ប្រធាន​ក្រុម Henderson ថា​នឹង​តេ​ទៅ​បុគ្គល​ក្រៅ​ក្លឹប​រូប​នេះ​ឲ្យ​ជួយ ដើម្បី Liverpool បាន​លើក​ពាន PL

ការ​ប្រកួតប្រជែង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League កៀក​នឹង​បញ្ចប់​ជា​ផ្លូវការ​ហើយ ពោល​ជំនួប​សេសសល់​របស់​ក្រុម​ទាំង​អស់ នឹង​សម្រេច​ត្រូវ​យក​លទ្ធផល​នៅ​ចុង​សប្តាហ៍ ថ្ងៃ​ទី ២២ ​ឧសភា។ នេះ​ក៏​នឹង​មាន​ការ​ប្រកួត​មមាញឹក​ខ្លាំង ចាប់​ពី​ពាក់​កណ្ដាល​សប្ដាហ៍​ត​ទៅ សម្រាប់​ក្រុម​ដែល​ទើប​ឈាន​ដល់​ជុំ​ទី ៣៦ ដែល CTS Sports នឹង​កំដរ​អារម្មណ៍​បងប្អូន​អ្នក​ទស្សនា​ដល់​ជុំ​បញ្ចប់។

មាន​រឿង​ពីរ​ដែល​យើង​ចង់​ដឹង​ខ្លាំង ដោយ ១) ថា​តើ Premier League រដូវ​កាល​នេះ រវាង​ក្លឹប Man City ឬ​ក៏ Liverpool ដែល​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក? និង​ទី ២) តើ Spurs ឬ​ក៏ Arsenal ដែល​បាន​កៅអី​លេង UCL ហើយ​ចុះ​កៅអី​នៅ Europa League និង Conference League កំណត់​ធ្លាក់​ទៅ​ក្រុម​ណា​ខ្លះ?

ងាក​មក​អត្ថបទ​នេះ CTS Sports សូម​លើក​យក​រឿង​ប្រជែង​ពាន រវាង Liverpool និង Man City មក​និយាយ ព្រោះ​ក្រោយ​ហង្ស​ឈ្នះ Southampton យប់មិញ ក៏​ហាក់​មាន​អ្នក​គាំទ្រ​ផ្ទុះ​ការ​វែកញែក​ឥត​ឈប់៖

នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ ថ្ងៃ​អាទិត្យ​ទី ២២ ឧសភា ក្នុង​ម៉ោង​តែ​មួយ Liverpool នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​ក្លឹប​ចចក Wolves ជួន​ពេល​ដែល Man City ត្រូវ​ដើរ​តួ​ជា​ម្ចាស់ផ្ទះ ស្វាគមន៍​ក្លឹប​ភ្ញៀវ Aston Villa។ គម្លាត​ពិន្ទុ​របស់​ក្រុម​ទាំង​ពីរ គឺ​ហង្ស​ចាញ់​មេឃ​ខៀវ ១ ពិន្ទុ ដូច្នេះ​ប្រកួត​ចុង​ក្រោយ ​ក្រុម​ដែល​មាន​ប្រៀប ដឹកនាំ​ដោយ​លោក Pep Guardiola ប្រសិន​ជា​អាច​យក​ឈ្នះ Aston Villa នោះ ១០០ ភាគរយ ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​លទ្ធផល​របស់ Liverpool ទល់ Wolves គឺ​កំណត់​បាន City សម្រេច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក រដូវ​កាល​នេះ។

ផ្ទុយ​ទៅ​វិញ ប្រសិន​ណា​ជា City លេង​បាន​ត្រឹម​ស្មើ ទល់ Villa យក​ ១ ពិន្ទុ​នៅ​ជុំ​ទី ៣៨ នោះ​គឺ​ត្រូវ​អង្គុយ​បន់​ហើយ ដោយ​បន់ស្រន់​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ចាំ​បាច់​ត្រូវ​តែ​ស្មើ ឬ​ចាញ់ Wolves។ មួយ​ករណី​ទៀត បើ City លេង​ចាញ់ Villa ហើយ Liverpool ស្មើ នោះ​មាន​ន័យ​ថា ក្លឹប​ទាំង​ពីរ ទទួល​បាន ៩០ ពិន្ទុ​ស្មើ ដូច្នេះ​ក្រុម​ឈ្នះ​ជើង​ឯក គឺ​គេ​សម្រេច ដោយ​ធៀប​គ្រាប់​បាល់​ចំណេញ ដែល​គិត​ត្រឹម​ជុំ​ទី ៣៧ City មាន ៧២ គ្រាប់ រី​ឯ Liverpool មាន ៦៦ គ្រាប់។

ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ ក៏​មាន​បទសម្ភាសន៍​គួរ​ឲ្យ​អស់​សំណើច ដែល​ប្រធាន​ក្រុម Liverpool គឺ Jordan Henderson បាន​និយាយ​បែប​លេង​សើច ថា​ខ្លួន​នឹង​ទៅ​ពឹង​អ្នកចាត់ការ​លោក Steven Gerrard ឲ្យ​រិះរក​គ្រប់​វិធី ដើម្បី​ទប់​យក​លទ្ធផល​ល្អ​មួយ ពី Man City ដើម្បី​អាច​បន្ថែម​ក្តីសង្ឃឹម​រុញ​ Liverpool ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន។

Henderson ធ្លាប់​ជា​មិត្ត​រួម​ក្រុម ជាមួយ Gerrard កាល​នៅ​ជា​កីឡាករ ហើយ​បន្ទាប់​ពី​យក​ឈ្នះ Southampton យប់មិញ ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​និយាយ៖ “ខ្ញុំ​ប្រហែល​នឹង​តេ​ទៅ​រក Steven Gerrard នៅ​អាទិត្យ​នេះ ដោយ​សង្ឃឹម​ថា​គាត់​អាច​ជួយ​ពួក​យើង​បាន”។ គួរ​រំឭក​ថា លទ្ធផល​កាល​ពី​ជើង​ទី ១ ខាង Aston Villa បាន​ចាញ់ ១-២ ក្នុង​ដី​ខ្លួន​ឯង ទល់ City ស្រប​ពេល​ដែល Liverpool ក៏​បាន​យក​ឈ្នះ ១-០ ទៅ​លើ Wolves។ ចុះ​លទ្ធផល​ជើង​ទី ២ នេះ​វិញ តើ​អ្នក​រាល់​គ្នា​ទស្សន៍ទាយ​ថា​នឹង​បែប​ណា​ដែរ?

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT