Arsenal អាចនឹងមិនបានលេងពាន UCL ទេ រដូវកាលក្រោយ

ក្រុមកាំភ្លើងធំ Arsenal អាចប្រឈមនឹងការមិនបានលេងពានរង្វាន់ UEFA Champions League នោះទេ ក្រោយពីរូបគេលេងចាញ់ក្រុម Newcastle United ក្នុងលទ្ធផល ២-០ នៅយប់មិញនេះ។

ការប្រកួតសប្ដាហ៍ទី៣៧នេះដែរ ក្រុម Arsenal ត្រូវការឈ្នះខ្លាំងណាស់ដើម្បីអាចប្រជែងជាមួយក្រុម Spurs យកចំណាត់ថ្នាក់លេខ៤។ តែគួរឱ្យសោកស្ដាយ ពួកគេធ្វើមិនបានល្អនោះទេ ដោយចាញ់ក្រុម Newcastle United ដល់ទៅ ២-០ ឯណោះ។ ដោយ២គ្រាប់នោះរកបានដោយ White ធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៥៥ និង Guimaraes នៅនាទី៨៥។ នេះជាការបាត់៣ពិន្ទុ ក្នុង២ប្រកួតជាប់គ្នាហើយសម្រាប់ក្រុមកាំភ្លើងធំ Arsenal ។

ដោយឡែកលទ្ធផលនេះដែរ ក៏បានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ស្ទើរតែរបូតឱកាសប្រជែង Top4 ផងដែរ។ នៅសល់១ប្រកួតទៀតចប់រដូវកាល ក្រុម Arsenal នៅលេខ៥ ក្នុងតារាងមាន៦៦ពិន្ទុ ស្របពេលក្រុម Spurs វិញនៅលេខ៤ មាន៦៨ពិន្ទុ។ ពួកគេនៅសល់១ប្រកួតក្នុងដៃទៀតដូចគ្នា ដោយក្រុម Spurs ប៉ះ Norwich City និងក្រុម Arsenal វិញប៉ះក្រុម Everton ៕ ប្រភព ៖ dailymail

​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT