Neymar ថា​ខ្លួន​បាន​ចាកចេញ​ពី​ជម្រើស​ជាតិ​ហើយ ខណៈ​អាវ​លេខ ១០ ទុក​ឲ្យ​កីឡាករ​រូប​នេះ

តារា​ឆ្នើម Neymar Jr ទំនង​ជា​នឹង​ដើរ​ចេញ​ពី​ជម្រើស​ជាតិ នៅ​ក្រោយ​ចប់​ការ​ប្រកួត FIFA World Cup 2022 នៅ​ឯ​ចុង​ឆ្នាំ ហើយ​អាវ​លេខ ១០ របស់​ខ្លួន គឺ​ចង់​បន្ត​វេន​ដល់​កីឡាករ​នៃ​ក្លឹប Real Madrid។ នេះ​បើ​តាម​ការ​លើក​ឡើង​ដោយ​ផ្ទាល់ ពី​សំណាក់​យុវជន Rodrygo ជា​មិត្ត​រួម​សញ្ជាតិ។

បញ្ជាក់​ឲ្យ​ដឹង​ថា តារា​ឆ្នើម​ក្លឹប PSG គឺ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​លំដាប់​ទី ២ ឲ្យ​ប្រេស៊ីល បន្ទាប់​ពី​វីរបុរស Pele តែ​ដោយសារ​សម្ពាធ​ផ្លូវ​ចិត្ត គេ​ហាក់​ជ្រើស​យក​ផ្លូវ​បែក​ពី​ជម្រើស​ជាតិ ទាំង​ស្ថិត​ត្រឹម​វ័យ ៣០ ឆ្នាំ។ ចំពោះ​អាវ​លេខ ១០ កន្លង​មក ក៏​ធ្លាប់​បាន​ប្រើប្រាស់​ដោយ​សំណាក់​កីឡាករ Pele, Ronaldinho និង Kaka មុន​ពេល​ដែល Neymar ប្រើប្រាស់​មក​ទល់​សព្វថ្ងៃ។

ប្រាប់​ទៅ ESPN កីឡាករ​វ័យ​ក្មេង Rodrygo ថា៖ “Neymar បាន​និយាយ​មក​ខ្ញុំ ថា​គាត់​រៀបចំ​ដើរ​ចេញ​ពី​ជម្រើស​ជាតិ​ហើយ ខណៈ​អាវ​លេខ ១០ គាត់​ប្រគល់​មក​ឲ្យ​ខ្ញុំ រួច​ខ្ញុំ​អត់​ដឹង​ឆ្លើយតប​បែប​ម៉េច​ទៅ​កាន់​គាត់​វិញ​ទេ ខ្ញុំ​បាន​ត្រឹម​លួច​សើច​តិចៗ តែ​ក៏​បាន​ប្រាប់​ទៅ​គាត់​វិញ​ដែរ ថា​គាត់​សម​តែ​លេង​ឲ្យ​បាន​ច្រើន​ឆ្នាំ​ជាង​នេះ​បន្ថែម”៕

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT