Benzema ៖ខ្ញុំមិនបានខឹង Mbappe ដែលមិនមក Real Madrid ទេ

ខ្សែប្រយុទ្ធ Karim Benzema បានអះអាងថាខ្លួនមិនបានទៅខឹងកីឡាករ Kylian Mbappe ដែលសម្រេចចិត្តមិនមកចូលរួមជាមួយក្រុម Real Madrid ឡើយ។

Benzema មិនលាក់បាំងឡើយថារូបគេពិតជាចង់ឱ្យ Mbappe មកចូលរួមជាមួយក្រុម Real Madrid ពិតមែននៅរដូវកាលក្រោយ។ តែការសម្រេចចិត្តរបស់សាមីខ្លួនមិនព្រមមក ហើយបន្ដកុងត្រាជាមួយក្រុម PSG ទៀតនោះ គឺជារឿងរបស់គេ ហើយក៏ត្រូវគោរពដល់ការសម្រេចចិត្តនោះដែរ។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរបស់ជម្រើសជាតិបារាំង បន្ថែមថាខ្លួនក៏មិនទៅខឹងអីជាមួយ Mbappe ដែរ។ ផ្ទុយទៅវិញមានតែជូនពរឱ្យគេជោគជ័យសម្រាប់រដូវកាលខាងមុខទៀត។

Benzema បាននិយាយថា៖ “ខ្ញុំមិនឈឺចាប់អ្វីឡើយសម្រាប់រឿងនេះ។ វានៅមានពេលវែងឆ្ងាយសម្រាប់គេក្នុងការសម្រេចចិត្តពីអនាគតបន្ដទៀត។ វាជាជម្រើសរបស់គាត់។ ខ្ញុំជូនពរគាត់ឱ្យជោគជ័យ តែដូចខ្ញុំនិយាយពីមុនអីចឹង ខ្ញុំចង់ឃើញគាត់លេងឱ្យក្រុម Real Madrid ”។

សូមបញ្ជាក់ថា Mbappe ដំបូងឡើយថាមកលេងនៅ Real Madrid ហើយ ព្រោះរូបគេអស់កុងត្រានៅPSG ប៉ុន្តែបន្ទាប់ពីមានការចរចាកុងត្រាជាច្រើនលើកមក រូបគេក៏សម្រេចចិត្តបន្ដនៅបារីសទៀត ជាមួយការទទួលបានតម្លៃពលកម្មខ្ពស់ដល់ ៦៥០ ០០០ផោនក្នុង១សប្ដាហ៍ឯណោះ លើកុងត្រា៣ឆ្នាំ៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT