លោក Javier Tebas ប្រធានក្របខណ្ឌ La Liga របស់អេស្ប៉ាញ មានបំណងចង់នាំយកអ្នកចាត់ការល្បីឈ្មោះ Jose Mourinho និង Pep Guardiola ត្រលប់មកដឹកនាំក្រុមនៅអេស្ប៉ាញ។
នៅពេលដែលដឹងថាលោក Jose Mourinho កំពុងយ៉ាប់យឺននៅ Manchester United លោក Tebas បានបង្ហើបថានៅ La Liga មានក្លឹបជាច្រើនស្វាគមន៍លោកជានិច្ច ប្រសិនបើចង់មក។ ជាមួយនឹងការបោះពាក្យដូច្នេះ ប្រធាន La Liga រូបនេះក៏បញ្ជាក់ទៀតដែរថា មិនត្រឹមតែលោក Jose ទេ លោក Pep ក៏ La Liga នៅតែស្វាគមន៍ជានិច្ច ប្រសិនបើចង់ដឹកនាំក្រុមនៅទីនេះវិញ។
ពេលអ្នកកាសែតសួរពីវត្តមានរបស់ Cristiano Ronaldo វិញនោះ លោក Tebas បាននិយាយយ៉ាងត្រង់ៗថា៖ “ខ្ញុំក្នុងនាមជាថ្នាក់ដឹកនាំក្របខណ្ឌមួយនេះ តែងតែចង់បានអ្នកចាត់ការកំពូលៗ និងកីឡាករល្អជាងគេបំផុតមកលេងជានិច្ច”។ ការបញ្ជាក់បែបនេះ គឺមានន័យថា លោកចង់ឃើញ La Liga ត្រូវបានកាសែតគ្រប់តំបន់ចុះផ្សាយ ព្រោះថាបើមានកីឡាករល្អ និងអ្នកចាត់ការល្បីឈ្មោះហើយ មិនពិបាកក្នុងការធ្វើឱ្យលីគល្បីឈ្មោះទេ៕ប្រភព៖ dailymail