សំណើ PSG ផ្តល់​ឲ្យ ៣ ធំ​ប៉ុន​មហាសាគរ ក៏​នៅ​តែ​មិន​អាច​អូស​យក​ចិត្ត​ Vinicius ចេញ​ពី R.Madrid

Vinicius Jr គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ ឲ្យ​ក្លឹប Real Madrid យក​ឈ្នះ ១-០ ទៅ​លើ Liverpool កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League ហើយ​ពេល​នេះ គេ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​យក្ស​នៅ​ទូទាំង​តំបន់​អឺរ៉ុប។ តែ​យ៉ាង​ណា កីឡាករ​ប្រេស៊ីល​បាន​សម្រេច​ចិត្ត​ខុស​ស្រឡះ​ពី Kylian Mbappe ដោយ​នេះ​មិន​បាន​បោះ​ចោល​ក្តីស្រមៃ ដើម្បី​ទៅ​ស្រវា​លុយ​ធំ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​នៅ​បន្ត​ដើរ​តាម​បេះដូង​ដដែល ហើយ​ស៊ូ​បន្ត​កើប​លុយ​តូច​នៅ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ជា​ការ​ពិត​ក្លឹប​សេដ្ឋី Paris Saint-Germain ក្រៅ​តែ​ពី​ជោគជ័យ​លើ​ការ​បន្ត​កុងត្រា​ថ្មី ឲ្យ Mbappe បន្ថែម​ពី​លើ​នោះ ក៏​ដាក់​ផែនការណ៍​ចង់​ថ្ពក់​យក​គ្រាប់​ពេជ្រ Vinicius ចេញ​ពី​ក្លឹប​នៅ​ឯ​ទឹកដី​អេស្ប៉ាញ ក៏​ប៉ុន្តែ ចុង​ក្រោយ​ការ​ចរចា មិន​ទទួល​បាន​ជោគជ័យ។ នេះ​កីឡាករ​វ័យ ២១ ឆ្នាំ​បាន​ច្រានចោល​ការ​ផ្តល់​ជូន​ដ៏​ធំ​មហាសាល ៣ ពី​សំណាក់​ក្លឹប PSG។

១) ប្រាក់​ពលកម្ម ៤០ លាន​អឺរ៉ូ/ឆ្នាំ

បើ Vinicius ព្រម​មក​ចុះចូល​នៅ PSG នោះ​ក្លឹប​នឹង​សន្យា​ផ្តល់​ប្រាក់​ពលកម្ម​សុទ្ធ ប្រមាណ ៤០ លាន​អឺរ៉ូ/ឆ្នាំ ដោយ​ទំហំ​នេះ អាច​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​លំដាប់​ទី ២ ស៊ី​ថ្លៃ​បំផុត​ប្រចាំ​ក្លឹប PSG បន្ទាប់​ពី Mbappe រក​បាន​ជិត ៦០ លាន​អឺរ៉ូ។ នេះ​ច្រើន​ជាង​ទាំង Messi ទទួល​បាន ៣៨ លាន​អឺរ៉ូ ខណៈ Neymar បាន​តែ ៣៤ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

២) ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​ទៀត

ដូច​កុងត្រា​របស់ Mbappe ប្រាក់​ពលកម្ម​សុទ្ធ ជិត ៦០ លាន​អឺរ៉ូ តែ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត អាច​ឡើង​ដល់​ជិត ១០០ លាន​អឺរ៉ូ ឲ្យ​តែ​កីឡាករ​អាច​សម្រេច​ ទៅ​តាម​គោលដៅ​ដែល​ក្លឹប​ចង់​បាន។ វា​មិន​ខុស​គ្នា​នឹង Vinicius នោះ​ឡើយ ព្រោះ​ជឿ​ថា PSG ក៏​នឹង​ឲ្យ​តម្លៃ​មក​លើ​យុវជន​សញ្ជាតិ​ប្រេស៊ីល ប្រហែល​គ្នា​នឹង​កីឡាករ​បារាំង​ផង​ដែរ។ តែ​យ៉ាង​ណា Vinicius មើល​ឃើញ​ថា លុយ​ទាំង​នោះ មិន​អាច​កាត់កង​ ស្មើ​នឹង​ទំហំ​ទឹកចិត្ត​ដែល​ខ្លួន​ស្រលាញ់​មក​លើ​ក្លឹប Real Madrid បាន​ឡើយ។

៣) ការ​ផ្តល់​ឱកាស​រកស៊ី​ជំនួញ​ធំ នៅ​ប្រទេស​កាតារ

កាតារ​ជា​ប្រទេស​អ្នក​មាន​មួយ​នៅ​ទ្វីប​អាស៊ី ហើយ​មហាសេដ្ឋី​នៅ​ទី​នោះ ក៏​ជា​សម្ព័ន្ធ​កាន់កាប់​ក្លឹប PSG ផង​ដែរ។ ហេតុ​នេះ ក្រៅ​ពី​ផ្តល់​ផល​ចំណេញ​លើ​ទីលាន បង្វែរ​ទៅ​ក្រៅ​ទីលាន ក្លឹប​ក៏​ថែម​ទាំង​សន្យា​នឹង​ធានា​នូវ​ឱកាស​រកស៊ី ឬ​ការ​បង្កើត​អាជីវកម្ម​ធំដុំ​ណា​មួយ​នៅ​ទឹកដី​ប្រទេស​កាតារ​ថែម​ទៀត​ផង។ នេះ​បើ Vinicius ចាប់​យក វា​ជា​រឿង​អស្ចារ្យ​មួយ​ហើយ ព្រោះ​ទើប​តែ​ស្ថិត​នៅ​វ័យ ២១ ឆ្នាំ ក៏​អាច​មាន​ធនធាន​ជា​ដុំកំភួន​នៅ​ប្រទេស​អ្នក​មាន អ៊ីចឹង​ពេល​ទៅ​មុខ​ក្រោយ​ចូល​និវត្ត ទោះ​អស់​ពី​អាជីព​បាល់ទាត់ ក៏​រំពឹង​នឹង​សល់​លុយ​ចាយ​ធូរ​ដែរ តែ​ចម្លើយ​របស់​កីឡាករ​គឺ​នៅ​តែ Say “No” ទៅ​កាន់​ក្លឹប PSG។

ចុងក្រោយ​តាម​ការ​ចុះ​ផ្សាយ​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Vinicius ទី​បំផុត​ក៏​ព្រមព្រៀង​ការ​បន្ត​កុងត្រា​ថ្មី ជាមួយ​ក្លឹប Real Madrid ដោយ​បន្ថែម​ពី​លើ​កុងត្រា​ចាស់​ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ មក​ទល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧។ នេះ​អាច​បន្ថែម​ប្រាក់​ពលកម្ម​ដល់​កីឡាករ​តែ ១០ លាន​អឺរ៉ូ/រដូវ​កាល​ប៉ុណ្ណោះ ជាមួយ​នឹង​លក្ខខណ្ឌ​ចង​ជើង គឺ​តម្លៃ​ផ្តាច់​កុងត្រា ១ ពាន់​លាន​អឺរ៉ូ។ ទោះ​ជា​យ៉ាង​ណា​កីឡាករ​ក៏​នៅ​តែ​រីករាយ​នឹង​បន្ត​នៅ ហើយ​បន្ត​លេង​ទាំង​ស្នាម​ញញឹម ឲ្យ​ក្លឹប​ក្នុង​ក្តីស្រមៃ​ដែល​កំពុង​ជោគជ័យ​ស្រាប់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT