អតីតកីឡាករនៅក្លឹប Real Madrid និង Liverpool លោក Steve McManaman បានបង្ហាញការជឿជាក់ថា ក្លឹបមេឃខៀវ Manchester City នឹងក្លាយជាម្ចាស់ពានរង្វាន់ Premier League រដូវកាលនេះ ដ្បិតបើកំពុងមានពិន្ទុប្រទាញប្រទង់ជាមួយនឹងអតីតក្លឹបរបស់ខ្លួនក៏ដោយ។ គិតត្រឹមជុំទី ៣៧ City នាំមុខ Liverpool ១ ពិន្ទុ ហើយសល់តែមួយជុំរៀងខ្លួនក្នុងដៃ។
យ៉ាងណាបុរសវ័យ ៥០ ឆ្នាំ បាននិយាយប្រាប់ BBC Radio 5 Live បែបនេះ៖ “ខ្ញុំគិតថា Liverpool នឹងយកឈ្នះ Wolves ព្រោះក្រុមចចក មិនសូវធ្វើបានល្អទេ នៅពេលចុងក្រោយ រួចនឹងមានសំឡេងរន្ទឺខ្លាំងឡើងនៅកីឡដ្ឋាន មុនពួកគេត្រូវបន្តទៅលេងពាន Champions League សប្តាហ៍បន្ទាប់ តែយ៉ាងណាខ្ញុំមើលអត់ឃើញ ថា Liverpool អាចយកឈ្នះ Man City បានទេ នៅពាន Premier League”។
ការលើកឡើងនេះ លោក McManaman ចង់មានន័យថា ទាំង City និង Liverpool ប្រាកដជាអាចយកឈ្នះដូចគ្នា នៅប្រកួតជុំទី ៣៨ តែសោកស្ដាយដោយការចាញ់ ១ ពិន្ទុ អ៊ីចឹងប្រាកដជាកំណត់ឲ្យក្រុមរបស់លោក Pep Guardiola ក្លាយជាម្ចាស់ពានមិនខាន។ លទ្ធផលសម្រេច យើងនឹងបានដឹងនៅវេលាម៉ោង ១០:០០ នាទីយប់ ថ្ងៃអាទិត្យស្អែកនេះ មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕
ប្រភព៖ Sportskeeda