កីឡាករ​អាស៊ី ២ រូប បង្កើត​ផ្លែផ្កា​ល្អ​ហួស​រដូវ​កាល​នេះ តែ​មិន​សូវ​មាន​គេ​មើល​ឃើញ

នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League គ្រប់​គ្នា​កំពុង​ផ្តោត​ខ្លាំង អំពី​ក្លឹប​ដែល​នឹង​ឈ្នះ​ជើង​ឯក ក្លឹប​អាច​ឈោង​បាន​កៅអី Top 4 និង Top 6 ជា​ដើម។ លទ្ធផល​បែប​ណា នឹង​សម្រេច​នៅការ​ប្រកួត​​ជុំ​ទី ៣៨ តែ​ងាក​មក​អត្ថបទ​នេះ CTS Sports សូម​បង្ហាញ​អំពី​សមិទ្ធផល​កីឡាករ​អាស៊ី ២ រូប ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍៖

១) Takumi Minamino

ដោយសារ​ជា​ចំណែក​លើស​របស់ Liverpool ដូច្នេះ​ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មើល​រំលង ដ្បិត​បើ​គេ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក៏​ដោយ នៅ​ពាន​រង្វាន់ EFL និង FA Cup កន្លង​មក។ ពាន ២ ដែល​ហង្ស ទើប​លើក​ថ្មីថ្មោង គួរ​អរគុណ​ជា​ពិសេស​ដល់​កីឡាករ​ជប៉ុន Minamino។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ អតីត​ខ្សែ​ការពារ​ជើង​ចាស់​លោក Jose Enrique។

នៅ​ជ័យជម្នះ​របស់​ហង្ស​ទៅ​លើ​តោ​ខៀវ នា​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ថ្ងៃ​មុន ម្នាក់ៗ​ចាប់​អារម្មណ៍​តែ​អ្នកចាំទី Alisson Becker និង​អ្នក​ស៊ុត​ចុង​ក្រោយ​បង្អស់ គឺ​ខ្សែ​ការពារ​ក្រិក Konstantinos Tsimikas តែ​មុន​នេះ ពួក​គេ​ភ្លេច​ហើយ ថា​បាន​ចំណែក​គ្រាប់​បាល់​ជា​ច្រើន​របស់ Minamino ទើប​រុញ​ឲ្យ​ហង្ស​អាច​ឡើង​ដល់​វគ្គ​ចុង​ក្រោយ។

កីឡាករ​ជប៉ុន រក​បាន ៤ គ្រាប់ នៅ ៥ ប្រកួត EFL Cup និង ៣ គ្រាប់ នៅ ៤ ប្រកួត FA Cup ជាប់​ឈ្មោះ​ជា Top Scorer ប្រចាំ​ក្លឹប នៅ​ព្រឹត្តិការណ៍​ទាំង​ពីរ តែ​បែរ​ជា​មិន​មាន​ឈ្មោះ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​វិញ។ លោក Enrique សរសេរ​រៀបរាប់​លើ Twitter បែប​នេះ៖ “យើង​ប្រាកដ​ជា​នឹង​មិន​អាច​ឈ្នះ​ពាន​ទាំង​ពីរ​បាន​ទេ បើ​គ្មាន​វត្តមាន Minamino នេះ​គេ​មិន​ទទួល​បាន​ពេលវេលា​លេង​គ្រប់គ្រាន់​ឡើយ តែ​រាល់​ពេល​មាន​ឱកាស គេ​តែង​ផ្តល់​ឲ្យ​អស់​ពី​ខ្លួន ដូច្នេះ​វា​គួរ​តែ​ក្លាយ​ជា​ការ​សាទរ​ដ៏​ធំធេង សម្រាប់​បុរស​ម្នាក់​នេះ ទើប​សក្តិសម”។

២) Son Heung-min

រវល់​តែ​និយាយ​អំពី Liverpool, Man City ហើយ​ម្នាក់ៗ​ក៏​ចាប់​អារម្មណ៍​តែ Mohamed Salah និង Sadio Mane រឿង​អាច​ប្រជែង​ពាន Ballon d’Or នា​ឆ្នាំ​នេះ ទើប​នាំ​ឲ្យ​ម្នាក់ៗ​រំលង​ពី​គុណផល​ដ៏​អស្ចារ្យ ដែល​កីឡាករ​អាស៊ី Son Heung-min បាន​សម្រេច​ឲ្យ Spurs។

បើ​ដក​គ្រាប់​បាល់​ប៉េណាល់ទី ម្ចាស់​អាវ​លេខ ៧ Son ទេ ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ Premier League រដូវ​កាល ២០២១/២២។ ដល់​តែ​រាប់​ជា​រួម កីឡាករ​កូរ៉េ​ខាង​ត្បូង​បែរ​ឈរ​លេខ ២ មាន ២១ គ្រាប់ ចាញ់ ១ គ្រាប់​ធៀប​នឹង​កីឡាករ​អេហ្សីប។

គ្រប់​គ្នា​គួរ​តែ​មាន​ការ​សាទរ​ខ្លាំង ដល់​កីឡាករ​អាស៊ី Son ព្រោះ​អី​នេះ​ជា​រដូវ​កាល​ដំបូង ដែល​គេ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ Spurs ហើយ​ថា​មិន​ត្រូវ ក៏​នឹង​អាច​ជួយ​ក្លឹប​ឈោង​បាន​ Top 4 លេង UCL រដូវ​កាល​ក្រោយ​ក៏​ថា​បាន។ ប្រកួត​ជុំ​ទី ៣៨ សម្រាប់ Spurs ត្រូវ​ការ ១ ពិន្ទុ​គត់​ពី Norwich City ហើយ​ចំនួន​គ្រាប់​បាល់ Son នឹង​សម្រេច​យក​ឈ្នះ​ចាញ់​រវាង Salah ជួន​ពេល​ដែល Liverpool ត្រូវ​លេង​ប៉ះ Southampton និង Wolves នា​ប្រកួត​សេសសល់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT