ខ្សែប្រយុទ្ធឥណ្ឌា Chhetri ដែលត្រៀមលេងប៉ះកម្ពុជា ត្រូវការប៉ុន្មានគ្រាប់ ទើបអាចតាមស្មើកំណត់ត្រា Messi?

ក្រុម​ជម្រើស​ជាតិ​គោព្រៃ​កម្ពុជា កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដោយ​ស្ថិត​ក្នុង​ពូល D ពួក​យើង​ត្រូវ​កំណត់​ប៉ះ​ឥណ្ឌា នៅ​ថ្ងៃ​ទី ៨ ប៉ះ​ហុងកុង​នៅ​ថ្ងៃ​ទី ១១ និង​ប៉ះ​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី ១៤ មិថុនា ហើយ​ប្រកួត​ទាំង​បី​សុទ្ធ​សឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Salt Lake Stadium ក្នុង​ប្រទេស​ឥណ្ឌា។

ងាក​មក​ក្នុង​អត្ថបទ​នេះ CTS Sports នឹង​ធ្វើ​ការ​រំឭក​នូវ​ស្ថិតិ​ដែល​កម្ពុជា ធ្លាប់​លេង​ទល់​ឥណ្ឌា ក៏​ដូច​ជា​រឿងរ៉ាវ​របស់​ខ្សែ​ប្រយុទ្ធ Sunil Chhetri ដែល​ជា​តារា​ឆ្នើម​ប្រចាំ​ក្រុម​គូ​ប្រជែង ហើយ​ត្រៀម​នឹង​តាម​ស្មើ​កំណត់ត្រា​ខ្នាត​យក្ស​របស់ Lionel Messi៖

១) ស្ថិតិ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ

កម្ពុជា​ដែល​ឈរ​ចំណាត់ថ្នាក់​ទី ១៧១ នៅ FIFA Ranking ធ្លាប់​ប៉ះ​ឥណ្ឌា ក្រុម​ឈរ​លេខ ១០៦ សរុប​ចំនួន ៤ លើក ហើយ​លទ្ធផល​ខាង​កម្ពុជា ឈ្នះ ១ ស្មើ ០ និង​ចាញ់ ៣។

លើក​ដំបូង​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា គឺ​នៅ​ព្រឹត្តិការណ៍ Merdeka Tournament កាល​ពី​ខែ​កញ្ញា ឆ្នាំ ១៩៦៤ ដោយ​ឥណ្ឌា​យក​ឈ្នះ ៤-០ ហើយ​រំលង​បី​ឆ្នាំ​បន្ទាប់ ប៉ះ​គ្នា​ជា​ថ្មី សារ​នោះ​នៅ​ពាន AFC Asian Cup យើង​បាន​យក​ឈ្នះ​វិញ ៣-១។ នេះ​គឺ​ជា​ជ័យជម្នះ​តែ​មួយ​គត់ ដែល​យើង​សម្រេច​បាន​ទល់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា។

ដោយឡែក​រហូត​មក​ទល់​ឆ្នាំ ២០០៧ ទើប​មាន​ការ​ជួប​គ្នា​ជា​ថ្មី សារ​នេះ​នៅ​ពាន Nehru Cup ដែល​ឥណ្ឌា​បាន​យក​ឈ្នះ កម្ពុជា ដល់​ទៅ ៦-០ ហើយ​ ១០ ឆ្នាំ​ក្រោយ​ប៉ះ​គ្នា​នៅ​ជំនួប​មិត្តភាព ជា​ការ​ជួប​គ្នា​លើក​ចុង​ក្រោយ ក៏​ឥណ្ឌា​បន្ត​យក​ឈ្នះ ៣-២។ ដូច្នេះ​មាន​ន័យ​ថា ការ​ប៉ះ​គ្នា​នៅ​ពេល​ខាង​មុខ គឺ​ជា​ការ​កត់ត្រា​ស្ថិតិ​លើក​ទី ៥ ហើយ​បើ​កម្ពុជា​អាច​យក ៣ ពិន្ទុ នោះ​ប្រាកដ​ជា​សង្ឃឹម​ខ្ពស់​នឹង​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត ព្រោះ​ឥណ្ឌា​ជា​ក្រុម​ខ្លាំង​ដាច់​គេ​ប្រចាំ​ពូល បន្ទាប់​មក​ទើប​ជា​អាហ្វហ្គានីស្ថាន និង​ហុងកុង។

២) ឱកាស​បំបែក​កំណត់ត្រា​របស់ Sunil Chhetri

ឈរ​ជើង​តាំង​ពី​ឆ្នាំ ២០០៥ មក​ទល់​បច្ចុប្បន្ន ប្រធាន​ក្រុម Chhetri ក៏​កាន់​តែ​កៀក​នឹង​ការ​តាម​ស្មើ​កំណត់ត្រា​ការ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ ពោល​កំពុង​ក្បែរ​នឹង​កម្រិត​របស់ Lionel Messi។

គិត​មុន​ការ​ប្រកួត​ទល់​កម្ពុជា ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ បង្ហាញ​ខ្លួន ១២៧ ប្រកួត រក​បាន ៨០ គ្រាប់ ស្មើ​នឹង​តួ​លេខ Ali Mabkhout របស់​ជម្រើស​ជាតិ​អារ៉ាប់​រួម ហើយ​នៅ​ចាញ់​ ៦ គ្រាប់ ធៀប​នឹង​ Lionel Messi របស់​អាហ្សង់ទីន ដែល​មាន ៨៦ គ្រាប់ ក្រោយទើបរកបាន ៥ គ្រាប់ ទល់ក្រុមអេស្តូនី។ នេះ​មាន​ន័យ​ថា Chhetri ប្រាកដ​ជា​ដាក់​ឆន្ទៈ​ខ្ពស់ និង​ខិតខំ​ខ្លាំង​នៅ​ប្រកួត​ពាន AFC Asian Cup សារ​នេះ ដើម្បី​យក​ច្រើន​គ្រាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បើ ៣ ជុំបន្ទាប់ អាច​រក​បាន ៧ គ្រាប់ នោះ​នឹង​នាំ​មុខ​បណ្ដោះអាសន្ន​ទៅ​លើ Messi ហើយ​ក្លាយ​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​លំដាប់​ទី ៤ នៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ។ លើស​ពី​នេះ បើ​អាច​រក​បាន​ដល់ ១០ គ្រាប់ នោះ​នឹង​រំកិល​ចូល​លេខ ៣ ទាញ​ទម្លាក់​ឈ្មោះ​អតីត​ជើង​ចាស់ លោក Mokhtar Dahari នៃ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ដែល​មាន ៨៩ គ្រាប់។ តែ​យ៉ាង​ណា វា​ក៏​មិន​ស្រួល​ដូច​ការ​រំពឹង​ទុក​នោះ​ដែរ ព្រោះ​អី​ប្រព័ន្ធ​ការពារ​របស់​កម្ពុជា​នៅ​ពេល​ចុង​ក្រោយ គឺ​មិន​អាច​ចូល​ចុះ​ស្រួលៗ​ឡើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT