Luis Diaz ថា​កីឡាករ Real Madrid ៣ រូប​នេះ គ្រោះថ្នាក់​បំផុត ដែល Liverpool ត្រូវ​តែ​ប្រយ័ត្ន

មុន​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ទល់​ក្លឹប Real Madrid ងាក​ទៅ​ខ្សែ​ប្រយុទ្ធ​ Luis Diaz របស់ Liverpool ក៏​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​មួយ​ចំនួន ក៏​ដូច​ជា​ចុច​ឈ្មោះ​កីឡាករ​គ្រោះថ្នាក់​បំផុត ដែល​ហង្ស​គួរ​តែ​ប្រយ័ត្ន។

នេះ​ជា​លើក​ទី ១ សម្រាប់​កីឡាករ​កូឡុំប៊ី នៅ​ឱកាស​តតាំង​ក្លឹប​ជើង​ឯក ១៣ សម័យ​កាល Real Madrid នៅ​វគ្គ​ពិសេស ជួន​ពេល​ដែល​វា​ក៏​ជា​ក្តីស្រមៃ​របស់​គេ​តាំង​តែ​ពី​ដើម​មក​ដែរ។ Diaz ប្រាប់​មុន​ការ​ប្រកួត៖ “ខ្ញុំ​តែងតែ​ស្រមៃ​ចង់​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ហើយ​ជា​ពិសេស​លេង​ទល់​ក្លឹប​យក្ស​ដូច​ជា Real Madrid នេះ​ក្តីស្រមៃ​របស់​ខ្ញុំ​បាន​កើត​ឡើង ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​បង្កើត​ភាព​រីករាយ ​និង​ទាញ​ប្រយោជន៍​ពី​វា​ឲ្យ​បាន”។

លោក​បន្ត៖ “ប្រសិន​ក្លឹប​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ផ្តល់​ទៅ​វិញ ១០០ ភាគរយ ​ព្រោះ​ខ្ញុំ​តែងតែ​ត្រៀម​លក្ខណៈ​រួចរាល់​ជានិច្ច យើង​ដឹង​ថា Real Madrid ជា​ក្រុម​ពោរពេញ​ដោយ​បទពិសោធន៍ តែ​យើង​ក៏​មាន​ប្រព័ន្ធ​កីឡាករ​ដ៏​ល្អ​មួយ​ដែរ”។

បន្ត​ទៅ​ការ​ចុច​ឈ្មោះ​កីឡាករ Real Madrid ដែល​ Diaz គិត​ថា​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត គេ​បាន​សង្កត់​ធ្ងន់៖ “នោះ​គឺ Karim Benzema, Vinicius Junior និង Toni Kroos”។ បញ្ជាក់​ថា អ្នក​ទាំង​បី​សុទ្ធ​សឹង​ជា​កីឡាករ​ចូលរួម​ចំណែក​រក​បាន​គ្រាប់​បាល់​នៅ UCL ឲ្យ​អធិរាជ​ស រដូវ​កាល​នេះ ដោយ​សរុប​មាន ១៩ ​គ្រាប់ កើត​ចំណែក​ធំ​ពី​សំណាក់​កីឡាករ​បារាំង​តែ​ម្នាក់​ឯង មាន​ដល់ ១៥ ​គ្រាប់។

បន្ត​ទៅ​រឿងរ៉ាវ​នៅ UCL នេះ​ដែរ ងាក​ទៅ​អតីត​កីឡាករ​លោក Michael Owen ក៏​បាន​ធ្វើ​ការ​ទស្សន៍ទាយ​លទ្ធផល​ជា​មុន ដោយ​ថា Liverpool នឹង​អាច​បំបាក់ Real Madrid ហើយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក UCL លើក​ទី ៧ ក្នុង​ប្រវត្តិសាស្រ្ត។

បញ្ជាក់​ថា Liverpool ទើប​តែ​ឈ្នះ​ពាន UCL ​លើក​ចុង​ក្រោយ កាល​ពី ឆ្នាំ ២០១៩ ពោល​ក្រោយ​មួយ​ឆ្នាំ នៃ​ពេលវេលា​ដែល​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp បាន​ចាញ់ Real Madrid ១-៣ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្នាំ ២០១៨។ យ៉ាង​ណា​សារ​នេះ Owen បាន​ព្យាករណ៍​លទ្ធផល​បញ្ច្រាស​ ថា​គ្រាប់​បាល់​នឹង​កើត​ឡើង​ដូច​សារ​មុន តែ​ហង្ស គឺ​ជា​អ្នក​ឈ្នះ។

លោក Owen និយាយ​ប្រាប់​សារព័ត៌មាន Daily Mail បែប​នេះ៖ “ខ្ញុំ​គិត​ថា Liverpool ពេល​ចុង​ក្រោយ គឺ​ល្អ​ជាង Real Madrid ហើយ​ក្លឹប​ប្រាកដ​ជា​អាច​បំបាក់ Real នៅ​លទ្ធផល ៣-១ ឬ​ក៏ ៣-០ នេះ​បើ​ផ្អែក​តាម​ការ​ទស្សន៍ទាយ​របស់​ខ្ញុំ”។

រំឭក​ឲ្យ​ដឹង​ដែរ​ថា Owen មិន​មែន​តែ​ធ្លាប់​ជា​សមាជិក​នៅ​ហង្ស​ក្រហម​ប៉ុណ្ណោះ​ទេ អតីតកាល​គេ​ក៏​ធ្លាប់​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid ផង​ដែរ តែ​ចាយ​ពេល​ត្រឹម​មួយ​ឆ្នាំ ក្រោយ​រួម​អាជីព​ជិត ១០ ឆ្នាំ​នៅ Liverpool។ ចំពោះ​កាលបរិច្ឆេទ​ប្រកួត នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ២៩ ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT