De Gea៖ “កីឡាករ​ណា​អត់​ពេញ​ចិត្ត អាច​ដើរ​ចេញ​ពី Man Utd បាន”

សំណាង​ល្អ ជួន​ពេល​បរាជ័យ Man Utd ទល់ Crystal Palace ងាក​ទៅ West Ham ​ឯ​ណោះ ក៏​បាន​លេង​ចាញ់ Brighton កុំ​អី​បិសាច​ក្រហម ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa Conference League ហើយ​សម្រាប់​រដូវ​កាល​ក្រោយ។ ឥឡូវ​បាន​កៅអី Europa ជាមួយ​នឹង Arsenal ដែរ សម្រាប់​រដូវ​កាល ២០២២/២៣។

ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ កីឡាករ​ដែល​ឆ្លងកាត់​ការ​លះបង់​ដ៏​ធំធេង​សម្រាប់​ក្រុម គឺ​អ្នកចាំទី David de Gea ក៏​បាន​ផ្ញើ​សារ បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន ក៏​ដូច​ជា​និយាយ​ដល់​កីឡាករ​ដែល​មិន​រីករាយ​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford។

កីឡាករ​អេស្ប៉ាញ និយាយ៖ “ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​នឹង​រដូវ​កាល​បន្ទាប់ ជាមួយ​អ្នកចាត់ការ​ថ្មី កីឡាករ​ថ្មី ហើយ​សង្ឃឹម​យើង​អាច​ពង្រឹង​ល្អ​ជាង​នេះ ដើម្បី​បាន​ចំណាត់ថ្នាក់​ល្អ​ជាង​នេះ យើង​ជឿជាក់​លើ​អនាគត​ខាង​មុខ ដោយ​សង្ឃឹម​ក្លឹប​អាច​នាំ​យក​កីឡាករ​ល្អ​មក​ចូលរួម ជាមួយ​នឹង​អត្តចរិត​ដ៏​ល្អ​ផង​ដែរ”។

លោក​សង្កត់​ធ្ងន់៖ “នរណា​ចង់​នៅ គឺ​ត្រូវ​បន្ត​នៅ តែ​នរណា​ដែល​មិន​រីករាយ មិន​ពេញ​ចិត្ត​នឹង​ក្លឹប ពួក​គេ​អាច​ចាកចេញ​បាន មិន​ចាំ​បាច់​បន្ត​នៅ​ទី​នេះ​ទៀត​ទេ”។ ន័យ​នេះ មិន​ច្បាស់​ថា សំដៅ​ទៅ​កីឡាករ​ណា​ខ្លះ​ឡើយ ​ព្រោះ​ជា​បញ្ហា​ផ្ទៃ​ក្នុង ដែល​មិន​អាច​ទម្លាយ​ជា​សាធារណៈ។ ជុំវិញ​ការ​ចាកចេញ លោក Ralf Rangnick បាន​បង្ហើប​ច្បាស់ ថា Edison Cavani ជា​មួយ​ក្នុង​ចំណោម​កីឡាករ​ឯ​ទៀត ដែល​សម្រេច​ចែក​ផ្លូវ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT