អស់​ការ​អត់ធ្មត់ ទី​បំផុត​ Liverpool សម្រេច​ដាក់​លក់ Salah នៅ​តម្លៃ​ទាប​ជាង​ទីផ្សារ

បន្ទាប់​ការ​ចាកចេញ​របស់ Sadio Mane ឥឡូវ​អ្នក​គាំទ្រ​ Liverpool ក៏​ត្រូវ​ត្រៀម​ចិត្ត ទទួល​ការ​ចែក​ផ្លូវ​នៃ​សំណាក់​តារា​ឆ្នើម​មួយ​រូប​ផ្សេង​ទៀត គឺ Mohamed Salah ក្រោយ​ការ​ចរចា​បន្ត​កុងត្រា​ថ្មី ហាក់​មិន​បញ្ចេញ​ភ្លើង​ខៀវ ជា​ចម្លើយ​វិជ្ជមាន​ទាល់​តែ​សោះ។ បុរស​វ័យ ៣០ ឆ្នាំ កំពុង​ស្ថិត​នៅ​ឆ្នាំ​ចុង​ក្រោយ ជាមួយ​កុងត្រា​សេសសល់​រយៈ​ពេល ១២ ខែ ហើយ​ភាគរយ​ច្រើន​គេ​ជឿ​ថា បើ​កុងត្រា​ថ្មី ចរចា​មិន​ត្រូវ នោះ​ផ្លូវ​បែក គឺ​ប្រាកដ​ជា​កើតឡើង រី​ឯ​សំណាក់​ក្លឹប​អាណាព្យាបាល​ក៏​បាន​គិត​ដូច​គ្នា ព្រោះ​ដើម្បី​ប្រមូល​លុយ​មួយ​ចំនួន​ចូល​ក្លឹប ជា​ជាង​រក្សា​វត្តមាន​កីឡាករ​ដល់​អស់​តម្លៃ​ខ្លួន។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប ត្រូវ​បាន​គេ​ជឿជាក់ ថា​បាន​ទាមទារ​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ​ពី​ក្លឹប​ម្ចាស់ដី Anfield ហើយ​ថ្លៃ​ពលកម្ម ចង់​បាន​ខ្ពស់​ជាង​កីឡាករ​ស៊ី​ថ្លៃ​ប្រចាំ​ក្លឹប​បច្ចុប្បន្ន គឺ Virgil van Dijk ដល់​ទៅ ១៦០ ០០០ ផោន​ឯ​ណោះ។ មាន​ន័យ​ថា Salah ចង់​បាន​ប្រាក់​ឈ្នួល ៤០០ ០០០ ផោន/សប្តាហ៍ ដែល​នេះ​គុណ​ជិត ១ ទ្វេ​ជា ២ ធៀប​នឹង​ប្រាក់​ឈ្នួល​សព្វថ្ងៃ ហើយ​ខ្ពស់​ជាង​ឆ្ងាយ ធៀប​នឹង​ខ្សែ​ការពារ​ហូឡង់ ទទួល​បាន​ត្រឹម ២៤០ ០០០ ផោន។ ទំហំ​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង ផ្តល់​ជូន​ប្រាក់​ឧបត្ថម្ភ​ដទៃ​ផ្សេង​ទៀត។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់ដី Anfield នឹង​សម្រេច​ថា មិន​ព្រម​តាម​សំណើ​កីឡាករ​អេហ្សីប​នោះ​ទេ ព្រោះ​ច្បាស់លាស់​មិន​ចង់​បំបែក​រចនាសម្ព័ន្ធ​នៃ​ការ​ចំណាយ​លើ​ថ្លៃ​ពលកម្ម ពោល​នឹង​គ្មាន​ការ​បន្ថែម​ខ្ទង់​ចំណាយ​លើស​ពេល​បច្ចុប្បន្ន តែ​តាម​សំណើ​របស់​កីឡាករ​នោះ​ឡើយ។ នេះ​វា​ក៏​ជា​មូលហេតុ ដែល​នាំ​ឲ្យ​កីឡាករ​សេណេហ្គាល់ Mane ជ្រើស​យក​ផ្លូវ​បែក និង​ផ្ទេរ​ទៅ​ក្លឹប​ Bayern Munich កាល​ពី​ពេល​ថ្មីថ្មោង។

ទៅ​មើល​តម្លៃ​លក់​ចេញ ដែល Liverpool ចង់​បាន​ពី​ការ​ផ្ទេរ Salah គឺ​កំណត់​ទាប​ជាង​ទីផ្សារ​ទៅ​ទៀត ពោល​សុំ​ត្រឹម​តែ ៦០ លាន​ផោន នឹង​ព្រម​អនុញ្ញាត​ឲ្យ​ Top Scorer រដូវ​កាល​ចាស់​ដើរ​ចេញ​ទៅ​ហើយ។ ទំហំ​នេះ វា​ទាប​ជាង​ហាងឆេង​ដែល​ប្រភព​ជា​ច្រើន​វាយ​តម្លៃ​ឲ្យ Salah ដល់​ល្បាក់ ៩០ ទៅ​ជាង ១០០ លាន​ផោន។

គួរ​បញ្ជាក់​ដែរ​ថា បើ​ផ្អែក​តាម​ចចាមអារ៉ាម ទ្រនំ​ធំ ២ ដែល​ចង់​ត្រង​យក Salah មាន​ក្លឹប Barcelona និង Real Madrid តែ​តាម​ការ​ជឿជាក់ ប្រាកដ​ណាស់​ស្តេច​ស មាន​ប្រៀប​ខ្ពស់​ជាង បើ​យើង​គិត​លើ​ការ​ចំណាយ។ ចាយ​ពេល​ឲ្យ​ហង្ស ២៥៤ ប្រកួត រក​បាន ១៥៦ គ្រាប់​និង Assist ៦៣ លើក រួច​ក៏​បាន​ឈ្នះ​រួចរាល់​នូវ​ពាន​រង្វាន់ Premier League និង Champions League។

បង្វែរ​ទៅ​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត ក្លឹប​កាំភ្លើង​ធំ Arsenal ឯ​ណោះ ក៏​លេចលឺ​ថា​កៀក​នឹង​ប្រកាស​ការ​ផ្ទេរ​ចូល Gabriel Jesus ជា​ផ្លូវការ ពោល​ទំនង​ជា​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។ តាម​សេចក្តី​រាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា នាយក​ជាន់​ខ្ពស់​លោក Edu របស់ Arsenal បាន​នឹង​កំពុង​សកម្ម ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​រវាង​ភាគី Man City ជាមួយ​ការ​ទម្លាក់​ចុង​ប៊ិច​លើ​កុងត្រា​ថ្មី​សន្លាង រយៈ​ពេល ៥ ឆ្នាំ។ គេ​ជឿ​ថា​ការ​ផ្ទេរ​ចេញ​សារ​នេះ អាច​ថ្លៃ​ប្រហែល ៤៥ លាន​ផោន។ ការ​នាំ​យក​កីឡាករ​ប្រេស៊ីល គឺ​ជា​ការ​មក​បំពេញ​កន្លែង​របស់ Alexandre Lacazette ក៏​ដូច​ជា Pierre-Emerick Aubameyang ដែល​បាន​ចាកចេញ​នៅ​រដូវ​កាល​ចាស់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT