ឆា​ចោល​ឆ្នាំ​នេះ Salah ជួប​រឿង​ឈឺ​ចាប់​ ៤ លើក​ជាប់ៗ​គ្នា ទាំង​នៅ​ក្លឹប​និង​ជម្រើស​ជាតិ

ក្លឹប Liverpool បាន​ទទួល​រង​បរាជ័យ ក្រោម​លទ្ធផល ១-០ នៅ​ឯ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន UCL ទល់ Real Madrid ហើយ​បើ​សួរ​ថា តើ​នរណា​ជា​អ្នក​ឈឺ​ចាប់​បំផុត? ពួក​យើង​ហ៊ាន​ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា នោះ​គឺ Mohamed Salah។

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ កីឡាករ​អេហ្សីប​បាន​រៀបរាប់​ពី​ឆន្ទៈ​ដ៏​មោះមុត មុន​ការ​ប្រកួត​មក​ដល់ តែ​នៅ​ទី​បញ្ចប់ Real Madrid នៅ​តែ​បន្ត​ហ្សេន ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប​បាន​ដដែល។ មតិ​ជា​ច្រើន​បាន​បង្ហាញ​ការ​សោកស្តាយ​សម្រាប់ Salah ជា​ពិសេស ​ព្រោះ​នៅ​ឆ្នាំ ២០២២ បើ​ទោះ​បី​គេ​ខិតខំ​ខ្លាំង រក​បាន​គ្រាប់​បាល់​ជា​ច្រើន តែ​សមិទ្ធផល​ធំៗ ដល់​ទៅ ៤ បាន​របូត​ចេញ​ជា​បន្តបន្ទាប់៖

៤) ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន AFCON

ពាន​ប្រចាំ​ទ្វីប​អាហ្រ្វិក ដែល​កំណត់​ត្រូវ​ប្រកួត​នៅ​ឆ្នាំ ២០២១ បាន​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​នេះ ហើយ​ម្ចាស់​ជើង​ឯក បាន​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់។

Salah បាន​ចូលរួម​ចំណែក​ជួយ​ជម្រើស​ជាតិ​អេហ្សីប ឲ្យ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ តែ​សំណាង​មិន​ល្អ បែរ​ភ្លាត់​ចាញ់​នៅ​បាល់​កាត់សេចក្ដី​ប៉េណាល់ទី ៤-២ ជាមួយ​ការ​ស៊ុត​ទល់​មិត្ត​រួម​ក្លឹប គឺ Sadio Mane។ វា​ជា​ការ​សោកស្ដាយ​ដ៏​ធំ​មួយ ​ព្រោះ​នេះ​ជា​លើក​ដំបូង​ដែល​កីឡាករ​វ័យ ២៩ ឆ្នាំ អាច​មាន​ឱកាស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ប្រចាំ​ទ្វីប។

៣) បាន​ត្រឹម​តំណែង​ជើង​ឯក​រង Premier League

មិន​ច្បាស់​ថា​ជា​ឆ្នាំ​ឆុង ឬ​បែប​ណា មក​ដល់​លីគ​កំពូល​អង់គ្លេស Salah ដែល​ប៊ិះ​តែ​នឹង​បាន​កាន់​ពាន​ទៅ​ហើយ ចុងក្រោយ​បែរ​ចាញ់ Man City ១ ពិន្ទុ កំណត់​ឲ្យ​ត្រឹម​ជា​ក្លឹប​ឈរ​លេខ ២ នៅ​បញ្ចប់​រដូវ​កាល​កន្លង​ទៅ​នេះ។

ខ្សែ​ប្រយុទ្ធ​ខាង​លើ បាន​ខិតខំ​ខ្លាំង​ណាស់ ដល់​ក្លាយ​ជា Top Scorer ប្រចាំ​លីគ រក​បាន ២៣ គ្រាប់​ឲ្យ​ហង្ស តែ​ទី​បញ្ចប់ Liverpool បែរ​ត្រឹម​ឈរ​ជើង​ឯក​រង ក្រោយ​ឆ្លង​កាត់​ការ​ដល់​វគ្គ​ចុង​ក្រោយ ជុំ​ទី ៣៨។​

២) បាន​ត្រឹម​តំណែង​ជើង​ឯក​រង UEFA Champions League

គិត​ថា​ចង់​សងសឹក Real Madrid ដែល​ជា​គំនុំ​ចាស់​កាល​ពី​ឆ្នាំ ២០១៨ តែ​ឥឡូវ​មាន​ឯ​ណា បែរ​ត្រូវ​អធិរាជ​ស ​បន្ថែម​ជ័យជម្នះ​ជា​លើក​ទី ២ នាំ​ឲ្យ​កីឡាករ​អេហ្សីប​មាន​ការ​បាក់​មុខ​ និង​សោកស្ដាយ​ជា​ខ្លាំង។

មួយ​ជើង​របស់ Vinicius Junior បាន​សម្រេច​លទ្ធផល​ឲ្យ​ក្លឹប​អេស្ប៉ាញ ក្លាយ​ជា​ម្ចាស់​ជើង​ឯក ហើយ Liverpool ត្រឹម​ជា​ជើង​ឯក​រង​ទាំង​មិន​អស់​ចិត្ត ដ្បិត​បើ​ពេញ ៩០ នាទី ពួក​គេ​ស៊ុត​ដល់​ទៅ ២៤ លើក ធៀប​នឹង​ក្លឹប​គូ​ប្រជែង ស៊ុត​តែ ៤ លើក​គត់។ អ្នក​ដែល​រាំងស្ទះ​ដំណើរ​លើក​ពាន​របស់ Salah សារ​នេះ គ្នា​យើង​គួរ​តែ​ដឹង​ច្បាស់ នោះ​គឺ​ដៃ​មឹក ៨ ទិស Thibaut Courtois។

១) ខកខាន​ការ​ទៅ​លេង​នៅ World Cup

កាល​ពី​ឆ្នាំ ២០១៨ អេហ្សីប​មាន​កៅអី​បាន​ទៅ​លេង​នៅ World Cup តែ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ ដល់​តែ​ឆ្នាំ ២០២២ ដែល​កាតារ​ធ្វើ​ជា​ម្ចាស់ផ្ទះ ជម្រើស​ជាតិ​របស់ Salah បែរ​ជា​ខកខាន ឈោង​បាន​ឱកាស ហើយ​ធ្លាក់​ក្រោម​ថ្វី​ជើង​សត្រូវ​រួម​ក្លឹប គឺ​សេណេហ្គាល់​សារ​ជា​ថ្មី។

៥ កៅអី​សម្រាប់​ប្រទេស​នៅ​អាហ្វ្រិក មាន​ហ្គាណា, សេណេហ្គាល់, ទុយណេស៊ី, ម៉ារ៉ុក និង​កាមេរ៉ូន ខណៈ​ដែល​អេហ្សីប​ធ្លាក់​នៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ ក្រោម​ថ្វី​ជើង​របស់​សេណេហ្គាល់​ម្តង​ហើយ​ម្តង​ទៀត ហើយ​នៅ​វគ្គ​ស៊ុត​បាល់​ប៉េណាល់ទី​ដដែល ក្រោម​លទ្ធផល ១-៣៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT