲ្យ​ក្លឹប​ម្ចាស់ដី Old Trafford ត្រូវ​បាន​គេ​រាយការណ៍​ថា ប្រឈម​នឹង​ត្រូវ​ជាប់​ជំពាក់​បំណុល​ដល់​ទៅ ១ ពាន់​លាន​ផោន​នា​ពេល​ខាង​មុខ។

ដូច​បាន​បញ្ជាក់​ពី​នាយក​ប្រតិបត្តិ​ថ្មី លោក Richard Arnold កាល​ពី​វីដេអូ​បែក​ធ្លាយ​ថ្ងៃ​មុន ១) ក្លឹប​បិសាច​ក្រហម​កំពុង​ជួប​បញ្ហា​ក្នុង​ការ​រក​មូលនិធិ​ដើម្បី​អភិវឌ្ឍ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​កីឡដ្ឋាន Old Trafford ២) ក៏​ដូច​ជា​ត្រូវ​ការ​កញ្ចប់​ចំណាយ​ជា​ច្រើន​ផ្សេង​ទៀត មក​ជួសជុល​ទីលាន​ហ្វឹកហាត់ Carrington ដែល​ផ្នែក​ជា​ច្រើន រង​ការ​ខូចខាត​ទុក​ចោល​ច្រើន​ឆ្នាំ​មក​ហើយ។

បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា បើ​បញ្ហា​នៅ​តែ​បន្ត​មាន ហើយ​ចំណូល​បន្ត​ធ្លាក់​ចុះ នោះ​ពេល​ទៅ​មុខ ក្លឹប Man Utd ក៏​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​សិទ្ធ​ប្រើប្រាស់​ឈ្មោះ​កីឡដ្ឋាន ដោយ​លុប Old Trafford ទៅ​ជា​ឈ្មោះ​ក្រុមហ៊ុន​ម្ចាស់​ឧបត្ថម្ភ​ធំ​ណា​មួយ​ក៏​ថា​បាន ពោល​ដូច​គន្លង Barcelona សហការ​ប្តូរ​ពី Camp Nou ទៅ​ជា Spotify កាល​ពី​ពេល​ថ្មីថ្មោង។

បច្ចុប្បន្ន​នេះ ក្លឹប​ជាប់​បំណុល ៥០០ លាន​ផោន ហើយ​តួ​លេខ​អាច​នឹង​កាន់​តែ​កើន​ឡើង​ទៅ​ដល់ ១ ពាន់​លាន​ផោន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ បើ​តាម​ការ​ព្យាករណ៍។ ទោះ​ជា​យ៉ាង​ណា ពាក់ព័ន្ធ​កញ្ចប់​ចំណាយ​សម្រាប់​អ្នកចាត់ការ​លោក Erik ten Hag ក៏​ត្រូវ​បាន​គេ​បញ្ជាក់ ថា​ក្លឹប​នៅ​តែ​បាន​រៀបចំ​គ្រប់គ្រាន់​លើ​ការ​ចាយវាយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ៕

ប្រភព៖ The Mirror

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT