ធ្វើ​ម៉េច​ទេ​បើ​អត់​លុយ! Barcelona សុំ​ញាត់​ឈ្មោះ​កីឡាករ​ម្នាក់ ជា​ថ្នូរ​ប្តូរ​យក Lewandowski

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បើ​ទោះ​បី​នៅ​ពេល​ចុង​ក្រោយ​ស្ថិត​ក្នុង​ភាព​ខ្វះខាត តែ​ងាក​ទៅ​មើល​ចចាមអារ៉ាម​ជុំវិញ​ការ​នាំ​ចូល​កីឡាករ គឺ​រមែង​មាន​ការ​ផ្សារភ្ជាប់​ឈ្មោះ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​មួយ​នេះ​ជានិច្ច។ ដូច​ករណី​ Robert Lewandowski គឺ​មាន​ភាគរយ​ច្រើន ដែល​អ្នក​មាន​បុណ្យ នឹង​អាច​យក​បាន ជួន​ពេល​ដែល​កីឡាករ​ក៏​ទើប​តែ​ប្រកាស​អំពី​គម្រោង​ចង់​ចែក​ផ្លូវ​ពី Bayern Munich។

កន្លង​ទៅ ​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ បាន​បញ្ជាក់​ច្បាស់​ថា ខ្លួន​នឹង​មិន​ទម្លាក់​ចុងប៊ិច​បន្ត​កុងត្រា​ថ្មី​ត​ទៅ​ទៀត​ទេ ហើយ​គិត​ចង់​ចាកចេញ ផ្លាស់​ទៅ​ក្លឹប​ថ្មី នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ ដ្បិត​បើ​សុពលភាព​កុងត្រា​សេសសល់​រយៈ​ពេល ១២ ខែ​ទៀត។ ជាមួយ​គ្នា​នេះ ខាង​ភាគី​ក្លឹប​អាណាព្យាបាល​ក៏​មិន​ព្យាយាម​ឃាត់ឃាំង​ខ្ញី​ចាស់​វ័យ ៣៣ ឆ្នាំ​ខាង​លើ​ដែរ ពោល​ឲ្យ​តែ​រក​បាន​អ្នក​មក​ជំនួស​ដោយ​សក្តិសម។

ងាក​ទៅ​ក្លឹប Barcelona ដែល​ចង់​បាន Lewandowski ក៏​បាន​រិះរក​អស់​គ្រប់​វិធី ហើយ​មធ្យោបាយ​ចុង​ក្រោយ​បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Bayern Munich ដោយ​សុំ​ដោះដូរ​កីឡាករ​ជា​ថ្នូរ ព្រោះ​អី​និយាយ​ពី​លទ្ធភាព​ក្នុង​ការ​ចំណាយ​របស់​ក្លឹប​ គឺ​អាច​នៅ​មាន​កម្រិត។

តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez បើ​ឲ្យ​ចាយ​លុយ គឺ​មាន​តែ ៣៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ ក្នុង​ការ​ចូល​ទៅ​ចែចូវ​យក Lewandowski មក​ទឹកដី Camp Nou។ ទំហំ​នេះ វា​ប្រាកដ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​អី​ហាងឆេង​ថ្លៃ​ខ្លួន ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​រូប​នេះ ថ្លៃ​ល្បាក់ ៥០ ទៅ ៦០ លាន​អឺរ៉ូ។

ជំនួស​មក​វិញ សំណើ​ចុង​ក្រោយ Barca ក៏​សុំ​ញាត់​ឈ្មោះ Memphis Depay ដើម្បី​ដោះដូរ​ស្មើ ប្តូរ​យក Lewandowski មក​កាន់​ក្លឹប​របស់​ខ្លួន។ ស្ថិត​នៅ​វ័យ ២៨ ឆ្នាំ កីឡាករ​ហូឡង់ ក៏​សេសសល់​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​ដូច​ជា​កីឡាករ​ប៉ូឡូញ​ដែរ គ្រាន់​ថា គុណផល​នៃ​ការ​បញ្ចប់​ទី គឺ​ខុស​គ្នា​ដាច់​ឆ្ងាយ។ ជាក់ស្តែង Depay រក​បាន​តែ ១៣ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ ធៀប​នឹង Lewandowski រក​បាន​ដល់​ ៥០ គ្រាប់ និង Assist ៧ លើក នៅ​រដូវ​កាល ២០២១/២២។

ជុំវិញ​រឿងរ៉ាវ​ដោះដូរ​កីឡាករ​នេះ​ដែរ ងាក​ទៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ក៏​កើត​មាន​ចចាមអារ៉ាម​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជុំវិញ​ក្លឹប Juventus ដែល​បន្ថែម​ភាគរយ​លើ​ការ​នាំ​យក Paul Pogba ចេញ​ពី Man Utd។ តាម​រយៈ​សំណើ​ចុង​ក្រោយ បើ​តាម​សារព័ត៌មាន Goal ខាង​ក្លឹប​សេះ​បង្កង់ បាន​សន្យា​នឹង​ផ្តល់​កុងត្រា ៣ ឆ្នាំ​ដល់​កីឡាករ​បារាំង ជាមួយ​នឹង​ប្រាក់​ពលកម្ម ៦,៣ លាន​ផោន ឬ ៧,៥ លាន​អឺរ៉ូ/ឆ្នាំ​បូក​នឹង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។

ទំហំ​នេះ ក៏​មិន​ទាន់​ច្បាស់​ថា ខ្សែ​បម្រើ​ខាង​លើ នឹង​យល់​ព្រម​ឬ​អត់​ដែរ ដ្បិត​អី​សព្វថ្ងៃ​នៅ Man Utd គេ​អាច​រក​បាន​ដល់ ៩,៣ លាន​ផោន​ឯ​ណោះ គ្រាន់​ថា​ពេលវេលា​ឈរ​ជើង ក៏​បាន​ឈាន​មក​ដល់​ទី​បញ្ចប់​នៅ​ចុង​ខែ​មិថុនា។ យ៉ាង​ណា​ក្រៅ​តែ​ពី Juventus ក៏​ទំនង​មាន​ក្លឹប Barcelona, Real Madrid និង PSG ជា​ដើម ដែល​នឹង​ប្រជែង​លើ​ការ​ចរចា ព្រោះ​វា​ជា​ឱកាស​ល្អ ជួន​ពេល​ Pogba ឈរ​ឈ្មោះ​ក្លាយ​ជា Free Agent លើ​ទីផ្សារ​ដោះដូរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT