Aubameyang បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហ្គាប៉ុងហើយ ក្រោយពីរូបគេជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនបំផុត។

កីឡាករវ័យ៣២ឆ្នាំខាងលើបច្ចុប្បន្នលេងឱ្យក្លឹបអាជីព FC Barcelona ។ សម្រាប់អាជីពនៅជម្រើសជាតិវិញ រូបគេលេងឱ្យជម្រើសជាតិហ្គាប៉ុង ដោយបង្ហាញខ្លួនបាន៧២ប្រកួត និងរកគ្រាប់បាល់បានសរុប៣០គ្រាប់។ ចំនួននេះ បានធ្វើឱ្យរូបគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងក្រុមជម្រើសជាតិនេះ។ ការសម្រេចចិត្តចូលនិវត្តន៍នេះ គឺសហព័ន្ធបាល់ទាត់ហ្គាប៉ុងទទួលបានកាលពីថ្ងៃអង្គារកន្លងទៅនេះ ដោយសាមីខ្លួន Pierre-Emerick Aubameyang ផ្ញើមកផ្ទាល់តែម្ដង។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal បានប្រាប់ទៅអ្នកគាំទ្រថា៖ “បន្ទាប់ពីចំណាយពេល១៣ឆ្នាំក្នុងការលេងតំណាងឱ្យប្រទេសរបស់ខ្ញុំ នៅពេលនេះខ្ញុំបានប្រកាសថាខ្ញុំបានបញ្ចប់អាជីពបាល់ទាត់ឱ្យជម្រើសជាតិហើយ។ ខ្ញុំក៏សូមអរគុណដល់អ្នកគាំទ្រហ្គាប៉ុងទាំងអស់ដែលតែងតែគាំទ្រខ្ញុំរហូតមក ទាំងពេលវេលាល្អ និងលំបាក”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT