ហុងគ្រីពី​ក្រុម​ដែល​គេ​មើល​ស្រាល ចុងក្រោយ​ឡើង​ឈរ​ចំណាត់ថ្នាក់​កំពូល ធ្វើ​ឲ្យ​អង់គ្លេស​បាក់​មុខ​មិន​ស្ទើរ

នៅ​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League រដូវ​កាល ២០២២/២៣ ដែល​ទើប​ចាប់ផ្ដើម​នៅ​ដើម​ខែ​មិថុនា បាន​បង្កើត​ទស្សនីយភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ជា​ពិសេស​នៅ Group 3 ដែល​មាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស, អ៊ីតាលី, អាល្លឺម៉ង់ និង​ហុងគ្រី។

មុន​បើក​ការ​ប្រកួត ពោល​នៅ​ក្រោយ​ការ​ចាប់ឆ្នោត​ថ្មីថ្មោង​របស់ UEFA មតិ​ពី​អ្នក​គាំទ្រ​ជា​ច្រើន បាន​បង្ហាញ​ការ​យល់​ឃើញ​បែប​មើល​ស្រាល​ប្រហែល​គ្នា ថា​ហុងគ្រី ប្រាកដ​ជា​នឹង​ត្រូវ​ក្រុម​ធំ ៣ ផ្សេង​ទៀត កៀប​ដូច​ចេកចៀន សង្កត់​យក​ពិន្ទុ​ផុយៗ​ជាក់​ជា​មិន​ខាន។ មតិ​ខ្លះ​ទៀត ក៏​និយាយ​ថា ក្រុម​ឈរ​លេខ ៤០ នៅ FIFA Ranking មួយ​នេះ គិត​ថា​ដូច​នាំ​កីឡាករ​ទៅ​លំហែ​កាយ ឬ​កម្ដៅ​សាច់ដុំ​ទៅ​ចុះ ព្រោះ​ពួក​គេ​នឹង​គ្មាន​គីឡូ​ជាមួយ​ជម្រើស​ជាតិ​ដូច​ជា​អាល្លឺម៉ង់, អ៊ីតាលី និង​អង់គ្លេស​នោះ​ឡើយ។

ដល់​តែ​លទ្ធផល​បង្ហាញ​ចេញ​មក នេះ​គិត​ត្រឹម ៤ ជុំ​ដំបូង ក្នុង​ចំណោម​ការ​ប្រកួត ៦ ជុំ នា​វគ្គ​ចែក​ពូល​គឺ​ហុងគ្រី ធ្វើ​បាន​ល្អ​ខ្លាំង សឹង​តែ​ស៊ី​រាប​លើ​បណ្តា​ក្រុម​ទាំង​អស់ ហើយ​ឈរ​លេខ ១ បណ្ដោះអាសន្ន មាន ៧ ពិន្ទុ នាំ​មុខ​ទៅ​លើ​អាល្លឺម៉ង់ មាន ៦ ពិន្ទុ អ៊ីតាលី​មាន ៥ ពិន្ទុ និង​អង់គ្លេស មាន ២ ពិន្ទុ។

នេះ​លេង​ប៉ះ​ក្រុម​ដឹកនាំ​ដោយ​លោក Gareth Southgate គឺ​សម្ញែង​សាច់ដុំ​យក​ឈ្នះ​ទាំង​ពីរ​ជើង សរុប​គ្រាប់​បាល់ ៥-០ នាំ​ឲ្យ​តោ​កំណាច ប្រែ​ក្លាយ​ជា​តោ​ក្រដាស ឈរ​នៅ​បាត​ពូល ប្រឈម​ខ្ពស់​នឹង​ត្រូវ​ធ្លាក់​ទៅ League B សម្រាប់​រដូវ​កាល​បន្ទាប់។ ខណៈ​ការ​ប៉ះ​គីឡូ​ធ្ងន់​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ក្រុម​ដឹកនាំ​ដោយ​លោក Marco Rossi ក៏​អាច​លេង​ស្មើ​ថែម​ទៀត ពោល ១-១ ស្រប​ពេល​ជំនួប​ប៉ះ​អ៊ីតាលី គឺ​ចាញ់ ១-២។ យ៉ាង​ណា​នៅ​សល់ ២ ជុំ​ទៀត ដែល​ត្រូវ​ប្រកួត​នា​ចុង​ខែ​កញ្ញា ដើម្បី​សម្រេច​ថា ហុងគ្រី នឹង​អាច​ឈោង​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ឬ​ក៏​អត់។

យើង​ទៅ​មើល​ក្រុម​អង់គ្លេស ដែល​ជា​ក្រុម​ជើង​ឯក​រង​នៅ Euro 2020 ក្រោយ​ការ​ចាញ់​ហុងគ្រី ៤-០ ពួក​គេ​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​អាក្រក់ ខកខាន​កើត​មាន​រយៈ ពេល ៩៤ ឆ្នាំ នោះ​គឺ​ការ​ចាញ់​ច្រើន​គ្រាប់​បំផុត​នៅ​ទឹកដី​ខ្លួន​ឯង។ នេះ​ក៏​កំពុង​រុញ​ឲ្យ​កៅអី​អ្នកចាត់ការ​របស់​លោក Southgate ហាក់​កាន់​តែ​ក្តៅ​គគុក​ឡើង​ផង​ដែរ ព្រោះ​សមាគម​មាន​ការ​បារម្ភ​ខ្លាច​ក្រែង ក្រុម​អង់គ្លេស​នៅ​តែ​បន្ត​ធ្លាក់​ទម្រង់​លេង ដ្បិត​បើ​ការ​ប្រកួត FIFA World Cup ក៏​កៀក​នឹង​ចូល​មក​ដល់​នៅ​ឯ​ចុង​ឆ្នាំ។

ចុង​ក្រោយ​យើង​ធ្វើ​ការ​អាប់ដែត​បន្តិច អំពី​ចំណាត់ថ្នាក់ FIFA Ranking របស់​ក្រុម​ទាំង ៤ ទើប​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៦ មិថុនា៖​

អង់គ្លេស ធ្លាក់​ចុះ ២៤,២៥ ពិន្ទុ ប៉ុន្តែ​ចំណាត់ថ្នាក់​នៅ​បន្ត​ឈរ​លេខ ៥ ដដែល
អ៊ីតាលី ធ្លាក់​ចុះ ៩,៤៥ ពិន្ទុ ហើយ​ធ្លាក់​ចំណាត់ថ្នាក់​ពី​ ៦ មក​លេខ ៧
អាល្លឺម៉ង់ ឡើង ៨,៤២ ពិន្ទុ ហើយ​ឡើង​ចំណាត់ថ្នាក់​ពី ១២ មក​លេខ ១១
ហុងគ្រី ឡើង ២០,៦៨ ពិន្ទុ ហើយ​ឡើង​ចំណាត់ថ្នាក់​ពី ៤០ មក​លេខ ៣៨

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT