ឃើញ​មិន​សូវ​ប្រើ Fiorentina ចូល​សុំ​ចែក Real Madrid ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​រូប​នេះ

ក្លឹប​នៅ​ឯ​អ៊ីតាលី គឺ Fiorentina បាន​ចាប់​ចិត្ត​មក​លើ​ខ្សែ​ប្រយុទ្ធ​ស៊ែប៊ី Luka Jovic នៃ​ក្លឹប Real Madrid ដោយ​ចង់​សម្រេច​ការ​នាំ​យក​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ ត្រៀម​សម្រាប់​ការ​បើក​រដូវ​កាល​ថ្មី ២០២២/២៣។

ពេល​នេះ ភាគី​ក្លឹប Fiorentina កំពុង​សកម្ម​ក្នុង​ការ​ចរចា ដោយ​ព្រម​ជួយ​ចេញ​ថ្លៃ​ពលកម្ម​មួយ​ផ្នែក ជំនួស Madrid លើ​ការ​ខ្ចី​ជើង Jovic នៅ​រដូវ​កាល​ក្រោយ។ សម្រាប់​កីឡាករ​ផ្ទាល់ ក៏​ហាក់​បើក​ចិត្ត​ក្នុង​ការ​ផ្ទេរ​ចេញ​សារ​នេះ​ដែរ ព្រោះ​គេ​ដឹង​ច្បាស់​ថា ការ​បន្ត​នៅ​ក្លឹប​ស្តេច​ស នឹង​មិន​បាន​ផ្តល់​ពេលវេលា​ដល់​គេ​ឡើយ ជាក់ស្តែង​ Karim Benzema ហាក់​វ៉ៃ​ផ្តាច់​ទៅ​ហើយ​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល។

បញ្ជាក់​ថា សុពលភាព​កុងត្រា​ Jovic ជាមួយ​ក្លឹប Madrid សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​រដូវ​កាល​កន្លង​ទៅ គេ​ឈរ​ជើង​បាន​តែ ៥៤៩ នាទី​គត់ ស្មើ​នឹង ១៩ ប្រកួត រក​បាន ១ គ្រាប់​ Assist ៣ លើក។ និយាយ​អំពី​ទំហំ​ប្រាក់​ឈ្នួល កីឡាករ​វ័យ ២៤ ឆ្នាំ ស៊ី​ថ្លៃ​ប្រមាណ ១៥០ ០០០ ផោន/សប្តាហ៍ មាន​ន័យ​ថា Fiorentina ត្រូវ​ជួយ​ចេញ ចន្លោះ ៧០ ០០០ ទៅ ៨០ ០០០ ផោន​ជា​កំហិត ប្រសិន​ចង់​បាន​គេ​ពិត​មែន៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT