Totti ថា​នឹង​ណែនាំ Dybala ឲ្យ​ផ្លាស់​ទៅ​ក្លឹប​មួយ​នេះ តែ​មិនមែន​នៅ​អង់គ្លេស

Paulo Dybala បាន​ប្រកាស​រួចរាល់​ថា​នឹង​ចាកចេញ​ពី Juventus ចាប់​ពី​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ តែ​ទ្រនំ​ថ្មី​ជា​ក្លឹប​ណា​មួយ មិន​ទាន់​បង្ហើប​ប្រាប់​នៅ​ឡើយ។ យ៉ាង​ណា​ងាក​មក​អតីត​កីឡាករ​ជើង​ចាស់​លោក Francisco Totti បែរ​ជា​និយាយ​ថ្មីៗ​ថា ខ្លួន​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​អាហ្សង់ទីន ធ្វើ​ការ​ផ្លាស់​ទៅ​ក្លឹប AS Roma។

លោក Totti បាន​និយាយ​ប្រាប់ Sky Italia បែប​នេះ៖ “យើង​នឹង​មើល​ទាំង​អស់​គ្នា ថា​តើ​អាច​នាំ​គេ​មក​ទីក្រុង​រ៉ូម​បាន​ឬ​អត់ ដោយ​ខ្ញុំ​នឹង​ជួប​គេ​នៅ​ថ្ងៃ​ចន្ទ ហើយ​សង្ឃឹម​ថា​អាច​បញ្ចុះបញ្ចូល​គេ​បាន​ចុះ រួច​ក៏​សង្ឃឹម​ដូច​គ្នា ថា​ក្លឹប Roma ចង់​បាន​គេ​ដូច​ជា​ខ្ញុំ​ដែរ”។

បញ្ជាក់​ថា កន្លង​មក​ក៏​មាន​ក្លឹប​នៅ​ឯ Premier League ដូច​ជា Arsenal បាន​ចាប់​ចិត្ត​ទៅ​លើ Dybala ដូច​គ្នា។ គេ​ជឿ​ថា កីឡាករ​ប្រាកដ​នឹង​សម្រេច​រក​ឃើញ​ទ្រនំ​ថ្មី​មុន​យុទ្ធនាការ​នៅ World Cup ចាប់ផ្តើម​ឡើង​នៅ​ឯ​ចុង​ឆ្នាំ។ តែ​បើ​ Dybala ស្មោះ​នឹង​ក្លឹប Juventus គឺ​មាន​ភាគរយ​ទាប​ណាស់ ដែល​គេ​នឹង​ជ្រើស​យក​ការ​ផ្លាស់​ទៅ​ក្លឹប​រួម​លីគ AS Roma៕

ប្រភព៖ Sky Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT