ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ថៃ បានអះអាងថា ពួកគេនឹងមិនអញ្ជើញ ឬប្រកួតមិត្តភាពទល់នឹងក្រុមដែលមានចំណាត់ថ្នាក់ FIFA Ranking ទាបជាងខ្លួន គេសង្គេតឃើញថាពួកគេគឺមិនងាយនឹងយកឈ្នះគូប្រកួតរបស់ពួកគេបានឡើយ ក្នុងឆ្នាំ ២០១៨នេះ ។
ជាក់ស្តែងរាប់តាំងពីដើមឆ្នាំមក ពោលគឺពានរង្វាន់ Thai King’s Cup ដែលពួកគេអញ្ជើញសុទ្ធតែក្រុមខ្លាំងដូចជា ជម្រើសជាតិហ្គាបុង (លេខ ៨៧) ជម្រើសជាតិស្លូវ៉ាគី (លេខ២៦) គឺថៃមិនអាចការពារពានរង្វាន់របស់ខ្លួនបានឡើយ និងក្រោយមកប្រកួតមិត្តភាពចាញ់ជម្រើសជាតិចិន (លេខ៧៦) ០ ទល់នឹង ២ ថែមទៀត។
តែកាលពីយប់មិញនេះ ពួកគេបានយកឈ្នះក្រុមជម្រើសជាតិហុងកុង ជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងខ្លួនដល់ទៅ ២១លេខ ដោយលទ្ធផល ១ ទល់នឹង ០ នៅកីឡដ្ឋាន Mong Kok របស់ហុងកុង ។
ជ័យជម្នះនេះបានបង្ហាញឱ្យឃើញថា វាគឺជាជ័យជម្នះលើកដំបូងរបស់ថៃ ក្នុងឆ្នាំ ២០១៨នេះ ខណៈដែលក្រុមដែលខ្លួនយកឈ្នះនោះមានចំណាត់ថ្នាក់ទាបជាងខ្លួនប៉ុណ្ណោះ តែគូប្រកួតពិតប្រាកដរបស់ថៃ ជាបន្តទៀតនោះគឺ ជម្រើសជាតិ ទ្រីនីដាដនិងតូបាហ្គោ (លេខ៩០) នៅថ្ងៃទី ១៤ ខែ តុលា ខាងមុខនេះ ៕