ធ្លាយ​ដំណឹង Neymar ​ជួប​ភ្នាក់ងារ​ដោះដូរ​កីឡាករ Real Madrid ​២​ដង​រូច​ហើយ

ប្រភព​ពី​ប្រទេស​ប្រេស៊ីល​បាន​បញ្ជាក់​ថា Neymar ​បាន​ជួប​ជាមួយ​ភ្នាក់ងារ​ដោះដូរ​កីឡាករ​របស់​ក្រុម Real Madrid ​២​ដង​រួច​មក​ហើយ ​អំឡុង​ពេល​ព្យាបាល​របួស។

មិន​ត្រឹម​តែ​បង្ហើប​បាន​ជួប​ចរចា​គ្នា​២​ដង​នោះ​ទេ ​ប្រភព​ពី​ប្រេស៊ីល​ដដែល​បន្ថែម​ទៀត​ថា Real Madrid ​​អាច​នឹង​ផ្ដល់​២៦០​លាន​អឺរ៉ូ ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម PSG ​រូប​នេះ​ឱ្យ​បាន​មុន​ព្រឹត្តិការណ៍ World Cup ​ចាប់​ផ្ដើម​ថែម​ទៀត។ ដំណឹង​នេះ​កើត​ឡើង ​ក្រោយ​ពី Neymar ​ផ្ទាល់​ធ្លោយ​មាត់​និយាយ​ថា​ខ្លួន​ចង់​លេង​ជាមួយ Cristiano Ronaldo ​នៅ Real Madrid ​ទៅ​ថ្ងៃ​អនាគត។

រឿង​ Real Madrid ​ទិញ Neymar ​ទៅ​អេស្ប៉ាញ​វិញ​នេះ ​កាន់​តែ​មាន​ច្រើន​ឡើង ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ពេល​លេង​ឱ្យ​ក្រុម PSG ​និង​មិន​បាន​ឆ្លង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ UEFA Champions League ។ ដោយ​ឡែក​សម្រាប់ PSG ​ផ្ទាល់​ក៏​អាច​នឹង​មិន​ទុក Neymar ​ទៀត​ដែរ ​ប្រសិន​រូបគេ​ពិត​ជា​ចង់​ចាកចេញ​មែន​នោះ ព្រោះ​ថា​ប្រធាន​ក្លឹប​ធ្លាប់​និយាយ​ហើយ​ថា​ផ្លូវ​នៅ​តែ​មាន​សម្រាប់ Real Madrid ​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក​នេះ។

បច្ចុប្បន្ន​នេះ Neymar ​កំពុង​ព្យាបាល​របួស​ជើង​របស់​ខ្លួន ​ហើយ​ក៏​មាន​វត្តមាន​ជាមួយ​ក្រុម PSG ​នា​ប្រកួត​កាល​ពី​យប់​មិញ​ផង​ដែរ ​ដើម្បី​អបអរ​ជាមួយ​ក្រុម​លើក​ពាន French Cup ។ ​រូបគេ​រំពឹង​ថា​នឹង​បាន​ចូល​លេង​វិញ​ទាន់ ព្រឹត្តិការណ៍ World Cup 2018 ​នៅ​រុស្ស៊ី៕

ប្រភព៖ បរទេស

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT