នេះ​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប្រចាំ​ក្លឹប​ម្ចាស់​ជើង​ឯក​ទាំង ៥ នៅ​លីគ​កំពូល​អឺរ៉ុប

ការ​ប្រកួតប្រជែង​រដូវ​កាល ២០២១/២២ នៅ​ទូទាំង​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប បាន​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្តាហ៍​មុន ហើយ​យើង​ក៏​បាន​ដឹង​រួចរាល់​ហើយ​ដែរ នូវ​ក្លឹប​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

ជា​ការ​សង្ខេប ដើម្បី​ចែករំលែក​ទៅ​កាន់​អ្នក​គាំទ្រ ទំព័រ CTS Sports សូម​ធ្វើ​ការ​ច្បិច​លើក​មក​បង្ហាញ​នូវ​ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​ក្លឹប​ម្ចាស់​ជើង​ឯក​ទាំង ៥៖

៥) ក្លឹប PSG ក្របខ័ណ្ឌ Ligue 1

PSG បាន​បញ្ចប់​រដូវ​កាល ដោយ​យក​ឈ្នះ ៥ ពិន្ទុ​ទៅ​លើ​ក្លឹប​លេខ​ពីរ Marseille ហើយ​សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក Ligue 1 លើក​ទី ១០ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ។ តែ​យ៉ាង​ណា​សម្រាប់​អ្នកចាត់ការ លោក Mauricio Pochettino សារ​នេះ គឺ​ជា​ពាន​លីគ​កំពូល​បារាំង​លើក​ទី ១ ក្នុង​អាជីព។

ប្រកួត​បន្ទាប់​របស់​ក្លឹប​សេដ្ឋី​បារាំង គឺ​នា​ថ្ងៃ​ទី ៣១ ​កក្កដា នៅ​ឯ​ពាន​រង្វាន់ Trophee des Champions ជា​ការ​តតាំង​រវាង PSG ទល់ Nantes ដែល​ជា​យុទ្ធនាការ​បន្ត​រដូវ​កាល​ថ្មី របស់​តារា​ឆ្នើម Kylian Mbappe។

៤) ក្លឹប AC Milan ក្របខ័ណ្ឌ Serie A

ដឹកនាំ​ក្លឹប​ជាង ២០ ឆ្នាំ​ហើយ ហែល​កាត់​បទពិសោធន៍​ជាមួយ​ក្លឹប​ចាស់​ថ្មី មិន​ក្រោម ៥ ឡើយ តែ​ភាគ​ច្រើន​នៅ​អ៊ីតាលី។ យ៉ាង​ណា​លោក Pioli បាន​ស្គាល់​រសជាតិ​លើក​ពាន​រង្វាន់​ជា​លើក​ដំបូង កាល​ពី​ពេល​ថ្មីៗ នៅ​ឯ​ក្របខ័ណ្ឌ Serie A ជាមួយ​ក្លឹប AC Milan។

ប្រជែង​ជាមួយ​ក្លឹប​រួម​ទីក្រុង ហើយ​បាន​យក​ឈ្នះ ២ ពិន្ទុ សម្រេច​លើក​ពាន​នៅ​ជុំ​ចុង​ក្រោយ។ ដោយឡែក​សម្រាប់​ក្លឹប AC Milan នេះ​គឺ​ជា​ពាន​លីគ​កំពូល លើក​ទី ១៩ ក្រោយ​ខកខាន​លើក​តាំង​ពី ១១ ឆ្នាំ​មុន។

៣) ក្លឹប Bayern Munich ក្របខ័ណ្ឌ Bundesliga

នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ Bayern រដូវ​កាល​កន្លង​ទៅ​នេះ បាន​លើក​ពាន ដោយ​នាំ​មុខ ៨ ពិន្ទុ​ទៅ​លើ Borussia Dortmund។ នេះ​ជា​ពាន Bundesliga លើក​ទី ៣២ តែ​វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​មាន​អ្នកចាត់ការ​វ័យ​ក្មេង​បង្អស់ ពោល​គឺ​លោក Julian Nagelsmann មាន​វ័យ​ទើប​តែ ៣៤ ឆ្នាំ អាច​ដឹកនាំ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់។

២) ក្លឹប Real Madrid ក្របខ័ណ្ឌ La Liga

រដូវ​កាល​មុន អធិរាជ​ស អត់​បាន​លើក​ពាន​រង្វាន់​សូម្បី​តែ​មួយ ដល់​ងាក​មក​រដូវ​កាល​កន្លង​ទៅ​នេះ Real បាន​ឈ្នះ​ពាន La Liga នាំ​មុខ​ដាច់ ១៣ ពិន្ទុ​ធៀប​នឹង Barcelona។ អ្វី​ដែល​គួរ​ឲ្យ​សាទរ​ខ្លាំង​បំផុត គឺ​សម្រាប់​អ្នកចាត់ការ​លោក Carlo Ancelotti ដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ដំបូង​បង្អស់ អាច​ឈ្នះ​ពាន​ទូទាំង​លីគ​កំពូល​ទាំង ៥។ តួ​យ៉ាង គឺ Ligue 1 ជាមួយ PSG, Premier League ជាមួយ Chelsea, La Liga ជាមួយ Real Madrid, Bundesliga ជាមួយ Bayern Munich និង Serie A ជាមួយ AC Milan។

១) ក្លឹប Man City ក្របខ័ណ្ឌ Premier League

ប្រជែង​ដល់​ថ្ងៃ​ចុង​ក្រោយ​បញ្ចប់​រដូវ​កាល City នាំ​មុខ​តែ ១ ពិន្ទុ​គត់ លើ Liverpool សម្រេច​ក្លាយ​ជា​ម្ចាស់​ពាន​លីគ​កំពូល​អង់គ្លេស លើក​ទី ៨ ក្នុង​ប្រវត្តិសាស្ត្រ។ ទន្ទឹម​នេះ គឺ​មាន ៤ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Pep Guardiola នៅ​ចន្លោះ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT