តាំង​ពី​ថ្ងៃ​ដឹកនាំ​ដំបូង Rangnick ថា​ Man Utd នៅ​តែ​ចន្លោះ​រឿង​មួយ​នេះ

អ្នកចាត់ការ​បណ្ដោះអាសន្ន​លោក Ralf Rangnick នឹង​កំណត់​ដឹកនាំ​ប្រកួត​ចុង​ក្រោយ ទល់ Crystal Palace នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​ពេលវេលា​បន្ត​ទៅ​មុខ នឹង​ជំនួស​ដោយ​គ្រូ​ពេញ​សិទ្ធ លោក Erik ten Hag។ ឆ្លងកាត់​ពេលវេលា​ដឹកនាំ​តាំង​ពី​ខែ​វិច្ឆិកា បុរស​សញ្ជាតិ​អាល្លឺម៉ង់ ថា United នៅ​តែ​មិន​ទាន់​សហការ​គ្នា​បាន​ល្អ ឬ​ការ​លេង​ដោយ​សាមគ្គីភាព។

United មិន​ទាន់​ប្រាកដ​ទេ ថា​នឹង​បាន​លេង​ Europa League ឬ​ក៏​ Europa Conference League តែ​កៅអី​នៅ UCL គឺ​សម្រេច​ច្បាស់​ហើយ​ថា​មិន​មាន​ឱកាស។ លើក​ចុង​ក្រោយ​ពួក​គេ​តតាំង​នៅ​ពាន​អឺរ៉ុប គឺ​ធ្លាក់​ក្រោម​ថ្វី​ជើង Atletico Madrid នា​វគ្គ ១៦ ក្រុម​រដូវ​កាល​នេះ ២-១។

លោក Rangnick បញ្ជាក់៖ “ចាប់​តាំង​ពី​បរាជ័យ​ទល់ Atletico យើង​អត់​ទាន់​រក​ឃើញ​ដំណោះស្រាយ​នោះ​ទេ ដោយ​មុន​ពេល​ហ្នឹង​ក្រុម​យើង​ហាក់​មាន​ភាព​នឹងន មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ជាង​នេះ តែ​ក្រោយ​មក​គឺ​ធ្លាក់​ចុះ ទាំង​ជំនឿ​ទុក​ចិត្ត​និង​ថាមពល​ក្រុម”។

លោក​បន្ថែម៖ “វា​ទាមទារ​ឲ្យ​មាន​ទំនុកចិត្ត មាន​ស្មារតី​ក្រុម​ជា​រួម ហ្នឹង​ហើយ​ជា​ចំណុច​ខក​ចិត្ត​ធំ​បំផុត ព្រោះ​ក្រុម​របស់​យើង ​មិន​ទាន់​រក​ឃើញ​ស្មារតី​ក្រុម​ជា​រួម​នៅ​ឡើយ តែ​ត្រង់​ចំណុច​គុណភាព​កីឡាករ ខ្ញុំ​មាន​ការ​ជឿជាក់ ថា​យើង​ពិត​ជា​មាន​កីឡាករ​ស្ថិត​នៅ​កម្រិត​កំពូល​ច្រើន”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT