វគ្គ​ផ្ដាច់ព្រ័ត្រ Liverpool ប៉ះ Real Madrid មាន​ដឹង​អត់​តើ Kylian Mbappe ជា​អ្នក​គាំទ្រ​ក្លឹប​ណា?

ការ​ទន្ទឹង​រង់ចាំ​នៅ​ការ​ប្រកួត​ពាន​រង្វាន់​ចុង​ក្រោយ​គេ​បង្អស់​ប្រចាំ​រដូវ​កាល គឺ UEFA Champions League បាន​កៀក​ជិត​មក​ដល់​ហើយ ដោយ​តាម​កាលបរិច្ឆេទ Liverpool នឹង​ត្រូវ​តតាំង Real Madrid នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី ២៩ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

ការ​ស្រលាញ់​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ​ម្នាក់ៗ គឺ​មាន​ខុសៗ​គ្នា ខ្លះ​ទៅ​គាំទ្រ​ក្លឹប​អេស្ប៉ាញ ខ្លះ​ក៏​គាំទ្រ​ក្លឹប​អង់គ្លេស ពោល​ចង់​ឃើញ Liverpool អាច​សងសឹក យក​ឈ្នះ​ទៅ​លើ Madrid ក្រោយ​កើត​បរាជ័យ ១-៣ កាល​ពី ៤ ឆ្នាំ​មុន។ ចុះ​ងាក​ទៅ​កំពូល​កីឡាករ Kylian Mbappe ​ឯ​ណោះ រវាង​ក្លឹប​ទាំង​ពីរ តើ​គេ​ជា​អ្នក​គាំទ្រ​ក្លឹប​ណា​មួយ?

ក្រោយ​ការ​ប្រកាស​បន្ត​កុងត្រា​ថ្មី ជាមួយ​ PSG យុវជន​វ័យ ២៣ ឆ្នាំ ក៏​បាន​ចេញ​មក​បញ្ជាក់​ផង​ដែរ ថា​នា​វគ្គ​ផ្តាច់ព្រ័ត្រ UCL ខាង​មុខ ខ្លួន​គាំទ្រ​ចង់​ឲ្យ Real Madrid ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លើក​ទី ១៤។ សរសេរ​រៀបរាប់​លើ Twitter កីឡាករ​សញ្ជាតិ​បារាំង បញ្ជាក់៖ “ខ្ញុំ​យល់​ពី​ការ​ខក​ចិត្ត​របស់​ក្លឹប Real Madrid ដែល​មិន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ថា ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​ជាង​គេ និង​មុន​គេ​បង្អស់​សម្រាប់​ពួក​គេ ក្នុង​ការ​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក ក្នុង​ទីក្រុង​ប៉ារីស ដែល​ជា​ទឹកដី​កំណើត​របស់​ខ្ញុំ”។

នេះ​វា​អាច​ជា​ចម្លើយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែរ តែ​មតិ​ខ្លះ​ក៏​ថា Mbappe និយាយ ព្រោះ​ចង់​លួង​ចិត្ត​អ្នក​គាំទ្រ Real Madrid តែ​ប៉ុណ្ណោះ។ ជា​ការ​ពិត PSG ត្រូវ​បាន​ក្លឹប​អេស្ប៉ាញ Madrid នេះ​ឯង ជា​អ្នក​ទម្លាក់​ឲ្យ​ហាល​អាវ​ត្រឹម​វគ្គ ១៦ ក្រុម ដែល​ស្ពឹក​មុខ​ខ្លាំង​ត្រង់ ២ នាទី ២ គ្រាប់​នៅ​កំឡុង​នាទី ៩០ ដោយ​ថ្វី​ជើង​របស់ Rodrygo។

បង្វែរ​ទៅ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត កំឡុង​ការ​ចរចា​ស្វែងរក​ក្លឹប​ថ្មី កាល​ពី​ប៉ុន្មាន​ខែ​មុន Mbappe ក៏​បាន​សារភាព​ច្បាស់ៗ​ផង​ដែរ ថា​ក្រៅ​ពី Real Marid ក៏​មាន​ក្លឹប Liverpool មួយ​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​ការ​ពិចារណា។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង និយាយ​បែប​នេះ៖ “ខ្ញុំ​ក៏​បាន​ជជែក​ជាមួយ​ភាគី​ក្លឹប Liverpool ព្រោះ​អី​ពួក​គេ​ជា​ក្លឹប​ដែល​ម្តាយ​ខ្ញុំ​គាំទ្រ ម្តាយ​ខ្ញុំ​ស្រលាញ់ Liverpool ខ្លាំង​ណាស់ ខ្ញុំ​អត់​ដឹង​ហេតុ​អី​ទេ បើ​អ្នក​ចង់​ដឹង​មាន​តែ​ទៅ​សួរ​គាត់ យ៉ាង​ណា​ពួក​គេ​ជា​ក្លឹប​ល្អ​មួយ ដែល​ខ្ញុំ​បាន​ជួប​តាំង​ពី ៥ ឆ្នាំ​មុន កាល​ខ្ញុំ​នៅ​លេង​ឲ្យ Monaco”។

រំឭក​ថា ជាមួយ​សុពលភាព​កុងត្រា​ថ្មី ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ Mbappe អាច​កើប​ចំណូល​ចូល​ហោប៉ៅ​ល្បាក់ ១ លាន​ផោន/សប្ដាហ៍ ដែល​គិត​ពេញ​មួយ​រដូវ​កាល ទាំង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត គឺ​សរុប​ចូល​ក្បែរ ១០០ លាន​ផោន​ឯ​ណោះ។ ប្រកួត​បន្ទាប់​របស់​យុវជន​វ័យ ២៣ ឆ្នាំ គឺ​កំណត់​ត្រូវ​ទៅ​ជួយ​ជម្រើស​ជាតិ​បារាំង លេង​នៅ​ពាន​រង្វាន់ UEFA Nations League មាន​ដូច​ជា​ការ​ប៉ះ​ដាណឺម៉ាក ក្រូអាត និង​អូទ្រីស៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT