មុន​ជុំ​ទី ៣៨ Klopp ថា​គ្រប់​គ្នា​បាន​ធ្វើ​រឿង​នេះ​ជាមួយ Gerrard លើកលែង​តែ​ខ្លួន​ម្នាក់​ទេ

អ្នកចាត់ការ​លោក Jurgen Klopp បាន​និយាយ​ថា ក្លឹប Liverpool ទាំង​មូល មិន​ថា​តែ​កីឡាករ​និង​ថ្នាក់​លើ​ក្លឹប​បាន​ផ្ញើ​សារ​ទៅ​កាន់​លោក Steven Gerrard ជា​អ្នកចាត់ការ​នៃ​ក្លឹប Aston Villa មុន​ការ​ប្រកួត​ទល់ Manchester City នា​ជុំ​ទី ៣៨។ ក៏​ដោយសារ​លទ្ធផល​នៅ​ជុំ​បន្ទាប់ ពិត​ជា​សំខាន់ បើ​មេឃ​ខៀវ​ចាញ់ Villa ហើយ​ជួន​ពេល​ហង្ស​យក​ឈ្នះ Wolves នោះ​ក្រុម​លោក Jurgen Klopp នឹង​អាច​ក្លាយ​ជា​ម្ចាស់​ពាន។

គ្រប់​គ្នា​នៅ Liverpool ពិត​ជា​ចង់​ឃើញ Gerrard អាច​រិះរក​នូវ​វិធី​ដើម្បី​យក​ឈ្នះ​ទៅ​លើ Man City ឲ្យ​បាន នៅ​យប់​ស្អែក។ រំឭក​បន្តិច អតីត​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស បាន​ឈរ​ជើង​ឲ្យ​ហង្ស​តាំង​ពី​ឆ្នាំ ១៩៩៨ ដល់ ២០១៥ នេះ​បើ​បូក​ទាំង​ពេលវេលា​កាល​នៅ​ថ្នាល គឺ​ចូល​ជាង ២០ ឆ្នាំ ឯ​ណោះ។

លោក Klopp បញ្ជាក់៖ “Steven Gerrard គេ​នឹង​ចាត់ចែង​រឿង​នោះ​ឲ្យ​បាន ១០០ ភាគរយ ខ្ញុំ​ច្បាស់ ដោយ​មិន​ចាំ​បាច់​ខ្ញុំ​ទាក់ទង​ទៅ​គេ​ទេ ដោយ​ក្លឹប​ទាំង​មូល​បាន​ទាក់ទង​ទៅ Gerrard លើកលែង​តែ​ខ្ញុំ​ម្នាក់ គឺ​អត់”។

លោក​បន្ត៖ “ប្រកួត City-Villa បែប​ណា យើង​អត់​និយាយ​ទេ ព្រោះ​បើ​និយាយ​បែប​ហ្នឹង ដូច​អត់​គោរព​ដល់​គូ​ប្រជែង Wolves ដែល​យើង​ត្រូវ​តតាំង ព្រោះ​អី​ពួក​គេ​មិន​មែន​មក​លេង​ដើម្បី​ចូលរួម​ជួយ​អបអរ​យើង​ឲ្យ​ឈ្នះ​ពាន​ឡើយ អ៊ីចឹង​គ្រប់​យ៉ាង​គឺ​សំខាន់​លើ​យើង ក្រុម​របស់​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT